បទវិភាគ
តាមច្បាប់​អន្តរជាតិ អាមេរិក​ទារបំណុល​ស​ង្គ្រា​ម​កម្ពុជា​ជា​រឿង​គ្មាន​​សមធម៌​
17, Aug 2017 , 11:47 am        
រូបភាព
ដោយ: ថ្មីៗ
​លិខិតមិត្តអ្នកអាន-កែវ សុទ្ធិ
នៅ​ថ្ងៃទី​៣ ខែកុម្ភៈ ២០១៧ អគ្គរដ្ឋទូត​អាមេរិក William Heidt បាន​ជួប​ជាមួយ​សម​ភាគី​កម្ពុជា ហើយ​បាន​ប្រាប់​ឲ្យ​មន្ត្រី​កម្ពុជា​គួរ​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អាមេរិក​ដើម្បី​សងបំណុល​សង្គ្រាម​ចំនួន​៥០០​លាន​ដុល្លារ​។ បំណុល​ដែល​របប​លន់នល់​ខ្ចី​សម្រាប់​ការផ្គត់ផ្គង់​ស្បៀង​មានតែ​២៧៤​លាន​ដុល្លារ​ប៉ុណ្ណោះ​។ តែ​បច្ចុប្បន្ន​ចំនួន​នេះ​កើន​ដល់​៥០០​លាន​ដុល្លារ​។​



​ក្នុងជំនួប​នោះ លោក Heidt និយាយថា​៖ «​សម្រាប់​ខ្ញុំ កម្ពុជា​មើលទៅ​មិន​ដូចជា​ប្រទេស​ដែលមាន​បំណុល​នោះទេ​។ អគារ​ច្រើន​រីកដុះដាល​ពេញទី​ក្រុង​។ ការវិនិយោគ​ពី​បរទេស​ក៏មាន​ច្រើន ហើយ​ចំណូល​រដ្ឋាភិបាល​ក៏​កើនឡើង​យ៉ាង​ឆាប់រហ័ស​ដែរ​»​។​

​ផ្ទុយទៅវិញ យោងតាម​ធនាគារពិភពលោក កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១៧៤ ក្នុងចំណោម​២១៤​ប្រទេស​នៃ​បញ្ជីចំណូល​ជាតិ​សរុប​សម្រាប់​មនុស្ស​ម្នាក់​។​

​ជាការ​ពិត កម្ពុជា​ពិត​ជាមាន​ដំណើរការ​ហិរញ្ញវត្ថុ​ល្អ ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក​។ ប៉ុន្តែ​កម្ពុជា​សព្វថ្ងៃ អាចធ្វើ​អាក្រក់​ជាង​របប​ខ្មែរក្រហម​ឬ​? ក្នុងការ​ទាមទារ​ឲ្យ​កម្ពុជា​សងបំណុល លោក Heidt គិតថា កម្ពុជា​មិនត្រូវ​រស់នៅ​ជាមួយនឹង​ប្រវត្តិ​នៃ​បំណុល​នោះឡើយ​។ «​ខ្ញុំ​ចង់​និយាយថា វា​ជា​ប្រយោជន៍​របស់​កម្ពុជា​ទៅវិញ​ទេ ដែល​ពុំ​ត្រូវ​ក្រឡេក​មើលទៅ​អតីតកាល​។ ប៉ុន្តែ​ត្រូវ​មើលថា តើ​គេ​ត្រូវ​ដោះស្រាយ​បញ្ហា​បំណុល​នេះ​យ៉ាងដូចម្តេច​ទៅវិញ ពីព្រោះ​វា​ចាំបាច់​សម្រាប់​អនាគត​របស់​កម្ពុជា​»​។​

