អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ដាក់​ដំណើរការ «​តុលាការ​កាត់ក្តី​តាម​ប្រព័ន្ធ​អន​ឡាញ​»
19, Sep 2017 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កាលពីខែមុន​ បាន​បើក​ដំណើរ​ជា​ផ្លូវ​នូវ​តុលាការ ដែលមាន​ជំនាញ និង​ទទួលបន្ទុក​រឿងក្តី​ដែល​ពាក់ព័ន្ធ​ជម្លោះ​ពាក់​ព័ទ្ធ​បញ្ហា​អន​ឡាញ ហើយ​ការដោះស្រាយ​វិវាទ​ក៏​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​ដូចគ្នា​។ ការ​ដំណើរ​តុលាការ​នេះ ធ្វើឡើង​ដើម្បី​ឲ្យ​ឆ្លើយតប​ទៅនឹង​វិវាទ​ដែល​កំពុងតែ​កើតឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ជាពិសេស​វិវាទ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​តែម្តង​។



​មិន​ត្រឹមតែ​មានឈ្មោះ​ជា​តុលាការ​ផ្តោតលើ​បញ្ហា​អន​ឡាញ​ប៉ុណ្ណោះ​នោះទេ អង្គភាព​យុត្តិធម៌​ចិន ដែល​ទើបតែ​បើក​ឲ្យ​មាន​នេះ ក៏​នឹង​អនុវត្ត​ការងារ​របស់ខ្លួន​តាម​អន​ឡាញ​ដែរ ពោលគឺ​ការ​ដំណើរ​ជំនុំជម្រះ​រឿងក្តី ក៏ត្រូវ​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​អ៊ិន​ធើ​ណែ​ត​ដែរ​។

​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua តុលាការ​អន​ឡាញ មាន​យុត្តាធិការ​ក្នុងការ​ជំនុំជម្រះ​លើ​រឿងក្តី​ដូចជា​វិវាទ​ដែល​ពាក់ព័ន្ធ​នឹង​ការទិញ​អន​ឡាញ សេវា​កម្ចី​តិចតួច​តាម​អន​ឡាញ កម្ម​សិ​ទិ្ធ​បញ្ញា បរិហារ​កេ​រ្តី៍​តាម​អន​ឡាញ និង​វិវាទ​នៃ​ការប្រើប្រាស់​ឈ្មោះ Domain ជាដើម​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ទាំង​ដើមចោទ និង​ចុងចោទ អាចដាក់​ពាក្យបណ្តឹង និង​បង់​ការចំណាយ​លើ​រឿងក្តី តាមរយៈ​គេហទំព័រ​របស់​តុលាការ​បាន​។ ជាងនេះទៅទៀត​នោះ តុលាការ នឹង​ជំនុំជម្រះ​រឿងក្តី តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដោយ​ភាគី​ពាក់ព័ន្ធ អាច​ចូល​សវន​ការ​បាន​ទាំង​ពួកគេ​នៅផ្ទះ​រៀងខ្លួន​៕


Tag:
 ចិន​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com