អន្តរជាតិ
អាមេរិក និង​ជប៉ុន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ដាក់​សម្ពាធ​កូរ៉េខាងជើង​ឲ្យ​បោះបង់​អាវុធ​នុយក្លេអ៊ែរ
19, Aug 2017 , 2:19 pm        
រូបភាព
ដោយ:
​អាមេរិក និង​ជប៉ុន​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ដើម្បី​បង្កើន​សមត្ថភាព​ឆ្លើយតប​ការគំរាមកំហែង​បង្កឡើង​ដោយ​មី​ស៊ី​ល​កូរ៉េខាងជើង​។ ភាគី​ទាំងពីរ​ក៏​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​បន្ត​ដាក់​សម្ពាធ​ឲ្យ​រដ្ឋ​កុម្មុយនីស្ដ​នេះ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​របស់ខ្លួន​ផង​។​



​ក្រោយ​កិច្ចប្រជុំ​គណៈកម្មការ​ទីប្រឹក្សា​សន្តិសុខ​ជប៉ុន​-​អាមេរិក​នៅ​ក្រុង​វ៉ាស៊ីនតោន​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧ សីហា រដ្ឋមន្ត្រី​ការពារជាតិ​និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​និង​ជប៉ុន បាន​សន្យា​បន្ត​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ដោយ​ពង្រឹង​កិច្ចសហការ​ទ្វេភាគី​បន្ថែម និង​អំពាវនាវ​ដល់​សមាគម​អន្តរជាតិ​អនុវត្ត​ទណ្ឌកម្ម​អង្គការសហប្រជាជាតិ​ប្រឆាំង​កូរ៉េខាងជើង​ឲ្យ​ពេញលេញ​។​

​កិច្ចប្រជុំ​គណៈកម្មការ​ទីប្រឹក្សា​សន្តិសុខ​អាមេរិក​-​ជប៉ុន​នេះ​មានការ​ចូលរួម​ពី​សំណាក់​រដ្ឋមន្ត្រីការបរទេស​ជប៉ុន តា​រ៉ូ កូ​ណូ (Taro Kono) រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ជប៉ុន​លោក អ៊ី​ស៊ូ​ណូរី អូ​ណូ​ដឺ​រ៉ា (Itsunori Onodera) រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក រិច ធី​ល័​រ​សិន (Rex Tillerson) និង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ទី​ស (Jame Mattis)​។​

​សេចក្តីថ្លែងការណ៍​រួម​របស់​ភាគី​ទាំងពីរ​ក្រោយ​កិច្ចប្រជុំ​បញ្ជាក់​ដូច្នេះ​ថា​៖« អាមេរិក​និង​ជប៉ុន​សូម​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​អនុវត្ត​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ឲ្យ​បាន​ពេញលេញ​ដើម្បី​ប្រឆាំង​កូរ៉េខាងជើង​និង​ដាក់​សម្ពាធ​ឲ្យ​រដ្ឋ​នេះ​ចោល​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផងដែរ​»​។​

​លើសពីនេះទៅទៀត រដ្ឋមន្ត្រី​អាមេរិក​និង​ជប៉ុន​ក៏​លើកឡើង​ផងដែរ ចិន​ត្រូវតែ​ប្រើ​ចំណាត់ការ​ខ្លាំង​ឆ្លើយតប​នឹង​កូរ៉េខាងជើង ជាពិសេស​ការដាក់​សម្ពាធ​សេដ្ឋកិច្ច​។ ៩០​ភាគរយ​នៃ​ពាណិជ្ជកម្ម​របស់​កូរ៉េខាងជើង​ត្រូវ​ពឹងផ្អែក​លើ​ចិន ហើយ​ចិន​ក៏​ជា​អ្នកផ្គត់ផ្គង់​ប្រេង​ធំ​បំផុត​ដល់​ដល់​រដ្ឋ​កុម្មុយនីស្ដ​នេះ​ផងដែរ​។​

​បច្ចុប្បន្ន​ស្ថានការណ៍​ហាក់បីដូចជា​ថមថយ​កម្តៅ​បន្តិច​នៅ​ឧបទ្វីប​កូរ៉េ ក្រោយពេល​ក្រុង​ព្យុងយ៉ាង​ផ្អាក​គម្រោង​បាញ់​មី​ស៊ី​ល​សំដៅ​ដែនសមុទ្រ​ក្បែរ​កោះ​ហ្គា​ម​។ ប៉ុន្តែ​គេ​មិនអាច​ទាយ​ដឹងថា កូរ៉េខាងជើង​អាច​នឹង​បាញ់​មី​ស៊ី​ល​ពេលណា​ទៀតឡើយ ហើយ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​កូរ៉េខាងជើង​នឹង​បន្ត​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ឆ្លង​ទ្វីប​និង​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៀត​។ បើតាម​របាយការណ៍រ​បស់​ទីភ្នាក់ងារ​ចារកម្ម​នៃ​ក្រសួងការពារជាតិ​អាមេរិក ក្រុង​ព្យុងយ៉ាង​អាច​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​រួចរាល់​នៅ​ដើមឆ្នាំ​ក្រោយ​ផង​៕


Tag:
 ​អាមេរិក​
  ជប៉ុន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com