ជាតិ
បក្សនយោបាយ​ងាយ​បាត់​ជំហរ បើ​ពឹង​លើ​ប្រធាន​តែ​ម្នាក់​
18, Aug 2017 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ បច្ចុប្បន្ននេះ មាន​គណបក្សនយោបាយ​មួយចំនួន ហាក់​កំពុង​បាត់បង់​ជំហរ ក្រោយ​អវត្តមាន​មេដឹកនាំ​កំពូល​របស់ខ្លួន​។ គណបក្ស​ដែល​បាត់បង់​ប្រធាន ឬ​ប្រធាន​លែង​សូវ​សកម្ម​នៅ​ទីសាធារណៈ​មានដូចជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​អំណាច​ខ្មែរ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ជាដើម​។​



​ចាប់តាំងពី​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ រួចមក រឿង​គួរ​ឲ្យ​កត់សម្គាល់​មួយ បានកើត​ឡើង គឺ​គណបក្ស​តូចៗ​មួយចំនួន បាន​ជួប​ភាព​អកុសល​ជា​បន្តបន្ទាប់​។ គ្រាន់តែ​ប្រធាន​មាន​បញ្ហា​ភ្លាម ចលនានយោបាយ​របស់​គណបក្ស​ទាំងនោះ ក៏​ចាប់ផ្តើម​រង្គោះរង្គើ ហើយ​ហាក់​បាន​បាត់​លំនឹង​តែម្តង​។​

​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដែល​បង្កើត និង​ដឹកនាំ​ដោយ​លោក ញឹក ប៊ុនឆៃ អតីត​មេទ័ព​និង​ជា​អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់​រដ្ឋាភិបាល​មួយរូប បាន​បាត់បង់​កម្លាំង​សាមគ្គី​ស្ទើរ​អស់​ទៅហើយ ហើយ​រចនាសម្ព័ន្ធ​ដឹកនាំ​ក៏​មិន​ច្បាស់លាស់​ដែរ​។ គ្រាន់តែ​អវត្តមាន​របស់លោក ញឹក ប៊ុនឆៃ ភ្លាម មន្ត្រី​មួយចំនួន​ហាក់​អស់សង្ឃឹម ហើយក៏​សម្រេចចិត្ត​ដើរ​ចេញពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទៅរក​ជម្រក​ចាស់​ខ្លួន​វិញ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ​។ មន្ត្រី​ខ្លះទៀត ក៏បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ រហូតមកដល់​ពេលនេះ រចនាសម្ព័ន្ធ​ថ្មី​ដើម្បី​ដឹកនាំ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ជា​បណ្តោះអាសន្ន ក្នុង​គ្រា​ដែល​គ្មាន​លោក ញឹក ប៊ុនឆៃ នៅ​មិនទាន់​កើតឡើង​នោះទេ​។

​រីឯ​គណបក្ស​អំណាច​ខ្មែរ ដែល​បាន​លេច​រូបរាង​ឡើង​ក្រោម​ការផ្តួចផ្តើម​របស់លោក សួន សេរី​រដ្ឋា ក៏​កំពុងតែ​ជួប​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ដែរ​។ លោក សួន សេរី​រដ្ឋា ត្រូវបាន​ចាប់ខ្លួន និង​យកទៅ​ឃុំ​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការកាត់ទោស​នាពេលខាងមុខ ដោយ​តុលាការ​ចាត់ទុក​សំណេរ ដែល​លោក​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ថា​ធ្វើ​ឲ្យ​កងទ័ព មិន​ស្តាប់​បទបញ្ជា ដែល​អាច​បណ្តាល​ឲ្យ​បាត់បង់​សន្តិសុខ​ជាតិ​។ 

​ក្រោយ​តុលាការ បញ្ជូន​ខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន លោក សួន សេរី​រដ្ឋា បាន​ផ្ទេរតំណែង​ជា​ប្រធាន​ស្តី​ទ ឲ្យ​ទៅ​លោក សួង សោ​ភ័​ណ្ឌ ដើម្បី​ដឹកនាំ​គណបក្ស​អំណាច​ខ្មែរ ជា​បណ្តោះអាសន្ន​។ ថ្វី​ដ្បិត​គណបក្ស​នេះ មាន​លោក សួង សោ​ភ័​ណ្ឌ ដឹកនាំ​ជំនួស​ក៏ដោយចុះ ប៉ុន្តែ​ភាពរឹងមាំ​នៅក្នុង​ផ្ទៃក្នុង និង​ចលនានយោបាយ ទំនងជា​មិន​ស្ថិតក្នុង​ប្រក្រតីភាព​ដូច​មុន​ឡើយ​។ មូលហេតុ​នោះ​គឺថា ពី​ដើម​មក មានតែ​លោក សួន សេរី​រដ្ឋា ប៉ុណ្ណោះ ដែលមាន​ឥទ្ធិពល ក្នុង​គណបក្ស​អំណាច​ខ្មែរ​។ ហើយ គណបក្ស​អំណាច​ខ្មែរ ក៏មាន​តែ​លោក សួន សេរី​រដ្ឋា ដែរ ដែលមាន​វោហារសាស្ត្រ​លេចធ្លោ​ជាងគេ ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​ពី​ប្រជាពលរដ្ឋ កន្លងមក​។