​លោក Heidt! អតីតកាល​នៅតែ​ជា​បញ្ហា​។ ចាប់ពី​ថ្ងៃទី​៤ ខែតុលា ១៩៦៥ ដល់​ថ្ងៃទី១៥ ខែសីហា ១៩៧៣ អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​ប្រមាណ​២ ៧៥៦ ៩៤១​តោន​លើ​កម្ពុជា​។ សាស្ត្រាចារ្យ Taylor Owen និង​សាស្ត្រាចារ្យ Ben Kiernan បានធ្វើការ​ប្រៀបធៀប​ដ៏​មានន័យ អំពី​ការទម្លាក់​គ្រាប់បែក​ដ៏​ច្រើន​មហិមា​នេះ​ក្នុង​សៀវភៅ «Bombs over Cambodia» ។ «​ទ័ព​សម្ព័ន្ធមិត្ត​បាន​ទម្លាក់​គ្រាប់បែក​សរុប​ជាង​២​លាន​តោន​ក្នុង​សង្គ្រាមលោកលើកទី​២ ដោយ​រួមបញ្ចូល​ទាំង​ការទម្លាក់​គ្រាប់​ចំនួន​១៥០០០​តោន​លើ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា និង​ចំនួន​២០០០០​តោន​ទៀត​លើ​ទីក្រុង​ណា​ហ្កា​សា​គី​។ កម្ពុជា​អាច​ចាត់ទុក​បានជា​ប្រទេស​រង​ការទម្លាក់​គ្រាប់បែក​ខ្លាំងជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​»​។​

​គ្រាប់បែក​ទាំងនេះ​បង្ក​ផលប៉ះពាល់​ច្រើនណាស់​ដល់​សង្គម​កម្ពុជា ក៏ដូចជា​រួមចំណែក​ដ​ល់​ការកកើត​ខ្មែរក្រហម​ទៀតផង​។ នៅពេល​អ្នកកាសែត​អូស្ត្រាលី Bruce Palling សួរ​កម្មាភិបាល​ខ្មែរក្រហម ឈិ​ត ដូ ថា​ការទម្លាក់​គ្រាប់បែក​នេះ​ត្រូវបាន​យកទៅ​ឃោសនា​ដើម្បី​ប្រមូល​កម្លាំង​ទ័ព​ឬ​យ៉ាងណា លោក ឈិ​ត ដូ ឆ្លើយថា​៖ «​គ្រប់ពេល​បន្ទាប់ពី​ការទម្លាក់​គ្រាប់បែក ខ្មែរក្រហម​បាន​នាំ​ប្រជាជន​ទៅ​មើល​រណ្ដៅ​គ្រាប់​ឲ្យ​ដឹង​ធំ​ប៉ុណ្ណា និង​ជ្រៅ​ប៉ុណ្ណា និង​មើលថា​ផែនដី​នេះ​ត្រូវបាន​កម្ទេច ហើយ​ឆេះ​រោលរាល​ដោយ​របៀប​ណា​។ ពេលខ្លះ ប្រជាជន​សាមញ្ញ​ភ័យ​រាគ​អាចម៍​ដាក់​ខោ នៅពេលដែល​យន្តហោះ​ទម្លាក់​គ្រាប់​មកដល់​ម្តងៗ​។ ពួកគេ​ភាន់ភាំង​អស់ ហើយ​វង្វេង​វិលវល់​ពី​បី​ទៅ​៤​ថ្ងៃ​។ ដោយ​ភ័យរន្ធត់​ស្ទើរ​ឆ្កួត​ទៅហើយ ប្រជាជន​ត្រៀមខ្លួន​ជឿ​អ្វី​ដល​ខ្មែរក្រហម​និយាយ​។ ដោយសារតែ​ពួកគេ​មិន​ពេញ​ចិត្តនឹង​ការទម្លាក់​គ្រាប់បែក​នេះហើយ ដែល​ធ្វើ​ឲ្យ​ពួកគេ​ចូល​ដៃ​ជាមួយ​ខ្មែរក្រហម បញ្ជូន​កូនៗ​ទៅ​ជួយ​ខ្មែរក្រហម​។ ពេលខ្លះ​គ្រាប់បែក​ធ្លាក់ចំ​ក្មេងៗ ដូច្នេះ​ឪពុក​ពួកគេ​ច្បាស់​ជា​គាំទ្រ​ខ្មែរក្រហម​មួយ​ទំហឹង​ហើយ​»​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​រដ្ឋបាល​ប្រធានាធិបតី Richard Nixon ក៏​ដឹងថា ខ្មែរក្រហម​បាន​យក​ការទម្លាក់​គ្រាប់បែក​នេះ​ធ្វើជា​ប្រធានបទ​ឃោសនា​មហាជន​ដែរ​។ ប៉ុន្តែ​ការទម្លាក់​គ្រាប់បែក​ដែល​ខុសច្បាប់​នៅតែ​បន្ត រហូតដល់​សភា​អាមេរិក​ដឹង​រឿងនេះ និង​បញ្ឈប់​សកម្មភាព​នៅ​ឆ្នាំ​១៩៧៣ ។ ប៉ុន្តែ​វា​ដូចជា​យឺត​ពេល​ទៅហើយ​។ ខ្មែរក្រហម​បាន​ប្រមូល​កម្លាំង​បាន​ច្រើនជាង​២​សែន​នាក់​ទៅហើយ​។ លោក Kiernan កត់សម្គាល់ថា «​ប៉ុលពត​មិនអាច​ឡើងកាន់​អំណាច​បា​ន​ទេ បើ​គ្មាន​អស្ថេរភាព​ធ្ងន់ធ្ងរ​ផ្នែក​យោធា និង​សេដ្ឋកិច្ច​នៅ​កម្ពុជា​ដែល​បង្កឡើង​ដោយ​សហរដ្ឋអាមេរិក ដែល​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៦៦​នោះ​»​។

