កីឡាជាតិ
ជាតិ
លោក ស៊ុន ចាន់ថុល បន្ត​ជាប់​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​
13, Aug 2017 , 3:04 pm        
រូបភាព
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងឱកាសចូលរួមមហាសន្និបាតរបស់សហព័ន្ធខ្មែរកីឡាហែលទឹក។ រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងឱកាសចូលរួមមហាសន្និបាតរបស់សហព័ន្ធខ្មែរកីឡាហែលទឹក។ រូបភាពពីហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ:
​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​បន្ត​ជាប់​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​អាណត្តិ​ទី​៦(២០១៧-២០២១) ក្រោយ​ទទួលបាន​សម្លេងគាំទ្រ​ច្រើនជាងគេ​ពី​ការបោះឆ្នោត​របស់​តំណាង​ក្លិប​-​សមាគម ដែលជា​សមាជិក​របស់​សហព័ន្ធ​។ ក្រោយ​ទទួលបាន​តំណែង​ជា​ប្រធាន​ក្នុង​អាណត្តិ​ថ្មី លោក ស៊ុន ចាន់ថុល ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​កីឡា​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​



​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​អាណត្តិ​ទី​៥ បាន​បន្ត​ជាប់ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​ក្នុង​អាណត្តិ​ទី ៦ ក្រោយ​បាន​សម្លេងគាំទ្រ ១០០ ភាគរយ​ក្នុងចំណោម​តំណាង​ក្លិប​សមាគម​ដែលជា​សមាជិក​ចំនួន​៥០ នាក់​។ ជាមួយ​ការប្តេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​កីឡាហែលទឹក​ឲ្យ​កាន់​តែមាន​ភាព​រីក​ច្រើន លោក ស៊ុន ចាន់ថុល ដែលជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ជំរុញ​ឲ្យ​សហព័ន្ធ​រៀបចំ​របាយការណ៍​ចំណាយ​ចំណូល​ឲ្យ​បានច្បាស់លាស់​សម្រាប់​អាណត្តិ​ថ្មី​នេះ​។​

​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡាហែលទឹក​ឲ្យ​កាន់តែ​រីកចម្រើន​ស្របតាម​ផែនការមេ​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ លោក​ប្រធាន​រូបនេះ បាន​ជំរុញ​ឲ្យ​កីឡាករ​កីឡាការិនី​បង្កើន​ការហ្វឹកហាត់​ឲ្យ​បានល្អ​។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី ក៏​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា សហព័ន្ធ​លោក នឹង​ខំ​ស្វែង​ដៃគូ​ឧបត្ថម្ភ​ដើម្បី​រៀបចំ​ការប្រកួត​ឲ្យ​បាន​ច្រើន ដើម្បី​ចម្រាញ់​យក​កីឡាករ​កីឡាការិនី ដែលមាន​សមត្ថភាព​ឲ្យ​ចូលក្នុង​ក្រុម​ជម្រើសជាតិ និង​បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ព្រមទាំង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស ជាដើម​។​

​សមាជិក​ប្រតិបត្តិ​ក្នុង​អាណត្តិ​ទី​៦​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​មាន​ចំនួន​១១​រូប​រួមមាន លោក ស៊ុន ចាន់ថុល ប្រធាន​, លោក សំ បុ​ណ្ណារិន​, លោក គូ គឹម​ហៀក​, លោក ជា ប៊ុនហេង និង​លោក ហែម ចាន់​លី អនុប្រធាន​, លោក ហែម គី​រី អគ្គលេខាធិការ​, លោក នាង សូ​រិ​ទ្ធិ​យ៉ា អគ្គលេខាធិការរង​, អ្នកស្រី កើត ស៊ីវ​ណ្ណ អគ្គ​ហិ​រញ្ញឹក​, លោក ហែម លំផាត់​, លោក យ៉ែម បៃ និង​លោក ពិន ច័ន្ទ​លាភ ជា​សមាជិក​៕

Tag:
 ហែល​ទឹក​
  ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com