​ទាំង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​អំណាច​ខ្មែរ ប្រហែលជា​ត្រូវ​បំភ្លេច​កិច្ចការ​នយោបាយ​នានា​ចោល​ស្ទើរ​ទាំងស្រុង ដើម្បី​គិតតែ​ពី​រក​ដំណោះស្រាយ​សម្រាប់​ប្រធាន​របស់ខ្លួន ដែល​កំពុង​ស្ថិតនៅក្រោម​ចំណាត់ការ​របស់​តុលាការ​។ វេទិកាសាធារណៈ​និង​ការចុះ​ជួប​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ក៏​លែង​កើតមាន​ដែរ នៅពេល​ជីវិត​នយោបាយ​របស់​ប្រធាន​គណបក្ស​ទាំងពីរ ស្ថិតក្នុង​កណ្តាប់ដៃ​តុលាការ​បែបនេះ​។​

​បញ្ហា​ធ្ងន់ធ្ងរ​មួយទៀត ដែល​គណបក្ស​ទាំងពីរ រឹតតែ​ព្រួយបារម្ភ​នោះ គឺ​ការ​ប្រឈម​ជាមួយ​តុលាការ​តែម្តង​។ បើ​ផ្អែកលើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ទើបនឹង​ត្រូវបាន​កែប្រែ តុលាការ​អាច​នឹង​រំលាយ គណបក្ស​ទាំងពីរ​នេះ​ចោល ប្រសិនបើ​នៅមាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ណាមួយ ដែលមាន​ឈ្មោះ​ជា​អ្នកទោស ដើម្បី​បាន​ប្រយោជន៍​ផ្នែក​នយោបាយ​។ លើសពីនេះ​ទៀត ប្រសិនបើ​ក្លាយជា​អ្នកទោស​ហើយ លោក ញឹក ប៊ុនឆៃ ត្រូវតែ​ប្រកាស​លាលែង​ពី​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហើយ​លោក សួន សេរី​រដ្ឋា ត្រូវតែ​ប្រកាស​លាលែង​ពី​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​។ ច្បាប់​ស្តីពី​គណបក្សនយោបាយ មិន​អនុញ្ញាត​ឲ្យ​អ្នកទោស ធ្វើជា​ប្រធាន​គណបក្ស ឬក៏​ធ្វើជា​សមាជិក​គណៈកម្មាធិកា​រ​នាយក​ក្នុង​គណបក្ស​ណាមួយ នោះទេ​។

​ចំណែក គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​ពីមុន​មាន​លោក ម៉ម សូណង់ដូ ជា​ម្ចាស់ ក៏​មិនសូវ​សកម្ម​ដូច​មុន​ដែរ​។ តាមពិតទៅ គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ មិនបាន​ជួប​ឧបសគ្គ​អ្វី​ធំដុំ នោះទេ​។ ប៉ុន្តែ​ការចុះទៅ​ជួប​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន សឹងតែ​មិនមាន​តទៅទៀត ក្រោយ​លោក ម៉ម សូណង់ដូ ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​សំបុក​សង្គម​ប្រជាធិបតេយ្យ​។ លោក ម៉ម សូណង់ដូ ប្រកាស​លាលែង​ពី​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ព្រោះ​មិនបាន​ទទួលលទ្ធផល​ល្អ ពី​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់​។ 

​ក្រៅពី​លោក ម៉ម សូណង់ដូ ប្រជាពលរដ្ឋ​ភាគច្រើន ដូចជា​ពុំបាន​ស្គាល់​និង​ចាប់អារម្មណ៍​លើ​អ្នកនយោបាយ​ណា​ផ្សេង នៅក្នុង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ឡើយ​។ នេះ ហើយ​ជា​មូលហេតុ ដែល​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ កាន់តែ​បាត់បង់​ម្តង​បន្តិចៗ​។ 

​ចំពោះ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ដឹកនាំ​ដោយ​លោក ខឹម វាសនា ហាក់​ស្ងប់ស្ងាត់​ជាង​មុន​។ ក្រោយ​ការបោះឆ្នោត​ថ្នាក់ឃុំ​-​សង្កាត់ លោក ខឹម វាសនា បាន​រង​បណ្តឹង​ពី​ប្រជាពលរដ្ឋ​ម្នាក់​។ ប្រជាពលរដ្ឋ​រូបនោះ បាន​ប្តឹង​លោក ខឹម វាសនា ពីបទ​ប្រមាថ​ពូជសាសន៍​ខ្មែរ​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ តុលាការ មិនទាន់​កោះហៅ​លោក ខឹម វាសនា ទៅ​សាកសួរ​ក្នុង​សំណុំ​រឿងនេះ នៅឡើយ​ទេ​។ កន្លងមក មន្ត្រី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ចេញមក​បកស្រាយ​ថា លោក ខឹម វាសនា មិនបាន​ប្រមាថ​ព្រះមហាក្សត្រ និង​ប្រមាថ​ប្រជាពលរដ្ឋ​ខ្មែរ នោះទេ​។