​បើតាម​សាស្ត្រាចារ្យ Taylor Owen និង​សាស្ត្រាចារ្យ Ben Kiernan លោក និក​សុន​មាន​ទ្រឹស្តី​មួយ គឺ​ការជឿជាក់​ទៅលើ​ការផ្គត់ផ្គង់​ដល់​សម្ព័ន្ធមិត្ត​នូវ​ធនធាន ដើម្បី​ទប់ទល់​បញ្ហា​ប្រឈម​ទាំង​ក្នុង និង​ទាំង​ក្រៅ ខណៈ​អាមេរិក​កំពុង​ដកទ័ព​របស់ខ្លួន​។ នៅ​កម្ពុជា អាមេរិក​បានផ្ដល់​ជំនួយ​យោធា​ដើម្បី​គាំទ្រ​លោក​លន់ នល់ ដែលជា​ឧ​ត្ត​ម​សេនីយ៍​ស្និទ្ធ​អាមេរិក​ក្នុង​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​១៩៧៥ ស្រប​ពេលដែល​អាមេរិក​បានធ្វើ​ប្រតិបត្តិ​ការទម្លាក់​បែក​ដោយ​សម្ងាត់ និង​ខុសច្បាប់​។

​ក្នុង​កំណត់ហេតុ​សម្ងាត់​មួយ រដ្ឋមន្ត្រីការបរទេស Henry Kissinger បាន​ប្រាប់​ឲ្យ​ស្ថានទូត​អាមេរិក​ផ្ដល់​ការលើកទឹកចិត្ត​ជា​អតិបរមា​សម្រាប់​ផ្ដល់ជំនួយ​ដល់​កម្ពុជា​។ លោក​លន់ នល់ ត្រូវបាន​អាមេរិក​ធានា​ពី​ការផ្គត់ផ្គង់​អាវុធ និង​បំណង​របស់​អាមេរិក​ក្នុង​ការជួយ​កម្ពុជា​នៅពេល​ខាងមុខ​ទៀត​។ ដោយមាន​ការគាំទ្រ​រប​ស់​អាមេរិក លន់ នល់ បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្ដេចព្រះ​នរោត្តម សីហនុ ក្នុង​ខែមីនា ឆ្នាំ​១៩៧០ ។​

