ជាតិ
បាក់ឌុប៖ បេក្ខជនដែលលួចចម្លង ត្រូវប្រឈមការបាត់បង់ឱកាសប្រឡង
× ក្រសួងអប់រំ យុវជន និងកីឡា ដាក់បម្រាមបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ ចម្លងវិញ្ញាសារពីគ្នាឡើយ។ ប្រសិនបើបេក្ខជនណាមួយប្រព្រឹត្តទង្វើនេះ អាចប្រឈមនឹងបានពិន្ទុសូន្យចំពោះវិញ្ញាសារនោះ ហើយអាចត្រូវបញ្ឈប់ការប្រឡងផងដែរ។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ញត្តិនូវសកម្មភាព៨ចំណុច ដើម្បីកំណត់ដាក់កំហិតលើបេក្ខជនលួចចម្លង។ បញ្ញត្តិដែលក្រសួងអប់រំ ចាត់ទុកថាលួចចម្លង និងដាក់ពិន័យនោះរួមមាន៖ ទី១ បេក្ខជនណាមានសៀវភៅឯកសារ ឬសំណៅឯកសារសរសេររូបមន្តលើបន្ទាត់ ឬក្រដាសសដោយ ដែកចារការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុនការសរសេរលើបាតដៃ លើភ្លៅ លើទ្រនាប់ជើង លើកន្សែងជូតមុខជាដើម ក្នុងបន្ទប់ប្រឡង។ ទី២បេក្ខជនចម្លងសំណៅកិច្ចការពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅកន្លែងដែលខ្លួនអង្គុយ។ ទី៣បេក្ខជនអើតមើលសន្លឹកកិច្ចការអ្នកដទៃ។ ទី៤បេក្ខជនប្រើប្រាស់ទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទនៅក្នុងបន្ទប់ប្រឡង។ ទី៥បេក្ខជន អង្គុយខុសពីលេខតុរបស់ខ្លួន ដោយគ្មានការអនុញ្ញត្តពីអនុរក្ស ឬរំកិលមកអង្គុយកៀកអ្នកដទៃ។ ទី៦បេក្ខជនរំកិលតុមកអង្គុយជាប់គ្នា ខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ។ ទី៧បេក្ខជនបង្កឲ្យអ្នកដទៃចម្លង និងទី៨បេក្ខជនប្តូរសន្លឹកកិច្ចការគ្នា ឬប្តូរប្រកាសព្រាងគ្នា ឬផ្ទៀតងផ្ទាត់ចម្លើយគ្នា ឬចម្លងគ្នាជាក់ស្តែង។
ប្រសិនបើបេក្ខជនណាមួយ ត្រូវបានរកឃើញថាលួចចម្លង ក្រសួងអប់រំ នឹងដាក់វិន័យដល់បេក្ខជននោះ នឹងបានពិន្ទុសូន្យចំពោះវិញ្ញាសានោះ និងនឹងត្រូវបានបញ្ឈប់មិនឲ្យប្រឡងបន្តទៅទៀតក្នុងសម័យប្រឡងនេះ។ នេះបើតាមបញ្ញត្តិរបស់ក្រសួងអប់រំ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ សីហាខាងមុខនេះ។ សម័យប្រឡងឆ្នាំ២០១៧នេះ មានបេក្ខជន សរុបចំនួន ១០៣ ១១២ នាក់ ទាំងថ្នាក់វិទ្យាសាស្ត្រ និងវិទ្យាសាស្ត្រសង្គម ដោយចែកចេញជា ១៧៨ មណ្ឌល និងបន្ទប់ប្រឡងចំនួន ៤១៥៥ បន្ទប់ នៅទូទាំង២៥រាជធានី-ខេត្ត៕
© រក្សាសិទ្ធិដោយ thmeythmey.com