អន្តរជាតិ
ដាច់ភ្លើងបួនម៉ោងនៅតៃវ៉ាន់ ប្រធានាធិបតីចេញមុខសុំទោស ឯរដ្ឋមន្ត្រីសេដ្ឋកិច្ចសុំលាលែងពីតំណែង ការដាច់ចរន្តអគ្គិសនីនៅកោះតៃវ៉ាន់ (រូបភាព៖ South China Morning Post)
× ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានចេញមុខសុំទោសប្រជាជន បន្ទាប់ពីមានហេតុការណ៍ដាច់ចរន្តអគ្គិសនីនៅទីក្រុងតៃប៉ិ និងទីក្រុងមួយចំនួនទៀតអស់ពេលជាងបួនម៉ោង។ ប្រជាជនតៃវ៉ាន់រាប់សែនគ្រួសារ និងអាគារពាណិជ្ជកម្មជាច្រើន សុទ្ធតែរងផលប៉ះពាល់ទាំងអស់។ រដ្ឋមន្ត្រីសេដ្ឋកិច្ច Lee Chih-kung ក៏បានសុំលាលែងពីតំណែងដើម្បីទទួលខុសត្រូវលើហេតុការណ៍ដាច់ចរន្តអគ្គិសនីនេះ។
ហេតុការណ៍ដាច់ចរន្តអគ្គីសនីបានកើតឡើងនៅវេលាម៉ោង៤ និង៥០នាទី ថ្ងៃទី១៥ ខែសីហា នៅផ្នែកជាច្រើនរបស់កោះតៃវ៉ាន់រួមទាំងទីក្រុងតៃប៉ិផង។ មូលហេតុនៃការដាច់ចរន្តអគ្គិសនី គឺដោយសារតែមានបញ្ហានៅឯរោងចក្រផលិតថាមពលដ៏ធំរបស់តៃវ៉ាន់នៅ Taoyuan ដែលបណ្ដាលឲ្យការផ្គត់ផ្គង់អគ្គិសនីទំហំ៤លានគីឡូវ៉ាត់ត្រូវកាត់ផ្ដាច់។ មនុស្សជាច្រើនបានរងផលប៉ះពាល់ មានទាំងការជាប់ក្នុងជណ្ដើរយន្ត និងភ្លើងចរាចរណ៍ត្រូវផ្អាកដំណើការជាដើម។
ក្នុងហេតុការណ៍នេះ ប្រជាជនតៃវ៉ាន់បានរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំង។ រដ្ឋមន្ត្រីសេដ្ឋកិច្ច Lee Chih-kung បានសុំលាលែងពីតំណែង ជាការទទួលកំហុសចំពោះហេតុការណ៍នេះ ហើយនាយករដ្ឋមន្ត្រី Lin Chuan ក៏បានទទួលយកការសុំលាលែងផ្ទាល់មាត់ផងដែរ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន South China Morning Post ដែលបញ្ជាក់ថា លោក Lee Chih-kung ក៏នឹងសរសេរលិខិតលាលែងផ្លូវការផងដែរ។
ដោយឡែកប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានសុំទោសប្រជាជន និងបានបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើរបាយការណ៍លើបញ្ហានេះឲ្យលោកស្រី ក្នុងពេលលឿនបំផុត។ លោកស្រីបានសរសេរលើទំព័រហ្វេសប៊ុកថា៖ «អគ្គិសនីមិនមែនត្រឹមជាបញ្ហាក្នុងការរស់នៅរបស់ប្រជាជនឡើយ តែក៏ជាបញ្ហាពាក់ព័ន្ធសន្តិសុខជាតិដែរ។ ការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយមួយត្រូវធ្វើឡើង ដើម្បីរកមូលហេតុនៃការដាច់ចរន្តអគ្គិសនីនេះ។»
បន្ទាប់ដាច់ការផ្គត់ផ្គង់ច្រើនម៉ោងរួចមក ចរន្តអគ្គិសនីក៏ដំណើការឡើងវិញ នៅម៉ោងជាង៩យប់។ យ៉ាងណាក្ដី ក្នុងហេតុការណ៍នេះ វិមានប្រធានាធិបតី ព្រលានយន្តហោះ ការធ្វើដំណើរតាមរថភ្លើងក្នុងទីក្រុង មិនមានផលប៉ះពាល់អ្វីទេ។ ក្រុមសង្គ្រោះបន្ទាន់របស់កោះតៃវ៉ាន់ បានទទួលទូរសព្ទសុំជំនួយបន្ទាន់ជាច្រើនក្នុងហេតុការណ៍នេះ ដែលបង្កផលប៉ះពាល់ដល់ទីក្រុង និងទីប្រជុំជន ធំៗចំនួន១៧ នៅទូទាំងកោះតៃវ៉ាន់។
ការដាច់ចរន្តអគ្គិសនីនេះ កើតឡើងចំពេលដែលតម្រូវការប្រើប្រាស់បានកើនឡើងខ្លាំង ព្រោះរលកកម្ដៅធ្វើឲ្យសីតុណ្ហភាព កើនដល់៣៨អង្សាឯណោះ។ រដ្ឋាភិបាលតៃវ៉ាន់ក៏បានចេញចំណាត់ការដោះស្រាយការកើនឡើងតម្រូវនេះ ដោយបានស្នើឲ្យប្រជាជនសន្សំសំចៃខ្ពស់បំផុត ជាពិសេសត្រូវបិទម៉ាស៊ីនត្រជាក់ពេលមិនប្រើប្រាស់។ នេះក៏ដោយសារតែការផលិតថាមពលនៅមានបញ្ហាខ្លះ ដោយសារតែការវាយប្រហាររបស់ខ្យល់ព្យុះនៅពេលថ្មីៗនេះ៕
Tag:
តៃវ៉ាន់
Tsai Ing-wen
Lee Chih-kung
© រក្សាសិទ្ធិដោយ thmeythmey.com