​ក្រោយ​រង​បណ្តឹង​និង​ការរិះគន់​ខាងលើ លោក ខឹម វាសនា បាន​ដកខ្លួន​ចេញពី​ឆាកនយោបាយ​មួយរយៈ​។ យ៉ាងណា​ក៏ដោយចុះ បណ្តឹង​និង​ការរិះគន់ អាច​មិនមែនជា​ហេតុផល​ដែល​លោក ខឹម វាសនា ត្រូវ​ផ្អាក​សកម្មភាព​នយោបាយ​ក៏​ថា​បាន​។ ថ្មីៗ​នេះ លោក ខឹម វាសនា បាន​ចេញមក​ផ្សាយ​ផ្ទាល់ (Live) លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដើម្បី​ប្រាប់​មូលហេតុ​ដែល លោក ឈប់សម្រាក​ពី​កិច្ចការ​នយោបាយ​។

​លោក ខឹម វាសនា ប្រាប់ថា លោក មិនបាន​ទៅ​ឆ្ងាយ​ពី​អ្នកគាំទ្រ ដែល​លោក ចូល​ចិត​ហៅថា «​ក្មួយ ឬ កូន​» នោះទេ​។ ប៉ុន្តែ ការដែល​លោក ស្ងប់ស្ងាត់​ពី​ឆាកនយោបាយ​នាពេលនេះ គឺ​ដោយសារតែ​លោក ជាប់រវល់​សរសេរ​សៀវភៅ សម្រាប់​ទុកជា​ប្រយោជន៍​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។ សៀវភៅ​ដែល​លោក ខឹម វាសនា កំពុង​សរសេរ​ជា​ភាសា​ខ្មែរ​និង​ភាសា​អង់​គ្លេ​ង​នោះ គឺមាន​ចំណងជើង​ថា «​ជីវិត ជា​អ្នកផ្តល់​ឲ្យ​»​។​

​តាំងពី​អវត្តមាន​របស់លោក ខឹម វាសនា មក ការផ្សព្វផ្សាយ​ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មិនសូវ​ជា​ផុសផុល ដូច​មុន​ឡើយ​។ ហើយ​ការរៀបចំ​វេទិកាសាធារណៈ​នៅតាម​មូលដ្ឋាន​របស់​គណបក្ស​នេះ ក៏​ចាប់ផ្តើម​ធ្លាក់ចុះ​ដែរ​។

​គណបក្សនយោបាយ​ខាងលើ មាន​វាសនា​ប្រហាក់ប្រហែលគ្នា ក្រោយ​ប្រធាន​មិន​នៅ​។ ថ្វី​ដ្បិត​ជីវិត​នយោបាយ​របស់​គ​ណ​បក្ស​ខាងលើ នៅតែ​អាច​បន្ត ដោយ​គ្មាន​ប្រធាន​ក៏ពិតមែន ប៉ុន្តែ​សកម្មភាព​នានា និង​ភាព​លេចធ្លោ មិន​ស្ថិតក្នុង​សភាព​ដើមឡើយ​។

​ការ​លេចធ្លោ​របស់​ប្រធាន​តែ​ម្នាក់ អាច​ក្លាយជា​វិបត្តិ​របស់​គណបក្ស​តូចៗ ទៅ​ថ្ងៃមុខ​។ ជាក់ស្តែង គណបក្ស​ទាំង​ប៉ុន្មាន​ខាងលើ ហាក់​គ្មាន​លំនឹង ក្រោយ​អវត្តមាន​របស់​ប្រធាន​ខ្លួន​។ ចំណុច​អវិជ្ជមាន​ត្រង់ចំណុច​នេះ គួរតែ​ក្លាយជា​មេរៀន និង​ជា​គំរូ សម្រាប់​គណបក្សនយោបាយ​ជាទូទៅ​។ ជីវិត​នយោបាយ​នៃ​គណបក្ស​មួយ ពុំគួរ​ពឹង​ផ្អែកលើ​ប្រធាន​តែ​ម្នាក់​នោះទេ​។

​ក្រៅពី​ការតាក់តែង​គោលនយោបាយ និង​លក្ខន្តិកៈ ការបង្កើន​ធនធានមនុស្ស​និង​អ្នកដឹកនាំ ក៏​ជា​ចំណុច​សំខាន់ ដែល​គណបក្ស ពុំគួរ​ព្រងើយកន្តើយ​ដែរ ដើម្បី​ធ្វើជា​ជំហរ នៅពេល​អវត្តមាន​ប្រធាន ឬ​មេដឹកនាំ​កំពូល​៕


Tag:
 បក្ស​តូចៗ​
  ប្រធាន​
  បញ្ហា
© រក្សាសិទ្ធិដោយ thmeythmey.com