ជាតិ
មាន​សំណៅ​ឯកសារ​ឬ​គ្រឿង​អេ​ឡិច​ត្រ​និក ក្នុង​បន្ទប់​ប្រឡង បេក្ខជន​នឹង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​
15, Aug 2017 , 9:39 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន
លោក ហង់ ជួន ណារ៉ុន
ដោយ:
​ប្រសិនបើ​បេក្ខជន​ណា​លាក់​សំណៅ​ឯកសារ ឬ​គ្រឿង​អេឡិចត្រូនិក ដូចជា​ទូរ​សព្ទ​ដៃ និង​ប្រដាប់​គិត​លេខ​ជាដើម ហើយ​ត្រូវ​អនុរក្ស​រកឃើញ បេក្ខជន​នោះ នឹងត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។ នេះ​ជាការ​លើកឡើង​របស់លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ហង់ ជួន ណា​រ៉ុ​ន​។



​លោក​រដ្ឋមន្ត្រី បាន​ពន្យល់​ពី​ដំណាក់កាល​នៃ​ការហាម​ប្រាម មិន​ឲ្យ​បេក្ខជន​យក​សំណៅ​ឯកសារ​ចូលក្នុង​មណ្ឌល​ប្រឡង និង​បន្ទប់​ប្រឡង​។ លោក​ថា ដំណាក់កាល​ដំបូង មន្ត្រី​មាន​សមត្ថកិច្ច នឹង​ឆែកឆេរ​រក​សំណៅ​ឯកសារ​ផ្សេងៗ នៅ​ខ្លោងទ្វារ មុននឹង​អនុញ្ញាត​ឲ្យ​បេក្ខជន​ចូលក្នុង​មណ្ឌល​ប្រឡង ហើយ​បន្ទាប់មក​ដំណាក់កាល​អនុរក្ស​ហៅ​ឈ្មោះ​ឲ្យ​បេក្ខជន​ចូលទៅក្នុង​បន្ទប់​ប្រឡង​។ លោក​បន្តថា ដំណាក់កាល​នេះ អនុរក្ស​ឆែកឆេរ​ម្តងទៀត ដើម្បី​ដកហូត​សំណៅ​ឯកសារ ឬ​គ្រឿង​អេ​ឡិច​ត្រ​និ​ច ដូចជា ទូរ​សព្ទ ជាដើម​ទុក​ម្តុំ​សិន មុននឹង​ឲ្យ​សិស្ស​ចូល​បន្ទប់​ប្រឡង​។

​លោក​រដ្ឋមន្ត្រី លើកឡើង​ពី​ដំណាក់កាល​ចុងក្រោយ​ថា នៅ​មុនពេល​អនុរក្ស​ចាប់ផ្តើម​សរសេរ​វិញ្ញាសា អនុរក្ស​នឹង​ប្រកាសប្រាប់​បេក្ខជន​នៅក្នុង​បន្ទប់​ប្រឡង​ថា ប្រសិនបើ​បេក្ខជន​ណា មាន​សំណៅ​ឯកសារ ឬ​គ្រឿង​អេ​ឡិច​ត្រ​និ​ច សូម​យកមក​ប្រគល់​ឲ្យ​ខ្លួន​សិន មុននឹង​ចាប់ផ្តើម​ប្រឡង​។ «​បើ​បេក្ខជន​ណា មិន​ព្រម​ប្រគល់​ឲ្យ ហើយ​ត្រូវ​អនុរក្ស​រកឃើញ​នោះ នឹងត្រូវ​ធ្លាក់​ជា​ស្វ័យប្រវត្តិ បើទោះជា​បេក្ខជន​មិនបាន​បើក​មើល​ក៏ដោយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ នៅក្នុង​ពិធី​ជួប​ជាមួយ​អ្នក​អង្កេត​ការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​សាលា​តិច​ណូ នៅ​ថ្ងៃទី ១៤ ខែសីហា​។​

​សូមបញ្ជាក់ថា ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ នៅ​ឆ្នាំ​២០១៧ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ ខែសីហា ដោយមាន​បេក្ខជន​ប្រឡង​ចំនួន ១០៣,១១២ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៧៨ នៅ​ទូទាំងប្រទេស​។ ការ​ប្រកា​ល​លទ្ធផល​ប្រឡង នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១២ ខែកញ្ញា សម្រាប់​ភ្នំពេញ និង​ខេត្តកណ្តាល រីឯ​បណ្តា​ខេត្ត​ផ្សេងទៀត ក្រសួង​នឹង​ប្រកាស​លទ្ធផល​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧៕    


Tag:
 បាក់​ឌុប​
  ហង់ ជួន ណា​រ៉ុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com