ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ក្រពើភ្នំ ដំរី ខ្ទីង ខ្លាឃ្មុំ ទឹកធ្លាក់ ភ្នំក្រវ៉ាញ ផ្ទះបណ្តែត ជនជាតិភាគតិច គឺជាកំណប់ទេសចរណ៍ខេត្តពោធិ៍សាត់
× ភ្នំពេញ៖ បើគេនិយាយពីខេត្តពោធិ៍សាត់ គេគិតថា ខេត្តមួយនេះមិនសូវមានអ្វីធំដុំទេ ព្រោះខេត្តនេះមិនទាន់មានផ្សារទំនើប មិនទាន់មានអគារធំៗ និងមិនទាន់មានតំបន់ទំនើបៗនៅឡើយ។ ប៉ុន្តែ បើគេស្គាល់ខេត្តនេះឲ្យច្បាស់បន្តិច ពោធិ៍សាត់ គឺជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ។ នៅទីនេះ អ្នកទេសចរខ្មែរ និងបរទេសអាចទស្សនាក្រពើភ្នំ ដំរី ខ្ទីង ខ្លាឃ្មុំ ទឹកធ្លាក់ ភ្នំក្រវ៉ាញ ផ្ទះបណ្តែត និងសហគមន៍ជនជាតិភាគតិច។ និយាយជារួម តំបន់ទេសចរណ៍ខេត្តពោធិ៍សាត់នៅ«ព្រហ្មចារី» ឬនៅអាថ៌កំបាំងច្រើន។ សូមអញ្ជើញអានបទសម្ភាសរវាងកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង»និងលោក អ៊ីង គឹមលាង អភិបាលខេត្តរងពោធិ៍សាត់ដូចតទៅ៖
កម្មវិធីកំណប់អាថ៌កំបាំង៖ តើខេត្តពោធិ៍សាត់មានតំបន់ទេសចរណ៍ដែលទាក់ទាញទេសចរបរទេស និងទេសចរក្នុងប្រទេសចំនួនប៉ុន្មានកន្លែង?
លោក អ៊ឹង គឹមលាង៖ ខ្ញុំសូមបញ្ជាក់ថា ខេត្តពោធិ៍សាត់ មានតំបន់ទេសចរណ៍ចំនួន ៣ តំបន់ ដែលទាក់ទាញទេសចរណជាតិ និងអន្តរជាតិ។ តំបន់ទី១ គឺតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ, តំបន់ទី២ គឺតំបន់ទេសចរណ៍ធម្មជាតិជួរភ្នំក្រវ៉ាញដែលលាតសន្ធឹងចាប់ពីខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង និងបាត់ដំបង និងទី៣ គឺតំបន់ទេសចរណ៍បឹងទន្លេសាប ដែលមានប្រវែង ៨១ គីឡូម៉ែត្រ ចាប់ពីឆ្នុកទ្រូព្រំប្រទល់ខេត្តកំពង់ឆ្នាំងដល់ព្រែកទាល់ខេត្តបាត់ដំបង។ បើខ្ញុំនិយាយជាសរុប តំបន់ទេសចរណ៍សំខាន់ៗមានប្រមាណជាជាង២០ កន្លែង។ ខ្ញុំចង់បញ្ជាក់ផងដែរថា តំបន់ទេសចរណ៍មួយចំនួនដែលខ្ញុំបានរៀបរាប់ខាងលើនេះ មិនទាន់ត្រូវបានទេសចរខ្មែរ និងបរទេសទៅកម្សាន្តច្រើននៅឡើយទេដោយសារភូមិសាស្ត្រនូវប្រឈមការលំបាកនៅឡើយ។
កម្មវិធីកំណប់អាថ៌កំបាំង៖ តើតំបន់ទេសចរណ៍មួយណាដែលទាក់ទាញទេសចរបរទេសច្រើនជាងគេ? មូលហេតុអ្វី?
លោក អ៊ឹង គឹមលាង៖ បើសួរថា តើភ្ញៀវបរទេសទស្សនាតំបន់ទេសចរណ៍ណាច្រើងជាងគេ? ខ្ញុំអាចប្រាប់លោកបានថា គឺតំបន់បឹងទន្លេសាប ព្រោះនៅតំបន់នេះ ទេសចរបរទេសចូលចិត្តទស្សនាផ្ទះបណ្តែតទឹក និងចូលចិត្តស្វែងយល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ ក្រៅពីតំបន់បឹងទន្លេសាប ជនបរទេស ឬខ្មែរបែបផ្សងព្រេង ចូលចិត្តចូលទៅទស្សនារមនីយដ្ឋានអូសោម ទឹកធ្លាក់ឆាយរកា ទឹកធ្លាក់ឆាយខ្ពស់ ដែនជម្រកសត្វព្រៃភ្នំសំកុស សហគមន៍ជនជាតិភាគតិច(ជនជាតិជង និងព័រ)។ នៅព្រៃភ្នំសំកុសនេះ ជនបរទេសអាចទស្សនាសត្វព្រៃ ដូចជា ដំរី ខ្ទីង និងខ្លាឃ្មុំជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំសំកុសនេះ មានកម្ពស់ ១,៧១៧ ម៉ែត្រ ពោល គឺជាភ្នំដែលមានកម្ពស់លំដាប់ទី ២ បន្ទាប់ពីភ្នំឱរ៉ាល់ ដែលមានកម្ពស់ខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា ១,៨១៣ ម៉ែត្រ។ ងាកមកនិយាយពីតំបន់ទេសចរណ៍អូសោមវិញ ទីនេះ ក៏មានសត្វក្រពើភ្នំអាចទស្សនាបានដែរ។ ខ្ញុំសូមបញ្ជាក់ថា តំបន់ទាំងអស់មានអាកាសធាតុត្រជាក់ល្អដែលអាចឲ្យគេដាំដំណាំ Strawberry បានផងដែរ។
កម្មវិធីកំណប់អាថ៌កំបាំង៖ តំបន់ទេសចរណ៍មួយណាដែលទាក់ទាញទេសចរក្នុងស្រុកច្រើងជាងគេ? មូលហេតុអ្វី?
