ជាតិ
កម្ពុជា ស្នើ​ជប៉ុន សរសេរ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​សមរម្យ មុន​បញ្ជូនទៅ UN
15, Aug 2017 , 5:11 pm        
រូបភាព
​ភ្នំពេញ​៖ ភាគី​កម្ពុជា ព្យាយាម​ពន្យល់​ពី​ទិដ្ឋភាព​ជាក់ស្តែង​និង​ចំណុច​វិជ្ជមាន​ជាច្រើន ជុំវិញ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដល់​ភាគី​ជប៉ុន ដែល​ទទួលបន្ទុក​ក្នុងការ​សរសេរ​របាយ​ការណ៍​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​អង្គការសហប្រជាជាតិ​។ បន្ទាប់ពី​ពន្យល់​រួចហើយ ភាគី​កម្ពុជា សង្ឃឹមថា ភាគី​ជប៉ុន នឹង​មើលឃើញ​ការពិត​ពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​សរសេរ​របាយការណ៍ ដែល​អាច​ទទួលយកបាន មុន​បញ្ជូន​ទៅកាន់​អង្គការសហប្រជាជាតិ​។



​នៅក្នុង​អំឡុង​ខែកញ្ញា ឆ្នាំ​២0១៧ ខាងមុខនេះ របាយការណ៍​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹងត្រូវ​ភាគី​ជប៉ុន បញ្ជូន​ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិ​មនុ​ស្ស​នៃ​អង្គការសហប្រជាជាតិ​។ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន យ៉ាង​ដូច្នេះ  ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​លោក Masato Otaka តំណាង​ក្រសួងការបរទេស​ជប៉ុន ដែលមាន​រយៈពេល​ជាង​៣​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២0១៧​នេះ​។



​លោក កែវ រ៉េមី លើកឡើងថា ជប៉ុន គឺជា​ភាគី​ដែល​ត្រូវ​សរសេរ​និង​រៀបចំ​របាយការណ៍​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ដូច្នេះ​មុននឹង​សម្រេច​បញ្ជូន​របាយការណ៍ ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ តំណាង​ក្រសួងការបរទេស​ជប៉ុន ក៏​សុំ​ជួប​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដើម្បី​ពិភាក្សា​និង​សុំ​ឲ្យ​ផ្តល់យោបល់​ពី​បញ្ហា​នេះ​។ 

​លោក កែវ រ៉េមី សង្កត់​ថា ក្នុង​កិច្ចពិភាក្សា លោក បាន​ព្យាយាម​ពន្យល់​ពី​ចំណុច​វិជ្ជមាន​ជាច្រើន​ពាក់ព័ន្ធ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដល់​តំណាង​ក្រសួងការបរទេស​ជប៉ុន​។ ហើយ លោក សង្ឃឹមថា ខ្លឹមសារ​ក្នុង​របាយការណ៍​ជុំវិញ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ភាគី​ជប៉ុន សរសេរ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ នឹង​ស្របតាម​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា​។



​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​រូបនេះ និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ការជជែក​នេះ គឺ​តានតឹង​។ ខ្ញុំ​ចង់​និយាយថា មានការ​ប្រើពេល​វេលា [​យូរ​បន្តិច​] ដើម្បី​ពន្យល់​គ្នា​ទៅវិញទៅមក ដើម្បី​ឲ្យ​បាន​ជ្រាប ដើម្បី​ឲ្យ​មានការ​វាយតម្លៃ ពី​ភាគី​ជប៉ុន ក្នុងការ​សរសេរ​របា​យ​ការណ៍​ពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា ស្ថិតក្នុង​កម្រិត​មួយ ដែល​យើង​យល់ថា មាន​តុល្យភាព និង​អាច​ទទួលយកបាន​»​។         

​លោក កែវ រ៉េមី បន្ថែមថា ប្រធានបទ​សំខាន់ៗ​មួយចំនួន ដែល​តំណាង​ក្រសួងការបរទេស​ជប៉ុន លើក​ទៅ​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា មានដូចជា ការបង្កើត​ច្បាប់​ស្តីពី​សមាគម​និង​អង្គការក្រៅរដ្ឋាភិបាល ការកែប្រែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ កំណែទម្រង់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដំណើរការ​នៃ​សាលាក្តី​ខ្មែរក្រហម អំពើហិង្សា​ក្នុង​គ្រួសារ សិទ្ធិ​ស្ត្រី និង​បញ្ហាដីធ្លី ជាដើម​។



​ក្នុងជំនួប​នោះ លោក កែវ រ៉េមី ក៏បាន​ស្នើសុំ​ជំនួយ​ផ្នែក​បច្ចេកទេស​និង​ថវិកា ពី​ភាគី​ជប៉ុន​ផងដែរ ដើម្បី​ពង្រឹង​និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។ បើតាម​លោក កែវ រ៉េមី ភាគី​ជប៉ុន បាន​ឆ្លើយតប​ចំពោះ​សំណើ​នេះ​ថា ខ្លួន​នឹង​បន្ត​ជួយ​កម្ពុជា តាម​លទ្ធភាព ដែល​អាច​ធ្វើបាន​៕


Tag:
 កម្ពុជា​
  ជប៉ុន​
  សិទ្ធិមនុស្ស​
  UN
  កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com