កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ សុខ ចាន់មាន រំពឹងបានមេដាយជូនជាតិ ទោះបីទីលានជាបញ្ហាចោទ
× ម្ចាស់មេដាយមាសពិភពលោកនៅប្រទេសម៉ាដាហ្គាស្កា សុខ ចាន់មាន នៅតែរំពឹងទទួលបានមេដាយពីការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីជូនជាតិ ទោះបីមិនមានវិញ្ញាសាសក្តានុពល។ តែយ៉ាងណា ចាន់មាន ដែលលេងលើវិញ្ញាសា១នាក់ទល់១នាក់បានចាត់ទុកបញ្ហាទីលាន និងប្រទេសថៃ ជាឧបសគ្គរារាំងដ៏ធំក្នុងការស្វែងរកមេដាយពីការប្រកួតនេះ។
ទោះបីគ្មានវិញ្ញសាវាយយកពិន្ទុដែលខ្លួនធ្លាប់ឈ្នះមេដាយមាសពិភពលោក ម្ចាស់មេដាយប្រាក់កីឡាស៊ីហ្គេមឆ្នាំ២០១៥ នៅសិង្ហបុរី សុខ ចាន់មាន នៅតែមានទំនុកចិត្តថា រូបគេនឹងអាចដណ្តើមបានមេដាយណាមួយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅម៉ាឡេស៊ីជូនប្រទេសជាតិ។ ការរំពឹងបែបនេះ បន្ទាប់ពីរូបគេ បានអះអាងពីការត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការចូលរួមលើកនេះ។
ក្រោយការហ្វឹកហាត់ត្រៀមអស់រយៈពេលជាច្រើនខែកន្លងមក សុខ ចាន់មាន បានបង្ហាញទំនុកចិត្តយ៉ាងដូច្នេះថា៖«សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកនេះ ខ្ញុំបានហ្វឹកហាត់ច្រើន និងបានត្រៀមខ្លួនល្អជាងការប្រកួតពិភពលោក ដូច្នេះសម្រាប់ការប្រកួតស៊ីហ្គេមលើកនេះ ខ្ញុំរំពឹងថា នឹងអាចដណ្តើមបានមេដាយជូនជាតិ តែខ្ញុំមិនអាចបញ្ជាក់មេដាយអ្វីនោះឡើយ»។
ទន្ទឹមនឹងការបង្ហាញពីទំនុកចិត្តរំពឹងទទួបលបានមេដាយម្ចាស់មេដាយមាសពិភពលោកលើវិញ្ញាសាវាយពិន្ទុនៅប្រទេសម៉ាដាហ្គាស្ការូបនេះ ក៏បានលើកពីក្តីកង្វល់ផងដែរ ពោលគឺរូបគេបានចាត់ទុកទីលានប្រកួតជាបញ្ហាប្រឈមមួយដ៏សំខាន់សម្រាប់គេ ក៏ដូចកីឡាករប៉េតង់ដទៃទៀត។ ក្រៅបញ្ហាទីលាន កីឡាកររូបនេះបានចាត់ទុក ថៃ ជាឧបសគ្គរារាំងក្នុងការប្រជែងមេដាយមាសពីការប្រកួតនេះសម្រាប់គេផងដែរ។
សម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី៣១ សីហា កីឡាករ សុខ ចាន់មាន នឹងលេងលើវិញ្ញាសា១នាក់ទល់១នាក់ ដោយប្រភេទកីឡាប៉េតង់ចាប់ផ្តើមចន្លោះពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខណៈរូបគេប្រកួតនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា។ គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០១៥នៅសិង្ហបុរី ចាន់មាន ទទួលបានមេដាយប្រាក់២ លើវិញ្ញាសាវាយយកពិន្ទុ និងម៉ិក៣នាក់ទល់៣នាក់៕
Tag:
ប៉េតង់
SEA Games 2017
សុខ ចាន់មាន
© រក្សាសិទ្ធិដោយ thmeythmey.com