លោក អ៊ឹង គឹមលាង៖ បើនិយាយអំពីតំបន់ទេសចរណ៍សំខាន់ៗ ដែលភ្ញៀវទេសទេសចរក្នុងស្រុកតែងតែចូលទៅទស្សនា ជារៀងរាល់ថ្ងៃ និងរៀងរាល់ចុងសប្តាហ៍ នោះ គឺតំបន់ប្រវត្តិសាស្ត្រលោកតា ឃ្លាំងមឿង។ ប្រជាពលរដ្ឋតែងតែមកបន់ស្រន់សុំសេចក្តីសុខ រកស៊ីទទួលទានមានបាន។ មណ្ឌលវប្បធម៌កកោះសំពៅមាស ប្រពលរដ្ឋមកហាត់ប្រាណ និងលម្ហែកាយពេលល្ងាច។ លើសពីនេះទៅទៀត ពលរដ្ឋខ្មែរក៏ចូលចិត្តទៅទស្សនារមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង និងទឹកធ្លាក់ល្បាក់កំរោណ។
កម្មវិធីកំណប់អាថ៌កំបាំង៖ ក្នុងមួយខែៗ ឬក្នុងមួយឆ្នាំៗ តើភ្ញៀវទេសចរបរទេសចំនួនប៉ុន្មាននាក់បានចូលមកទស្សនាខេត្តពោធិ៍សាត់? ទេសចរក្នុងស្រុកមានចំនួនប៉ុន្មាននាក់?
លោក អ៊ឹង គឹមលាង៖ ភ្ញៀវទេសចរបរទេសបានចូលមកទស្សនាខេត្តពោធិ៍សាត់ក្នុងមួយឆ្នាំៗ មានប្រមាណ ៦៤៦២នាក់ និងភ្ញៀវទេសចរក្នុងស្រុកមកទស្សនាមានចំនួន ២៧៥ ០២៨ នាក់។
កម្មវិធីកំណប់អាថ៌កំបាំង៖ តើខេត្តរបស់លោកមានផ្ទះសំណាក់ និងសណ្ឋាគារចំនួនប៉ុន្មាន ឬក៏បន្ទប់ប៉ុន្មាន?
លោក អ៊ឹង គឹមលាង៖ ខេត្តរបស់យើងខ្ញុំមានសណ្ឋាគារចំនួន៤ ស្មើនឹង ៣២៣ បន្ទប់ និងផ្ទះសំណាក់ ចំនួន ២៨ ស្មើនឹង ៣៣៩ បន្ទប់។ បើសរុបទាំងអស់ យើងមានជាង៦០០បន្ទប់។
កម្មវិធីកំណប់អាថ៌កំបាំង៖ តើខេត្តរបស់លោកនឹងគ្រោងអភិវឌ្ឍន៍វិស័យទេចរណ៍ដូចម្តេច ដើម្បីទាក់ទាញយកប្រាក់ចំណូលឲ្យបានច្រើនបំផុតនៅក្នុងវិស័យនេះនាពេលអនាគត?
លោក អ៊ឹង គឹមលាង៖ តាមពិត រដ្ឋបាលខេត្តពោធិ៍សាត់ បាន និងកំពុង ជំរុញបណ្តារមណីដ្ឋាននានា ក៏ដូចជាបណ្តាកន្លែងស្នាក់នៅ អាហារដ្ឋាន ឲ្យអភិវឌ្ឍន៍ខ្លួនប្រកបដោយគុណភាពជាមួយសេវាកម្មល្អ ជាពិសេស ត្រូវរៀបចំទីផ្សារទេសចរណ៍ ផ្សព្វផ្សាយផលិតផលទេសចរណ៍
ឲ្យបានកាន់តែទំលំទូលាយជាងមុន។ លើសពីនេះទៅទៀត យើងជំរុញឲ្យមានការចូលរួមអភិរក្សធនធានធម្មជាតិ ថែទាំបរិស្ថាន កសាងធនធានមនុស្ស និងរក្សាសនិ្តសុខជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីអ្វីដែលខ្ញុំបានរៀបរាប់ខាងលើនេះ សាលាខេត្តជំរុញឲ្យមានការវិនិយោគនៅក្នុងវិស័យនេះបន្ថែមទៀត។ ខេត្តពោធិ៍សាត់មានសក្តានុពលវិស័យទេសចរណ៍ធំធេងណាស់ដែលពលរដ្ឋខ្មែរយើងភាគច្រើនមិនទាន់បានទៅទស្សនា ជាពិសេស ព្រៃធម្មជាតិ សត្វព្រៃនៅតាមបណ្តាជួរភ្នំក្រវាញ៕
Tag:
អ៊ឹង គឹមលាង
ក្រពើភ្នំ
ដំរី
ខ្ទីង
ខ្លាឃ្មុំ
ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com