ជាតិ
សង្គមជាតិ
រំលោភ​ប៉ុន្មាន​ដង​? រំលោភ​យ៉ាងម៉េច​ខ្លះ​? អ្នកកាសែត​ត្រូវ​ពិចារណា​មុន​ចុះផ្សាយ​
12, Aug 2017 , 2:38 pm        
រូបភាព
លោក អ៊ុក គឹមសេង ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅភោជនីយដ្ឋានអ័រគីដេ
លោក អ៊ុក គឹមសេង ផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅភោជនីយដ្ឋានអ័រគីដេ
​លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ប្រតិកម្ម​ចំពោះ​សារព័ត៌មាន​នានា​ដែល ចុះផ្សាយ​ចម្លើយសារភាព​ទាំងស្រុង​របស់​ជនល្មើស​ក្នុង​សំណុំរឿង​រំលោភ​ផ្លូវភេទ​។ ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ កាលពី​ព្រឹក​ថ្ងៃ​សុក្រ លោក អ៊ុក គឹម​សេង បាន​លើកឡើងថា ស្ថាប័ន​របស់លោក នឹង​ពិភាក្សា​ជាមួយ​សមត្ថកិច្ច​ជំនាញ ស្តីពី​ដែន​កំណត់​របស់​អ្នកសារព័ត៌មាន ជុំវិញ​ការផ្សព្វផ្សាយ​ករណី​ហិង្សា ឬ​រំលោភ​ផ្លូវភេទ​។​



​ការផ្សាយ​ចម្លើយ​ទាំងស្រុង​របស់​ជនសង្ស័យ និង​ជនរងគ្រោះ ទាក់ទង​នឹង​សំណុំរឿង​រំលោភ​ផ្លូវភេទ ប្រៀបដូចជា​អាវុធ និង​ថ្នាំ​ពិស​ដែល​ធ្វើ​ឲ្យ​អ្នកដទៃ​ឈឺចាប់​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន នា​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​សារព័ត៌មាន​នានា ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ «​ប្រកាស​រួម​ស្តីពី​ក្រម​ប្រតិបត្តិ​សម្រាប់​រាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី​» ដែល​រៀបចំ​ដោយ​ក្លិប​អ្នកកាសែត​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១១ ខែសីហា​។​

​លោក អ៊ុក គឹម​សេង ដែលជា​ប្រធាន​ក្រុមការងារ​រៀបចំ​ក្រម​ប្រតិបត្តិ​សម្រាប់​រាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី ផងដែរ​នោះ បានលើកឡើង​ពី​ករណី​រំលោភ​សម្លាប់​ដ៏​រន្ធត់​មួយ​នៅ​ស្វាយរៀង ដោយ​សារព័ត៌​មានបាន​ផ្សាយ​ទាំងស្រុង​នូវ​ចម្លើយសារភាព​រប​ស់ជន​សង្ស័យ​។ លោក​ថា ក្រសួង​ព័ត៌មាន​ចង់​រៀបចំ​ឲ្យ​មាន​ជំនួប​ជាមួយ​សមត្ថកិច្ច​ផងដែរ ដើម្បី​ពិភាក្សា​ទាក់ទង​នឹង​គោលការណ៍​ក្នុងការ​ផ្តល់ព័ត៌មាន​។​



​អនុ​រដ្ឋលេខា​ក្រសួង​ព័ត៌មាន បានស្នើ​រថា អ្នកសារព័ត៌មាន មិនត្រូវ​ផ្សាយ​ចម្លើយ​ទាំងស្រុង​របស់​ជនសង្ស័យ​ដែល​សារភាព​នៅ​ចំពោះ​សមត្ថកិច្ច ជា​សាធារណៈ​នោះឡើយ ពីព្រោះ​ចម្លើយ​ខ្លះ​ជា​តម្រុយ​នៃ​ការស្រាវជ្រាវ​បន្ត ហើយ​ការរៀបរាប់​ពី​សកម្មភាព​មួយចំនួន នាំ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​បងប្អូន ក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះ​។​

​រំលោភ​យ៉ាងដូចម្តេច​? ប៉ុន្មាន​ដង​? តើ​នេះ​ពិតជា​ចាំបាច់​ត្រូវ​សាកសួរ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដែរឬទេ​? លោក អ៊ុក គឹម​សេង បាន​ចោទ​ជា​សំណួរ​យ៉ាង​ដូច្នេះ​។ លោក​បាន​កត់សម្គាល់ថា ការរៀបរាប់រ​បស់ជនស​ង្ស័​យ​ជុំវិញ​សកម្មភាព​ខ្លួន​ទៅលើ​ជនរងគ្រោះ បង្កើត​ឲ្យ​មានការ​រន្ធត់ និង​សៅហ្មង​ក្នុង​ចិត្ត ជាពិសេស​ស្ត្រី​ទូទៅ​។​

​សូមបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​២០ ខែកក្កដា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី បាន​ចុះហត្ថលេខា​រួមគ្នា​លើ​សេចក្តីប្រកាស​រួម​ស្តីពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​ការរាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី​។ ក្រម​ប្រតិបត្តិ​ដែលមាន​១៥​ប្រការនេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​ទប់ស្កាត់​ការយ​ករណី​ហិង្សា​លើ​ស្ត្រី ធ្វើជា​ព័ត៌មាន​កម្សាន្ត​សប្បាយ និង​ចង់​ឲ្យ​អ្នកសារព័ត៌មាន​គោរព​ឲ្យ​បាន​ត្រឹមត្រូវ​លើ​វិជ្ជាជីវៈ​របស់ខ្លួន​ដោយ​គោរព​អត្តសញ្ញាណ​ស្ត្រី​ដែលជា​ជនរងគ្រោះ​៕


Tag:
 សារព័ត៌មាន​
  រំលោភ​
  ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com