កីឡាជាតិ
ជាតិ
ស៊ី​ហ្គេម​៖ ក្រោយ​ចាញ់​ហ្វីលីពីន U22 កម្ពុជា បន្ត​ជួប​ក្រុម​ខ្លាំង​វៀតណាម​នៅ​រសៀល​នេះ​
17, Aug 2017 , 11:09 am        
រូបភាព
ជម្រើស១១នាក់ដំបូងរបស់ U22 កម្ពុជាក្នុងជំនួបជាមួយហ្វីលីពីន។ រូបភាពពីហ្វេសប៊ុក FFC
ជម្រើស១១នាក់ដំបូងរបស់ U22 កម្ពុជាក្នុងជំនួបជាមួយហ្វីលីពីន។ រូបភាពពីហ្វេសប៊ុក FFC
ដោយ:
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ត្រូវ​ជួប​ប្រកួត​លើក​ទី​២​ពូ​ល B ជាមួយ​ក្រុម​វៀត​ណាត ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១៧ សីហា នេះ នៅ​កីឡដ្ឋាន Shah Alam Stadium​។ នៅក្នុង​ពូ​ល B ដដែល ខណៈ​ក្រុម​ហ្វីលីពីន​ប៉ះ​ឥណ្ឌូនេស៊ី​នា​វេលា​ម៉ោង​៧:៤៥​នាទី​នៅ​កីឡដ្ឋាន Shah Alam Stadium ថៃ ជួប ទី​ម័​រ​ខាងកើត​នៅ​កីឡដ្ឋាន Selayang Municipal Council Stadium​។



​ក្រោយ​ចាញ់​ក្រុម​ហ្វីលីពីន ២-០ ដែល​គេ​ចាត់ថ្នាក់​ជា​ក្រុម​ខ្សោយ​ជាមួយ​ទី​ម័​រ​ខាងកើត​ប្រចាំ​ពូ​ល B ក្នុងជំនួប​បើកឆាក U22 កម្ពុជា ហាក់​មាន​ក្តីបារម្ភ​សម្រាប់​ការជួប​ជើង​ខ្លាំង​វៀតណាម​ដែល​លត់​ទី​ម័​រ​ខាងកើត ៤-០ នា​ជំនួប​លើក​ទី​២​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី នា​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ព្រហស្បតិ៍ នេះ នៅ​កីឡដ្ឋាន Shah Alam Stadium​។

​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​ហ្វីលីពីន​គ្រូបង្វឹក U22 កម្ពុជា​លោក Leonardo Vitorino បាន​ចាត់​ការជួប​ជាមួយ​វៀតណាម​ជា​ប្រកួត​មួយ​ដ៏​លំបាក​សម្រាប់​កម្ពុជា ព្រោះ​ក្រុម​នេះ​មាន​កីឡាករ​មាន​ល្បឿន​លឿន​ប្រកបដោយ​បច្ចេកទេស​ខ្ពស់​។ ហើយ​ការ​អវត្តមាន​របស់​ខ្សែការពារ ឆុំ ភី​សា ដែល​រង​ការពិន័យ​កាត​ក្រហម និង​បញ្ហា​របួស​របស់ ច្រឹង ពលរដ្ឋ ដែល​មិនទាន់​ជាសះស្បើយ​១០០​ភាគ​ក៏​ជា​បញ្ហា​ផងដែរ​។

«​វៀតណាម​ជា​ក្រុម​ខ្លាំង​មួយ​នៅ​តំបន់​អាស៊ាន បើ​និយាយ​ពី​បច្ចេកទេស​លេង​របស់​សមាជិក​ក្នុង​ក្រុម​នេះ គឺ​ខ្ពស់ជាង និង​លឿន​ជាង​កីឡាករ​កម្ពុជា ដូច្នេះ​ការជួប​ជាមួយ​វៀតណាម​នៅថ្ងៃនេះ​ជាការ​ប្រកួត​មួយ​ដ៏​លំបាក​សម្រាប់​កម្ពុជា​។ ការ​អវត្តមាន​របស់ ឆុំ ភី​សា ជា​បញ្ហា​ប្រឈម​សម្រាប់​យើង​ដែរ ព្រោះ ភី​សា ជា​ខ្សែការពារ​ស្តាំ​មួយ​ដ៏​ល្អ ស្របពេល​របួស​របស់ ពលរដ្ឋ មិនទាន់​ជាសះស្បើយ​១០០​ភាគរយ​» នេះ​ជាការ​បង្ហាញ​កី្ត​កង្វល់​របស់លោក Leonardo Vitorino​។

​តែ​យ៉ាងណា​គ្រូបង្វឹក​ប្រេ​ស៊ី​ល​រូបនេះ​នៅតែ​រំពឹង​ទទួលបាន​លទ្ធផល​ល្អ​បើ​កីឡាករ​ទាំងអស់​មានកា​រ​សហការ​ក្នុង​ក្រុម​បានល្អ និង​លេង​អស់ពី​ចិត្ត​។ ការជឿជាក់​បែបនេះ តាមរយៈ​ការធ្វើ​យ៉ាង​ល្អ​របស់​ក្រុម U22 កម្ពុជា​ក្នុងជំនួប​យក​ស្មើ​ជាមួយ​ចិន និង​ចាញ់​ជប៉ុន ២-០ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U23 Asian Cup កាលពីពេល​កន្លងទៅ​។​

​ក្រៅពី​ជំនួប​រវាង​ក្រុម​ទាំងពីរ​នេះ ក៏មាន​ការប្រកួត​ពីរ​គូ​ផ្សេងទៀត​ផងដែរ​ក្នុង​ពូ​ល B នេះ ក្នុងនោះ U22 ឥណ្ឌូនេស៊ី​ដែល​ស្មើ ១-១ ជាមួយ​ថៃ ត្រូវ​ជួប​ជាមួយ​ហ្វីលីពីន​នា​វេលា​ម៉ោង​៧:៤៥​នាទី​នៅ​កីឡដ្ឋាន Shah Alam Stadium ខណៈ​ថៃ ប៉ះ​ទី​ម័​រ​ខាងកើត​នៅ​កីឡដ្ឋាន Selayang Municipal Council Stadium​។

​គួរ​បញ្ជក់​ថា សម្រាប់​ការប្រកួត​ពូ​ល A កាលពី​ថ្ងៃទី​១៦ សីហា ក្រុម​មី​យ៉ាន់​ម៉ា​បាន​យកឈ្នះ​ឡាវ ក្នុង​លទ្ធផល ៣-១ នៅ​កីឡដ្ឋាន​UiTM Stadium ដើម្បី​ឡើងឈរ​កំពូល​តារាង ស្របពេល​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​យកឈ្នះ​សិង្ហ​បុរី ២-១ នៅ​កីឡដ្ឋាន Shah Alam Stadium ដើម្បី​ឈរ​លេខ​រៀង​ទី​២៕   


Tag:
 SEA Games 2017
  ម៉ាឡេស៊ី​
  Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com