ជាតិ
គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហាក់​គ្មាន​ទីពឹង ក្រោយ​បាត់​លោក ញឹក ប៊ុនឆៃ​?
16, Aug 2017 , 3:25 pm        
រូបភាព
​ភ្នំពេញ​៖ ចលនានយោបាយ​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​បាន​ដំណើរ​កន្លងមក គឺ​ពឹង​ផ្អែកលើ​វត្តមាន​របស់លោក ញឹក ប៊ុនឆៃ ស្ទើរ​ទាំងស្រុង​។ ជា​អកុសល គណបក្ស​នេះ ត្រូវ​ជួប​គ្រោះ​យ៉ាងធ្ងន់ធ្ងរ ក្រោយ​លោក ញឹក ប៊ុនឆៃ ត្រូវបាន​ចាប់ខ្លួន​។



​ក្នុង​កាលៈទេសៈ​នេះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ ដែល​បង្កើត​និង​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ អតីតមន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជា​អតីត​មេទ័ព​កម្ពុជា​មួយរូប ហាក់​ប្រេះស្រាំ​ផ្ទៃក្នុង​យ៉ាងខ្លាំង​។ ការ​រង្គោះរង្គើ​ផ្ទៃក្នុង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចាប់​ផ្តើ​ម​កើតឡើង​ក្រោយ​លោក ញឹក ប៊ុនឆៃ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​៣ ខែសីហា ឆ្នាំ​២0១៧ ដោយ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​។

​បន្ទាប់ពី​បាត់បង់​មេដឹកនាំ​កំពូល​របស់ខ្លួន មន្ត្រី​ក្នុង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហាក់​បែកខ្ញែក​ពីគ្នា​បន្តិច​ម្តងៗ​។ បញ្ហា​ធ្ងន់ធ្ងរ​មួយទៀត គឺ​មន្ត្រី​មួយចំនួន សម្រេច​បោះបង់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហើយ​ត្រឡប់​ទៅរក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ​វិញ ដែលជា​ជម្រក​ចាស់​របស់​ពួកគេ ហើយ​អ្នក​ខ្លះទៀត​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​រហូតមកដល់​ពេលនេះ គេ​មិនទាន់​ឃើញ​មានការ​បង្ហាញ​ឬ​ការតែងតាំង​ប្រធានស្តីទី ដើម្បី​ធ្វើជា​ជំហរ​និង​ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជា​បណ្តោះអាសន្ន ជំនួស​លោក ញឹក ប៊ុនឆៃ នៅឡើយ​ទេ​។    

​លោក រុណ មាត្រា អ្នកនាំពាក្យ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ទាក់ទង​នឹង​ករណី​របស់លោក​ញឹក ប៊ុនឆៃ និង​បញ្ហា​ក្នុង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ សូម្បីតែ​ឥស្សរ​ជន​រូប​ណា ដែល​ទទួល​តំណែង​ជា​ប្រធានស្តីទី ដើម្បី​ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជា​បណ្តោះអាសន្ន ក៏​អ្នកនាំពាក្យ​រូបនេះ មិន​បង្ហាញ​ដែរ​។ លោក បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​ថា​៖«​ខ្ញុំ​សូម​មិន​និយាយ​អ្វី​ទេ​។ ចាំមើល​គណបក្ស ប្រជុំ​រួច​សិន ទើប​ដឹង​»​។​

​បើតាម​លោក រុណ មាត្រា គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​បើក​កិច្ចប្រជុំ​មួយ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២0១៧​នេះ​។ យ៉ាងណា លោក រុណ មាត្រា មិន​បញ្ជាក់​ឲ្យ​ច្បាស់​នោះទេ ថា​កិច្ចប្រជុំ​នាពេលខាងមុខ នឹង​ពិភាក្សា​ពី​បញ្ហា​អ្វី​ឲ្យ​ពិតប្រាកដ​។ លោក ប្រាប់ថា ដោយសារ​មិនទាន់​ទទួលបាន​ដំណឹង​លម្អិត​ពី​កិច្ចប្រជុំ​គណបក្ស ទើប​លោក មិន​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​នាពេលនេះ​។ 

​លោក រុណ មាត្រា ក៏​មិន​អះអាង​ដែរ​ថា គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​អាច​បន្ត​ទៅមុខទៀត រហូតដល់​ការបោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ​២0១៨ ឬ​យ៉ាងណា​។ លោក និយាយ​យ៉ាងខ្លី​ថា លទ្ធផល ដែល​ទាក់ទង​នឹង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​បង្ហាញ ក្រោយ​កិច្ចប្រជុំ​នាពេលខាងមុខ​។

​សូមបញ្ជាក់ថា គណបក្ស​លោក ញឹក ប៊ុនឆៃ ក៏បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់  នា​អាណត្តិ​ទី​៤​នេះ ដែរ​។ ជា​លទ្ធផល គណបក្ស​នេះ បានទទួល​កៅអី​មេឃុំ​មួយ នៅក្នុង​ខេត្តបន្ទាយមានជ័យ​៕


Tag:
 ញឹក ប៊ុនឆៃ
© រក្សាសិទ្ធិដោយ thmeythmey.com