កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ បាល់ទះកម្ពុជាផ្តោតសំខាន់លើម្ចាស់ផ្ទះម៉ាឡេស៊ីជាងអតីតជើងឯកថៃ លោក សាន សុក្រិត្យ គ្រូបង្វឹកក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជាក្នុងថ្ងៃចូលរួមកម្មវិធីជប់លៀងនៅសណ្ឋាគារសូហ្វីតែលកាលពីពេលកន្លងទៅ។
× គ្រូបង្វឹកក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាហាក់ព្រួយបារម្ភខ្លាំងលើក្រុមម្ចាស់ផ្ទះម៉ាឡេស៊ីជាងអតីតម្ចាស់ជើងឯកស៊ីហ្គេមឆ្នាំ២០១៥ ថៃ នាការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីក្នុងខែសីហា នេះ។ ការចាត់ទុកបែបនេះ ដោយសារអ្នកគាំទ្រអាចជាកម្លាំងចិត្តសម្រាប់ម្ចាស់ផ្ទះ និងឧបសគ្គសម្រាប់កម្ពុជា។ ទន្ទឹមនឹងនេះ កម្ពុជាបានកំណត់ដាក់គោលដៅធ្វើយ៉ាងណាយកឈ្នះក្រុមម៉ាឡេស៊ីឲ្យបានក្នុងជំនួបបើកឆាក ដើម្បីជាកម្លាំងចិត្តមុនតទល់ជាមួយអតីតជើងឯក។
ការជួបក្រុមម្ចាស់ផ្ទះម៉ាឡេស៊ីក្នុងថ្ងៃបើកឆាកនាព្រឹត្តិការណ៍កីឡាស៊ីហ្គេមត្រូវបាន លោក សាន សុក្រិត្យ គ្រូបង្វឹកក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាបានទុកអ្នកគាំទ្រ និងត្រៀមខ្លួនរបស់ក្រុមនេះអាចជាសម្ពាធសម្រាប់កម្ពុជាក្នុងការស្វែងរកជ័យជម្នះ។ ជាមួយការអះអាងត្រៀមខ្លួនរួចរាល់គ្រូបង្វឹករូបនេះបានបង្ហាញក្តីកង្វល់ថា៖«ចំណុចសំខាន់ដែលយើងត្រូវជួបមុនគេ គឺម្ចាស់ផ្ទះម៉ាឡេស៊ី ព្រោះយើងអាចរងសម្ពាធខ្លះព្រោះគេជាម្ចាស់ផ្ទះ ការស្រែកហូររបស់អ្នកគាំទ្រជាបញ្ហាមួយ តែអ្វីដែលសំខាន់គឺត្រៀមខ្លួនរបស់គេមុនការធ្វើម្ចាស់ផ្ទះ»។
តាមរយៈការលេងនៅស៊ីហ្គេមឆ្នាំ២០១៥របស់ក្រុមម៉ាឡេស៊ី គ្រូបង្វឹករូបនេះអាងអាថា សមត្ថភាពរបស់ក្រុមនេះមិនភាពអស្ចារ្យលើកម្ពុជាប៉ុន្មាននោះទេ។ អ្វីដែល លោក មានការព្រួយបារម្ភនោះ គឹការរីកចម្រើនក្រោយហ្វឹកហាត់ត្រៀមធ្វើម្ចាស់ផ្ទះក្នុលរយៈពេលពីរឆ្នាំកន្លងមកនេះ។ តែយ៉ាងណា ក្រោយប្រមូលផ្តុំហ្វឹកហាត់មួយរយៈមកនេះលោក សាន សុក្រិត្យ ជឿជាក់លើសមត្ថភាពរបស់កូនក្រុមថានឹងធ្វើបានល្អ។
ទោះបីគ្រូបង្វឹករូបនេះចាត់ទុកអ្នកគាំទ្រជាសម្ពាធផ្លូវចិត្តសម្រាប់កម្ពុជា និងលើកទឹកចិត្តសម្រាប់ម្ចាស់ផ្ទះ លោកអះអាងថា មិនមែនជាបញ្ហាធ្ងន់ធ្ងរសម្រាប់កម្ពុជានោះទេ សំខាន់ត្រូវយកឈ្នះម្ចាស់ផ្ទះឲ្យបានក្នុងជំនួបបើកឆាក។
តាមរយៈការប្តេជ្ញារបស់កីឡាករដែលជាចំណូលថ្មីសុទ្ធសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លោក បានបង្ហាញការជឿជាក់ថា៖«កីឡាករដែលលេងនៅស៊ីហ្គេមឆ្នាំ២០១៥ មិនមាននៅក្នុងក្រុមឆ្នាំ២០១៧ នេះទេ គឺថ្មីសុទ្ធតែម្តង ដូច្នេះសម្រាប់ការប្រកួតលើកនេះ ខ្ញុំជឿជាក់ថាកូនក្រុមរបស់ខ្ញុំនឹងលេជាមួយការមិនតក់ស្លុតជាអ្នកគាំទ្ររបស់ម្ចាស់ផ្ទះ ព្រោះពួកគាត់មានការតាំងចិត្ត និងទំនុកចិត្តថាមិនខ្លាចអ្វីទាំងអស់»។
ក្រៅពីការបង្ហាញក្តីបារម្ភចំពោះម្ចាស់ផ្ទះម៉ាឡេស៊ី គ្រូបង្វឹកដែលទើបចូលដឹកនាំក្រុមជម្រើសជាតិលើកដំបូងរូបនេះ ក៏បានចាត់ទុកថៃជាឧបសគ្គដ៏ធំសម្រាប់កម្ពុជាផងដែរ។ ការចាត់ទុកបែបនេះ ដោសសារថៃជាអតីតម្ចាស់ជើងឯកប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅសិង្ហបុរីឆ្នាំ២០១៥ និងជាក្រុមដែលមានកម្រិតបច្ចេកទេសខ្ពស់ធ្លាប់ប្រឡូកនៅលើឆាកអន្តរជាតិក្នុងតំបន់អឺរ៉ុប។
ក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយក្រុមមីយ៉ាន់ម៉ា, ថៃ និងម៉ាឡេស៊ី ខណៈពូល B មានហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត និងវៀតណាម។ ក្នុងនោះកម្ពុជាត្រូវប៉ះបើកឆាកជាមួយម៉ាឡេស៊ីនៅថ្ងៃទី២១ ខែសីហា មុនជួបជាបន្តបន្ទាប់ជាមួយថៃ និងមីយ៉ាន់ម៉ា នៅថ្ងៃទី២២ និង២៥ ខែសីហា។
គួរបញ្ជាក់ថា កាលស៊ីហ្គេមនៅសិង្ហបុរីឆ្នាំ២០១៥ កម្ពុជាឈរលេខរៀង៥ លើម៉ាឡេស៊ីដែលឈរលេខរៀងទី៧ក្នុងចំណោម៨ប្រទេសចូលរួម ខណៈថៃ ឈរលេខ១, វៀតណាមលេខ២, មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ីឈរលេខរៀងទី៣៕
Tag:
បាល់ទះ
សាន សុក្រិត្យ
SEA Games 2017
ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com