ជាតិ
កម្មករ​រោងចក្រ អាច​ជិះ​រថយន្តក្រុង​សាធារណៈ​ឥតគិតថ្លៃ​២​ឆ្នាំ​
20, Aug 2017 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
​កម្មករ​រោងចក្រ​កាត់ដេរ អាច​ជិះ​រថយន្តក្រុង​សាធារណៈ​រយៈពេល​២​ឆ្នាំ ដោយ​ឥតគិតថ្លៃ គិត​ចាប់ពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧​នេះ ដោយ​គ្រាន់តែ​បង្ហាញ​កាត​សម្គាល់​ខ្លួន​របស់​ពួកគេ​។



​សម្តេច ហ៊ុន សែន ដែល​កំពុង​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី​រោងចក្រ​ជាង​៤​ពាន់​នាក់ នៅ​ព្រឹក​នេះ បាន បន្ថែម​ក្នុង​Comment ពីក្រោម​រូបភាព​ជួប​ជាមួយ​កម្មករ​-​កម្មការិនី​រោងចក្រ​ដូច្នេះ​ថា​៖«​ក្មួយៗ​កម្មករ​ទទួលបាន​សេវា​ជិះ​ឡា​ក្រុង​សាធារណៈ​Free ២​ឆ្នាំ ពីថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៧ ដល់​២០ សីហា ឆ្នាំ​២០១៩ ដែល​នឹង​ជួយ​សម្រួល​ដល់​ការចំណាយ​មួយចំនួន​របស់​ក្មួយ​។ ក្មួយៗ​គ្រាន់តែ​បង្ហាញ​កាត​ធ្វើការ គឺ​ទទួលបាន​សេវា​នេះ​ភ្លាម​»​។

សូមបញ្ជាក់ថា បច្ចុប្បន្នសេវារថយន្តក្រុងសាធារណៈមានខ្សែរត់ចំនួន៣ ដែលខ្សែទី១ ចេញពីគីឡូម៉ែត្រលេខ៩ ឆ្ពោះទៅក្តីតាកុយ ខ្សែទី២ ចេញពីផ្សាររាត្រី ឆ្ពោះទៅក្រុងតាខ្មៅ និងខ្សែទី៣ ចេញពីផ្សាររាត្រី ឆ្ពោះទៅរង្វង់មូលចោមចៅ។ សាលារាជធានីភ្នំពេញ ក៏កំពុងសិក្សាពង្រីកខ្សែរត់៣ខ្សែបន្ថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

ក្រៅពី​ការជិះរថយន្តក្រុងសាធារណៈឥតគិតថ្លៃ កម្មករ-កម្មការិនី ក៏នឹងទទួលបានបានការគាំពារសុខភាព ១០០ភាគរយ ចាប់ពីឆ្នាំ២០១៨តទៅ ដោយភាគីរោងចក្រ ឬម្ចាស់សហគ្រាសជាអ្នកទទួលបង់ថ្លៃសេវា ហើយនឹងទទួលប្រាក់ចូលនិវត្តន៍ ដូចមន្ត្រីរាជការសាធារណៈដែរ ចាប់ពីឆ្នាំ២០១៩ តទៅ។ នេះបើតាម comment ដដែលរបស់នាយករដ្ឋមន្ត្រី៕ 







Tag:
 កម្មករ​
  ​រថយន្តក្រុង​
© រក្សាសិទ្ធិដោយ thmeythmey.com