ជាតិ
លោកស្រី រ៉ូណាស្មីត សន្យាយកបញ្ហាលោកស្រី ទេព វន្នី រាយការណ៍ទៅUN
× ភ្នំពេញ៖ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ សន្យាលើកយកបញ្ហាឃុំខ្លួនលោកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ទៅរាយការណ៍ប្រាប់អង្គការសហប្រជាជាតិ។ ការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត នេះ ធ្វើឡើងនៅក្នុងពិធីរំឮកខួប១ឆ្នាំ នៃការឃុំខ្លួន លោកស្រី ទេព វន្នី នៅសហគមន៍បឹងកក់។
ថ្លែងចំពោះមុខប្រជាសហគមន៍បឹងកក់ កាលពីថ្ងៃទី១៥ សីហា អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត បាននិយាយថា លោកស្រីបានតាមដានយ៉ាងជិតដិតលើបញ្ហាឃុំខ្លួនរបស់លោកស្រី ទេព វន្នី នេះ។ លោកស្រី រ៉ូណា ស្មីត ចាត់ទុកករណីឃុំខ្លួនលោកស្រី ទេព វន្នី គឺជាការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
លោកស្រី ស្មីត សន្យាលើកយកករណីឃុំខ្លួនលោកស្រី ទេព វន្នី ទៅរាយការណ៍ប្រាប់អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។ ការសន្យារបស់លោកស្រី ស្មីត នេះគឺឆ្លើយតបទៅនឹងសំណើរបស់ប្រជាសហគមន៍បឹងកក់ ដែលសុំការអន្តរាគមន៍ពីអង្គការសហប្រជាជាតិ។
កន្លងមកអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិរូបនេះ បានលើកយកករណីលោកស្រី ទេព វន្នី ទៅពិភាក្សាជាមួយក្រុមប្រឹក្សាសិទ្ធមនុស្សអង្គការសហប្រជាជាតិជាច្រើនលើកហើយ ។ ហើយមកពេលដល់ពេលនេះ ខាងអង្គការសហប្រជាជាតិ ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហាលោកស្រី ទេព វន្នី នេះផងដែរ។ នេះបើតាមលោកស្រី រ៉ូណា ស្មីត។
ទាក់ទងនឹងបញ្ហានេះលោក អំ សំអាត មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ ចាត់ទុកវត្តមានរបស់លោកស្រី រ៉ូណា ស្មីត ដែលចូលរួមពិធីរំឮកខួប១ឆ្នាំ នៃការឃុំខ្លួនលោកស្រី ទេព វន្នី នេះគឺបង្ហាញពីការយកចិត្តទុកដាក់របស់អង្គការសហប្រជាជាតិ លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ហើយវាក៏ជាភាពកក់ក្តៅសម្រាប់ពលរដ្ឋមានទំនាស់ដីធ្លីបឹងកក់ផង។ ជាពិសេសវា ក៏ជាជំរុញឲ្យរដ្ឋាភិបាល ពិចារណាឡើងវិញ លើការដោះលែងលោកស្រី ទេព វន្នី ដែរ។
សូមបញ្ជាក់ថា លោកស្រី ទេព វន្នី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទពីបទ «ប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស» កាលពីឆ្នាំ២០១១ ។ ប៉ុន្តែសាលាដំបូងរាជធានីភ្នំពេញ ទើបតែចាប់ផ្តើមសើរើឡើងវិញ កាលពីចុងខែកញ្ញា ឆ្នាំ២០១៦ ដោយបន្ថែមកាត់ទោសលោកស្រី ទេព វន្នី មួយករណីទៀត ឲ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែ ពីបទប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញកាលពីឆ្នាំ២០១៣៕
© រក្សាសិទ្ធិដោយ thmeythmey.com