រថយន្ត
រថយន្ត «Made in China» មិនសូវ​ពេញនិយម​នៅលើ​ទីផ្សា​អន្តរជាតិ​
14, Aug 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​ការនាំចេញ​រថយន្ត​ដែល​ផលិត​នៅក្នុង​ប្រទេស​ចិន «Made in China» បាន​កើនឡើង​២៦​ភាគរយ ពោលគឺ ៣៩៦ ០០០​គ្រឿង នា​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៧​នេះ​។ ទោះបីជា​យ៉ាងណាក៏ដោយ ឧស្សាហកម្ម​យានយន្ត​ចិន នៅតែមាន​ការនាំចេញ​ក​ម្រិ​ត​ទាប​នៅឡើយ ពោលគឺ​ប្រមាណ​តែ​៣​ភាគរយ​ប៉ុណ្ណោះ​។​



​យោងតាម​របាយការណ៍​ដែល​ដកស្រង់​សារព័ត៌​មានបារាំង Challenges ការនាំចេញ​រថយន្ត​ពី​ប្រទេស​មានការ​កើនឡើង​២៦​ភាគរយ ពោលគឺ​ឡើងដល់​៣៩៦ ០០០​គ្រឿង នា​រយៈពេល​៦​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៧ នេះ​។ រថយន្ត​ម៉ាក Chery បាន​នាំ​ចេញទៅ​ទីផ្សារ​បរទេស​ចំនួន​៥៤ ០០០​គ្រឿង នៅ​ឆមាស​ដំបូង ដោយ​កើន ៦២​ភាគរយ ខណៈ​ក្រុមហ៊ុន​បរទេស​ដូចជា Volvo និង General Motors ដែលមាន​ថៅកែ​ជា​ជន​ជាតិចិន ក៏មាន​វត្តមាន​នៅលើ​ទីផ្សារ​អាមេរិក​ផងដែរ​។​

​ឧ​ស្សហកម្ម​យានយន្ត​របស់​មហា​យក្ស​ចិន​ទាំងមូល បាន​នាំចេញ​តែ​ក្នុង​រង្វង់ ៣​ភាគរយ​ប៉ុណ្ណោះ​ក្នុងចំណោម​យានយន្ត ១៣.៥​លាន​គ្រឿង ដែល​ត្រូវបាន​ផលិត នៅ​ឆមាស​ដំបូង​។ តួលេខ​ផ្សេងៗ​ទៀត បង្ហាញថា ម៉ាក​រថយន្ត​នៅក្នុង​ប្រទេស​ចិន មិនអាច​ប្រៀបធៀប​ជាមួយ​គូប្រជែង​ជិតខាង​ដូចជា ជប៉ុន និង​កូរ៉េខាងត្បូង បាន​នោះឡើយ​។​

​នៅលើ​ទីផ្សារ​ពិភពលោក យានយន្ត​ចិន ត្រូវបាន​នាំចេញ​ភាគច្រើន​ទៅកាន់​តំបន់​ម​ជ្ឈឹ​ម​បូ​ពារ ជាពិសេស​អ៊ីរ៉ង់ ក៏ដូចជា​ទៅកាន់​អាហ្វ្រិក និង​ទីផ្សារ​មួយចំនួន​នៅ​អាមេរិក​ខាងត្បូង​ផងដែរ​។ នៅ​អឺរ៉ុប រថយន្ត​ចិន ក៏បាន​នាំទៅ​កាន់​រុស្ស៊ី​ផងដែរ ដោយ​៦​ដើមឆ្នាំ​នេះ រថយន្ត​ចិន ១៨៦០០​គ្រឿង ត្រូវបាន​នាំចេញ​ទៅកាន់​រុស្ស៊ី​។​

​ក្រុមហ៊ុន​ចិន​ក៏​បង្ហាញ​ពី​គម្រោង​របស់ខ្លួន​ទៅកាន់​ទីផ្សារ​អាមេរិក​ខាងជើង និង​អឺរ៉ុប​ផងដែរ ប៉ុន្តែ​ពួកគេ​ត្រូវ​ឆ្លើយតប​ឲ្យ​បាន​លើ​គុណភាព​។ រថយន្ត​ចិន ដូចជា Geely, Chery ឬ Lifan ជាដើម ត្រូវបាន​វាយតម្លៃថា មានការ​ខ្វះខាត​ច្រើន​ផ្នែក​បច្ចេកវិទ្យា រួមទាំង​ភាពខ្វះ​ចន្លោះ​ផ្នែក​បរិស្ថាន​។​

​ទោះបីជា​យ៉ាងណាក៏ដោយ សហគ្រាស​យានយន្ត​ចិន ដូចជា Qoros ជាដើម បានបង្ហាញ​មហិច្ឆតា​របស់ខ្លួន​ក្នុងការ​បង្កើត​សង្វាក់​ផលិតកម្ម តាមរយៈ​ការពង្រឹង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អន្តរជាតិ ជាពិសេស​អាល្លឺម៉ង់​។ ក្រុមហ៊ុន​ដទៃទៀត បានដាក់​គោលដៅ​របស់ខ្លួន​ក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អន្តរជាតិ​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com