ជាតិ
សេដ្ឋកិច្ច
កម្ពុជា-រុស្សី គ្រោងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ប្រើថាមពលនុយក្លេអ៊ែរដោយសន្តិភាព
× ភ្នំពេញ៖ កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ក្នុងគោលបំណងសន្តិភាព នឹងត្រូវចុះហត្ថលេខា នៅក្នុងអំឡុងនៃទស្សនកិច្ចការងាររយៈពេល២ថ្ងៃ របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្នុងប្រទេសរុស្ស៊ី នៅថ្ងៃទី២៣ និងទី២៤ ខែសីហានេះ។ ក្រៅពីនេះ នៅមានកិច្ចព្រមព្រៀង ៤ផ្សេងទៀត ក៏នឹងត្រូវចុះហត្ថលេខាដែរ ក្នុងនោះមានកិច្ចការពារបរិស្ថាន កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងរុស្ស៊ី និងផែនការពិគ្រោះផ្នែកការទូតជាដើម។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងទៅបំពេញទស្សនកិច្ចការងារ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និងទី២៤ ខែសីហា នៅសហព័ន្ធរុស្សី។
តាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៨ ខែសីហា លោក ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគី ជាមួយលោក ស៊ែហ្គៃ ឡាវរ៉ូវ(Sergey LAVEOV) ដើម្បីជជែក និងផ្លាស់ប្តូរយោបល់គ្នាពីទំនាក់ទំនងទ្វេភាគី បញ្ហាតំបន់ និងពិភពលោក។
ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីទូរគមនាគមន៍ និងព័ត៌មាននៃសហព័ន្ធរុស្ស៊ នឹងធ្វើសហប្រធាននៃកិច្ចប្រជុំលើកទី១០ របស់គណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស។ នេះបើតាមសេចក្តីជូនព័ត៌មានដដែល ដែលឲ្យដឹងទៀតថា កិច្ចប្រជុំនេះ នឹងពិនិត្យឡើងវិញការអនុវត្តកិច្ចព្រមព្រៀងដែលបានអនុម័ត នៅក្នុងកិច្ចប្រជុំលើកទី៩ និងរិះរកលទ្ធភាពផ្សេងទៀត ដែលអាចពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ រវាងកម្ពុជា-រុស្ស៊ី ឲ្យកាន់តែប្រសើរ។
នៅក្រោយកិច្ចប្រជុំនេះ កម្ពុជា និងរុស្ស៊ី គ្រោងចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៥ រួមមាន ទី១. កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការនៃការប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ក្នុងគោលបំណងសន្តិភាព។ ២.អនុស្សារណៈយោគយល់គ្នា ស្តីពីការការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ៣. កម្មវិធីសកម្មភាពរួមគ្នារវាងទីភ្នាក់ងារសហព័ន្ធផ្នែកទេសចរណ៍របស់រុស្សី និងក្រសួងទេសចរណ៍កម្ពុជាសម្រាប់ឆ្នាំ២០១៨-២០២០។ ៤. ផែនការពិគ្រោះយោបល់ រវាងក្រសួងការបរទេសនៃប្រទេសទាំង២ សម្រាប់ឆ្នាំ ២០១៨-២០២០។ និងទី៥. ពិធីសារកិច្ចប្រជុំលើកទី១០ នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្សី ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស៕
Tag:
នុយក្លេអ៊ែរ
ប្រាក់ សុខុន
កម្ពុជា-រុស្សី
© រក្សាសិទ្ធិដោយ thmeythmey.com