ជាតិ
សាលា ACE គ្រោង​ទទួល​មនុស្ស​២​ពាន់​នាក់ រត់ប្រណាំង​ដើម្បី​បរិស្ថាន​
19, Aug 2017 , 4:42 pm        
រូបភាព
លោក ម៉ៅ ស្រេង នាយកសាលា ACE
លោក ម៉ៅ ស្រេង នាយកសាលា ACE
​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល​ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជា​សាលា ACE បានប្រកាស​រៀបចំ​ពិធី​រត់ប្រណាំង​ដើម្បី​បរិស្ថាន​នៅ​ថ្ងៃទី​៣​ខែកញ្ញា​ខាងមុខនេះ​នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក​។ អ្នករៀបចំ​រំពឹងថា មាន​មនុស្ស​ប្រមាណ​២០០០​នាក់​ដែល​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ អ្នក​ចង់​ចូលរួម​ត្រូវ​ទិញ​សំបុត្រ​មួយ​តម្លៃ​២​ម៉ឺន​រៀល​ដោយ​ទទួលបាន​អាវយឺត និង​ឱកាស​ចាប់យក​រង្វាន់​។​



​លោក ម៉ៅ ស្រេង នាយក​សាលា ACE បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​១៩​ខែសីហា​នេះ​ថា ការរត់​ប្រណាំង​នៅ​ឆ្នាំ​ទី​២​ដែល​រៀបចំ​ដោយ​សាលា ACE នេះ​នឹងត្រូវ​ផ្តោតទៅលើ​ការ​ថែរ​រក្សា​បរិស្ថាន​។ លោក​បន្តទៀតថា មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន និង​ក្រសួង​អប់រំ​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​នៅ​ថ្ងៃទី​៣​ខែកញ្ញា​នេះដែរ​។​

​ហេតុអ្វី​ការ​ព្រឹត្តិការណ៍​សប្បុរសធម៌​ត្រូវ​រៀបចំ​ក្រោម​ប្រធានបទ​បរិស្ថាន​? នាយក​សាលា ACE លោក ម៉ៅ ស្រេង បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​យើង​យល់ឃើញថា មាន​ពលរដ្ឋ​ជាច្រើន​ដែលមាន​ចំណេះដឹង​ផ្នែក​បរិស្ថាន​នៅមានកម្រិត​នៅឡើយ​។ បរិស្ថាន​សំខាន់​ណាស់​សម្រាប់​ជីវិត​មនុស្ស​យើង​»​។ លោក ម៉ៅ ស្រេង បន្តទៀតថា​៖«​មន្ត្រី​នៃ​ក្រសួងបរិស្ថាន​គ្រោង​នឹង​ចែករំលែក​ចំណេះដឹង​ផ្នែក​បរិស្ថាន​នេះ​នៅក្នុង​ព្រឹត្តិការណ៍​នោះ ដែល​យើង​រំពឹងថា នឹង​ទទួលបាន​អ្នកចូលរួម​ប្រមាណ​២០០០​នាក់​»​។​

​បើតាម​ការអះអាង​រប​ស់​នាយក​សាលា​ភាសា​អង់គ្លេស ACE ដដែល ថវិកា​ដែល​ទទួលបាន​ពី​ព្រឹត្តិការណ៍​នឹងត្រូវ​យកទៅ​ទិញ​ធុងសំរាម​ដែល​បែងចែក​សំរាម ហើយ​ត្រូវ​ចែក​ទៅតាម​បណ្តា​សាលារៀន​នៅក្នុង​រាជធានី និង​ខេត្ត​ផ្សេងៗ​៕






Tag:
 បរិស្ថាន​
  ACE
  Mao Sreng
© រក្សាសិទ្ធិដោយ thmeythmey.com