ជាតិ
សង្គមជាតិ
ប្រជាជនក្នុងភូមិមួយនៃខេត្តកំពតធ្លាប់តែបរិភោគទឹកគ្មានអនាម័យ បែរមកបរិភោគទឹកបរិសុទ្ធ
×
ភូមិព្រៃបានធំ គឺជាផ្នែកមួយនៃឃុំបន្ទាយមាសកើត ដែលស្ថិតក្នុងស្រុកបន្ទាយមាសខេត្តកំពត។ ភូមិនេះមានអ្នកស្រុករស់នៅប្រហែល ១២០ គ្រួសារ។ តំបន់នេះតែងជួបប្រទះ នូវបញ្ហាភ្លៀងធ្លាក់មិនទៀងទាត់ និងងាយរងគ្រោះដោយសារគ្រោះរាំងស្ងួត។
កន្លងមកនៅពេលដែលមានគ្រោះរាំងស្ងួត អ្នកភូមិព្រៃបានធំ តែងជួបប្រទះនូវការខ្វះទឹក ជាពិសេសពួកគេតែងជួបបញ្ហាសុខភាព ដោយសារបរិភោគទឹកគ្មានអនាម័យ។ ក៏ប៉ុន្តែក្នុងរយៈពេលជាង ១ ឆ្នាំចុងក្រោយនេះ បញ្ហារបស់អ្នកភូមិបានធំ ត្រូវបានដោះស្រាយ បន្ទាប់ពីសហភាពអឺរ៉ុប បានផ្តល់ជំនួយ ដើម្បីអនុវត្តគម្រោង សម្ព័ន្ធនៃការប្រែប្រួលអាកាសធាតុកម្ពុជា។ គម្រោងនេះ បានផលិតទឹកបរិសុទ្ធមានអនាម័តលក់ជូនប្រជាពលរដ្ឋក្នុងតម្លៃថោក។
អ្នកភូមិនៅក្នុងឃុំបន្ទាយមាសកើត ត្រេកអរជាអនេក ដែលមានលទ្ធភាពទទួលបានទឹកប្រើប្រាស់ប្រសើរជាងមុន ដោយសារការដំឡើងរោងចក្រទឹកសុទ្ធ ដែលគ្រប់គ្រងដោយសហគមន៍ មានតម្លៃទាប ពោលគឺក្នុងមួយធុងតម្លៃតែ ១០០០ ទៅ ១៥០០ រៀល និងដឹកជូនដល់ផ្ទះដោយមិនគិតថ្លៃ។ ក្នុងមួយធុងអ្នកភូមិមួយគ្រួសារអាចប្រើសម្រាប់បរិភោគរហូតដល់ជិត ១ សប្តាហ៍។
លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Georde Edgar ពេលចុះទស្សនាកន្លែងផលិតទឹកស្អាតនៅក្នងឃុំបន្ទាយមាសកើត ស្រុកបន្ទាយមាស ជាមួយក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ១៦ ខែសីហា។
ជាមួយគ្នានេះ ទឹកស្អាតរបស់សហគមន៍នេះ ក៏ត្រូវបានផ្ដល់ឲ្យដោយឥតគិតថ្លៃផងដែរ ដល់សាលារៀនចំនួន ៤ ដែលស្ថិតនៅក្នុងឃុំបន្ទាយមាសកើតនេះ។ ចំណេះដឹង និងទម្លាប់អនុវត្តន៍អនាម័យមាន ភាពល្អប្រសើរឡើង តាមរយៈការតស៊ូមតិដែលធ្វើឡើងដោយភ្នាក់ងារផ្លាស់ប្តូរជាស្ត្រីនៅក្នុងមូលដ្ឋាន ដែលទទួលបានការបណ្ដុះបណ្ដាលពីគម្រោង។
តាមរយៈគម្រោងនេះ ស្រះទឹកស៊ាំនឹងអាកាសធាតុ(ស្រះទឹកដែលមានក្រាលបាត) ត្រូវបានរៀបចំស្ថាបនាឡើង ហើយអ្នកភូមិមានទម្លាប់រក្សាទុកទឹកបានល្អជាងមុន បន្ទាប់ពីមានការអបរំ។ ទាំងអស់នេះ បានជួយឲ្យអ្នកភូមិកាន់តែមានលទ្ធភាពទប់ទល់នឹងហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ។
ជាកត់សម្គាល់ ខេត្តកំពតនិងតំបន់ដទៃទៀតនៃឆ្នេរសមុទ្រកម្ពុជា តែងទទួលរងផលប៉ះពាល់ដោយសារគ្រោះអាកាសធាតុ ដូចជា គ្រោះរាំងស្ងួត ការទន្ទ្រានចូលនៃទឹកប្រៃ ខ្យល់ព្យុះតាមរដូវកាល ដែលភាគច្រើនបំផុតប៉ះពាល់ទៅលើប្រជាពលរដ្ឋក្រីក្របំផុត ជាពិសេស កុមារ ស្ត្រី និងមនុស្សចាស់ជរា។ ជារឿយៗ ការទទួលបានទឹកស្អាតនៅរដូវប្រាំងគឺជាបញ្ហាលំបាក។ ភាគច្រើននៃចំណុចប្រភពទឹករីងស្ងួតរយៈពេល ៣-៦ ខែ នៅក្នុងអំឡុងរដូវប្រាំង។ ជាងនេះទៅទៀត ហេដ្ឋារចនាសម្ព័ន្ធរក្សាទឹកមិនទាន់មានគ្រប់គ្រាន់ ហើយសហគមន៍នានាចាំបាច់ត្រូវទិញទឹកពីប្រតិបត្តិករឯកជនក្នុងតម្លៃខ្ពស់។ ការអនុវត្តអនាម័យ មិនត្រូវបានប្រកាន់ខ្ជាប់ពេញលេញ ដែលបណ្ដាលឲ្យមានបញ្ហាសុខភាព ជាពិសេស នៅពេលដែលប្រជាជនប្រើប្រាស់ទឹកមិនស្អាត។ ហើយជាចុងក្រោយ សមត្ថភាពដោះស្រាយគ្រោះមហន្តរាយក៏នៅមានកម្រិតនៅឡើយ ។
បន្ទាប់ពីមានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប គម្រោងសម្ព័ន្ធនៃការប្រែប្រួលអាកាសធាតុកម្ពុជា បានផ្ដល់ធនធានដល់ការកសាងសមត្ថភាពនិងការអនុវត្តការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ ២០១០ ៕
© រក្សាសិទ្ធិដោយ thmeythmey.com