ជាតិ
រកឃើញ​ក្រឡ​បុរាណ​ផលិត​នៅ​ស​.​វ​ទី​១១ នៅក្បែរ​ប្រាសាទទន្លេស្ងួត​
15, Aug 2017 , 10:19 pm        
រូបភាព
​សៀមរាប​៖ ក្រឡ​បុរាណ​មួយ ដែល​អ្នកជំនាញ​អះអាងថា ផលិត​នៅ​ចន្លោះ​ស​.​វ​ទី​១១ ដល់​ស​.​វ​ទី​១៥ ត្រូវបាន​ប្រទះឃើញ​ដោយ​ចៃដន្យ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី ប្រាសាទទន្លេស្ងួត​។ ក្រឡ​នេះ ត្រូវបាន​គេ​ប្រើប្រាស់​នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ សម្រាប់​ដាក់​អំបិល ស្ករ ប្រហុក​ជា ដើម​។​



​លោកស្រី សាប គួ​ន អាយុ​៦៨​ឆ្នាំ បានសម្រេច​ប្រគល់​ក្រឡ​បុរាណ​មួយ  ដល់​អាជ្ញាធរ​ជាតិ​អប្សរា ក្រោយ​ប្រទះឃើញ​ដោយ​ចៃដន្យ និង​បាន​រក្សាទុក​រយៈពេល​៣​ខែ កន្លងមក​។ លោកស្រី​បាន​បញ្ជាក់ថា បាន​ឆាយដី​ដាំពោត និង​បានឃើញ​ដោយ​ចៃដន្យ​ក៏​យកមក​រក្សាទុក ដោយ​មិនដឹងថា​ជា​ក្រឡ​បុរាណ​នោះទេ​។​

​ការចុះផ្សាយ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​លម្អិត​ព័ត៌មាន​ថា ពេល​ឃើញ​ក្រឡ នោះ​ភ្លាម លោកស្រី សាប គួ​ន ដែលមាន​ផ្ទះ​នៅ​ខាងត្បូង​ប្រាសាទទន្លេស្ងួត មិន​ហ៊ាន​យក​ទុក​លើផ្ទះ ឬ​ប្រើប្រាស់​អ្វី​នោះដែរ ព្រោះ​ខ្លាច​ជា​របស់​អពមង្គល និង​អាច​នាំទុក្ខ​ចូលក្នុង​គ្រួសារ ដោយ​ទុក​នៅក្រោម​ផ្ទះ​ធម្មតា​។ បែបនេះ​ក្តី រំលង​ប្រហែល​មួយខែ​មុន លោកស្រី សាប គួ​ន បាន​ធ្លាក់ខ្លួន​ឈឺ និង​បាន​បូល​គ្រូ​មើលថា​គាត់​មាន​របស់បុរាណ​ទុក​នៅក្នុង​ផ្ទះ​។​

​ដោយសារ​ជំនឿ​នេះហើយ ទើប​លោកស្រី សាប គួ​ន សម្រេចយក​ដំណឹង​នេះ​ទៅប្រាប់​ក្រុមការងារ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា និង​បានសម្រេច​ប្រគល់​ក្រឡ​នេះ​ទៅ​រក្សាទុក ក្រោយ​ដឹងថា ជា​វត្ថុ​បុរាណ និង​មានតម្លៃ​។​

​អ្នកជំនាញ​ផ្នែក​កុលាលភាជន៍ លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ឲ្យ​ដឹងថា «​ក្រឡ​នេះ​ធ្វើ​អំពី​ដី​ដុត សម្រាប់​ដាក់​វត្ថុ​ច្រើន​ប្រភេទ​ដូចជា អំបិល ស្ករ ប្រហុក និង​វត្ថុ​រាវ​ផ្សេងៗ​ទាក់ទង​ជីវិត​ប្រចាំថ្ងៃ​។ ក្រឡ​នេះ​ផលិត​នៅ​ស្រុក​ខ្មែរ ចន្លោះ​សតវត្ស​ទី​១១​ទៅ​១៥​នៃ​គ​.​ស​។ តាមរយៈ​ក្រឡ​នេះ វា​បានបង្ហាញ​ពី​ទំនាក់ទំនង​មួយ​រវាង​មនុស្ស​សម័យមុន​និង​បច្ចុប្បន្ន​ដែល​នៅតែ​មានប្រើ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​»​។

​គួរ​បញ្ជាក់ថា ទីតាំង​ដែល​ពលរដ្ឋ​រកឃើញ​ក្រឡ​បុរាណ​នេះ ស្ថិតនៅ​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប នៅ​ខាងត្បូង​ប្រាសាទទន្លេស្ងួត​។ បច្ចុប្បន្ន​ក្រឡ​នេះ ត្រូវបាន​នាំទៅ​រក្សាទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម សីហនុ​-​អង្គរ ដើម្បី​ឲ្យ​អ្នកជំនាញ​លាង​សម្អាត និង​យកជាតិ​អំបិល​ចេញ បង្ការ​ពី​ការ​ពុកផុយ​៕


Tag:
 ក្រឡ​បុរាណ​
  ទន្លេ​ស្ងួត
© រក្សាសិទ្ធិដោយ thmeythmey.com