ជាតិ
បាក់​ឌុប​៖ បេក្ខជន ដែល​មកដល់​មណ្ឌល​ប្រឡង​ក្រោយ​ជួង​ទី​២ មិន​អនុញ្ញាត​ឲ្យ​ប្រឡង​
16, Aug 2017 , 10:39 pm        
រូបភាព
ដោយ:
​ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​បញ្ញត្តិ​កំណត់​ឲ្យ​បេក្ខជន ដែល​មកដល់​មណ្ឌល​ប្រឡង ក្រោយ​ជួង​ទី​២ ដោយ​ចេតនា ឬ​ធ្វេសប្រហែស និង​ត្រូវបាន​ពិន្ទុ​សូន្យ ។



​បញ្ញត្តិ​ក្រសួង​អប់រំ បានកំណត់​មិន​អនុញ្ញាតិ​ឲ្យ​បេក្ខជន ដែល​មកដល់​មណ្ឌល​ប្រឡង ក្រោយ​ជួង​ទី​២ ដោយ​ចេតនា ឬ​ដោយ​ធ្វេសប្រហែស​នោះ ចូល​ប្រឡង​បានឡើយ ។ ហើយ​ចំពោះ​បេក្ខជន ដែល​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​របៀបរៀបរយ​នៃ​ការប្រឡង និង​ប៉ះពាល់​ដល់​កិត្តិយស​គណៈមេប្រយោគ ត្រូវ​កំណត់​ឲ្យ​ពិន្ទុ​សូន្យ​ផងដែរ​។

​ចំពោះ​ករណី​ដែល​ក្រសួង​អប់រំ កំណត់​មិន​ផ្ដល់​ពិន្ទុ​ដល់​បេក្ខជន​ប្រព្រឹត្ត​កំហុស​ក្នុងពេល​ប្រឡង​នោះ​រួមមាន ទី​១​សន្លឹក​កិច្ចការ​ណា ដែលមាន​សញ្ញា​សម្គាល់​អាគតដ្ឋាន​របស់ខ្លួន​។ ករណី​ទី​២​ចម្លើយ​នៃ​សំណួរ​ណា ដែលមាន​វិចារ​ដូចគ្នា​ទាំងស្រុង ។ ករណី​ទី​៣ ចម្លើយ​នៃ​សំណួរ​ណា​ដែលមាន​ខ្លឹមសារ​ដូចគ្នា​ទាំងស្រុង​ទៅនឹង​សំណៅ​វិញ្ញាសា ដែល​ត្រូវបាន​នាំចូល​ក្នង​បន្ទប់​ប្រឡង ដោយ​បេក្ខជន ឬ​ដោយ​អ្នកដទៃ តាម​គ្រប់​មធ្យោបាយ ឬ​ក្រោយ​ការធ្វើ​កោសល្យវិច័យ​ឃើញថា​សន្លឹក​កិច្ចការ​នេះ​មាន​ខ្លឹមសារ​ដូចគ្នា​ទាំងស្រុង​ទៅនឹង​ចម្លើយ​វិញ្ញាសា​ដែលមាន​ស្រាប់ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ខុសច្បាប់​។ 

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ សីហា​ខាងមុខនេះ​។  សម័យ​ប្រឡង​ឆ្នាំ​២០១៧​នេះ មាន​បេក្ខជន សរុប​ចំនួន ១០៣ ១១២ នាក់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ដោយ​ចែកចេញជា ១៧៨ មណ្ឌល និង​បន្ទប់​ប្រឡង​ចំនួន ៤១៥៥ បន្ទប់ នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត​៕


Tag:
 បាក់​ឌុប​
  បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​
© រក្សាសិទ្ធិដោយ thmeythmey.com