​បំណុល​ជា​ស្បៀងអាហារ​របស់​របប​លន់ នល់ ផ្ដើមចេញពី​អាមេរិក​តែម្ដង​។ សង្គ្រាមស៊ីវិល​រវាងរ​ដ្ឋា​ភិ​បាល​លន់ នល់ និង​ក្រុមខ្មែរក្រហម ក៏ដូចជា​ការបន្ត​ទម្លាក់​គ្រាប់បែក​ខុសច្បាប់​របស់​អាមេរិក បាន​បង្អាក់​ផលិតកម្ម​ស្រូវ​ក្នុងស្រុក​។ លើសពីនេះទៅទៀត ដោយសារតែ​ខ្មែរក្រហម​បាន​ដណ្ដើម​ត្រួតត្រា​តំបន់​ជនបទ ពួកគេ​បាន​កាត់ផ្ដាច់​ការផលិត​ស្រូវ និង​ការផ្គត់ផ្គង់​អាហារ​ចូល​ក្រុងភ្នំពេញ​។ បញ្ហា​នេះ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​លន់ នល់ ពឹង​ផ្អែកលើ​ការទម្លាក់​ស្បៀង​របស់​អាមេរិក​។​

​ការទាមទារ​ឲ្យ​កម្ពុជា​សងបំណុល​សម័យ​សង្គ្រាម​ក្នុងសម័យ​លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក ជា​រឿង​មិន​ស្មើភាព​ទេ បើ​យោងតាម​ច្បាប់​អន្តរជាតិ​។ គោលការណ៍​សមភាព​នេះ មិនត្រូវ​បាន​គេ​ឲ្យ​និយមន័យ​ច្បាស់លាស់​ទេ ហើយ​វា​ស្មុគស្មាញ​ថែមទៀត​ផង​។ យ៉ាងណាក៏ដោយ បើតាម​សាស្ត្រ​ចា​រ្យ S.K. Chattopadhyay ដែល​បាន​សរសេរ​ក្នុង​សៀវភៅ Equity in International Law: Its Growth and Development  សមភាព​អាចនិយាយបាន​ជា​គំនិត​នៃ​យុត្តិធម៌ ភាព​ទៀងត្រង់ ហើយ​ត្រូវ​កកើតឡើង​ដោយ ហេតុផល និង​មនសិការ​។ អ្នកប្រាជ្ញ​ច្រើន​រូប​បាន​លើកឡើងថា ការតវ៉ា​ដោយ​ផ្អែកលើ​សមភាព​ក្រោម​ច្បាប់​អន្តរជាតិ ដែល​ផ្ទុយគ្នា​ពី​ការតវ៉ា​ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ បាន​ទុក​ផ្លូវ​ឲ្យ​មានការ​សម្រេចចិត្ត​លើ​ជម្លោះ​ណាមួយ​ដោយ​ផ្អែកលើ​ស្ថានភាព​ពាក់ព័ន្ធ​ទាំងអស់​។ ចំណែក​សាស្ត្រ​ចា​រ្យ Vaughan Lowe ក៏បាន​បញ្ជាក់​ក្នុង​សៀវភៅ The Role of Equity in International Law ថា ការតវ៉ា​តាមផ្លូវ​ច្បាប់​តឹងរ៉ឹង មាន​និន្នាការ​បង្រួម​បញ្ហា ដោយ​មិនបាន​បញ្ចូល​បញ្ហា​ពាក់ព័ន្ធ​នានា ហើយ​ប្រែក្លាយ​ទំនាក់ទំនង​សាំញ៉ាំ​មួយ​ទៅជា​ការវិភាគ​តាមច្បាប់​តែមួយ​ជ្រុង​ដែលមាន​លក្ខណៈ​ងាយ​ស្រួយ​។ ឯ​ការតវ៉ា​តាម​សមភាព​វិញ បានអនុញ្ញាត​ឲ្យ​មាន​ប្រធានបទ​ស្រាវជ្រាវ​ទូលំទូលាយ​ជាមួយនឹង​ការពិចារណា​លើ​គ្រប់​ទិដ្ឋភាព​។ ការតវ៉ា​ដោយ​ផ្អែកលើ​គោលការណ៍​សមភាព​ក៏មាន​បញ្ចូល​ការជជែក​តាមផ្លូវ​ច្បាប់ និង​សីលធម៌​ផងដែរ​។​

​ការស៊ើបអង្កេត​ដោយ​ផ្អែកលើ​សមភាព គឺជា​រឿង​ចាំបាច់​សម្រាប់​ករណី​បំណុល​សង្គ្រាម​របស់​កម្ពុ​ជា​។ ព្រោះ​អ្វីដែល​អាមេរិក​ទាមទារ គឺ​ទៅ​ហួស​ច្បាប់ ហើយ​លើសពី​មនសិកា​នៃ​យុត្តិធម៌ និង​សីលធម៌​ទៅទៀត​។ ប្រសិនបើ​អាមេរិក​ចង់​និយាយ​រឿង​សងបំណុល​សង្គ្រាម​នេះ វា​ត្រូវតែមាន​ការជជែក​លើ​ការទម្លាក់​គ្រាប់បែក​ខុសច្បាប់​, ការកើតឡើង​របស់​ខ្មែរក្រហម​, សង្គ្រាម​វៀតណាម​, រដ្ឋប្រហារ​ទម្លាក់​សម្ដេច​សីហនុ​, ការកកើត​រប​បន​ន់ នល់ និង​ការគាំទ្រ​របប​លន់ នល់ របស់​អាមេរិក​។ នៅពេល​កត្តា​ទាំងនេះ​ត្រូវបាន​ពិចារណា​ល្អិតល្អន់​ហើយ​នោះ គេ​នឹង​ឃើញ​បញ្ហា​មួយ​ត្រូវមាន​ដំណោះស្រាយ​មួយ​។ ដូច្នេះ វា​ជា​រឿង​ដែលមាន​មិនមាន​សមធម៌​ទាល់តែសោះ​ដែល​កម្ពុជា​ត្រូវ​មក​សងបំណុល​សង្គ្រាម​ទៅ​អាមេរិក​។​

​ផ្ទុយទៅវិញ បើ​អាមេរិក​នៅតែ​មិនទាន់​ជឿថា វា​ជា​រឿង​មិន​យុត្តិធម៌​និង​លំអៀង ដែល​ទាមទារ​ឲ្យ​កម្ពុជា​សងបំណុល​សង្គ្រាម ដែល​បង្ករ​ឡើង​ដោយ​របប​ដែល​ខ្លួន​គាំទ្រ និង​បំណុល​ដែល​ត្រូវបាន​ទទួលយក​ដើម្បី​ផ្គត់ផ្គង់​ពលរដ្ឋ​ខ្មែរ​អត់ឃ្លាន​ដោយសារតែ​ការទម្លាក់​គ្រាប់បែក​របស់ខ្លួន​នោះ វា​នៅមាន​ជម្រើស​មួយទៀត​។

​លោក​អគ្គរដ្ឋទូត Heidt យើង​គួរ​ញែក​បញ្ហា​នេះ​ជា​ពីរ​៖ ទីមួយ​យើង​គួរ​ជជែក​ពី​សំណង​ដែល​អាមេរិក​ជំពាក់​កម្ពុជា​ក្នុង​បញ្ហា​ទម្លាក់​គ្រាប់បែក​ខុសច្បាប់ ហើយ​បន្ទាប់មក ប្រហែលជា​យើង​អាច​និយាយ​គ្នា​រឿង​បំណុល​សង្គ្រាម​៕



© រក្សាសិទ្ធិដោយ thmeythmey.com