កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ឧបត្ថម្ភ​ប្រតិភូ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ចំនួន​១០១​នាក់​ម្នាក់ៗ​៥០០​ដុល្លារ​
20, Aug 2017 , 3:39 pm        
រូបភាព
 លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា​ពេល​ឡើងមក​ទទួលកញ្ចប់ថវិកា​ឧបត្ថម្ភម្នាក់៥០០​ដុល្លារពី​សម្តេច ហ៊ុន សែន
លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា​ពេល​ឡើងមក​ទទួលកញ្ចប់ថវិកា​ឧបត្ថម្ភម្នាក់៥០០​ដុល្លារពី​សម្តេច ហ៊ុន សែន
ដោយ:
​ប្រតិភូ គ្រូបង្វឹក គ្រូ​ជំនួយ និង​អត្ត​ព​លិ​ក​ប៉ា​រ៉ា​ឡាំ​ពិ​ក​សរុប​១០១​នាក់ នឹងចូលរួម​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី​ចន្លោះ​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ខាងមុខនេះ​។ ពី​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រតិភូ​កីឡា ASEAN Para Games និង​ផ្តល់​ប្រាក់រង្វាន់​លើក​ទឹក​ដល់​ម្ចាស់​មេដាយមាស និង​សំរឹទ្ធ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែសីហា នៅ​វិមាន​សន្តិភាព សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឧបត្ថម្ភ​ថ្នាក់ដឹកនាំ​គ្រូបង្វឹក គ្រូ​ជំនួយ និង​អត្ត​ព​លិ​ក​ទាំងនេះ​ម្នាក់ៗ​៥០០​ដុល្លារ​។​



​ដើម្បី​លើកទឹកចិត្ត និង​ជា​កាដូ​សម្រាប់​ប្រតិ​ភ​កីឡា និង​អត្ត​ព​លិ​កឡាំ​ពិ​ក​កម្ពុជា​ចំនួន​១០១​នាក់​លើ​១០​ប្រភេទ​កីឡា ដែល​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ASEAN Para Games 2017 នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ាឡេស៊ី​ចន្លោះ​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៣ ខែកញ្ញា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា​ម្នាក់ៗ​៥០០​ដុល្លារ​អាមេរិក​។ សម្តេច ហ៊ុន សែន ប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជា​៥០,៥០០​ដុល្លារ​អាមេរិក​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តាំផ្ញើ​ឱ​អត្ត​ព​លិ​ក​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ទាំងអស់ ប្រកួត​ត្រូវគោរព​តាម​លក្ខខណ្ឌ​នៃ​ប្រភេទ​កីឡា​នីមួយៗ​ដោយ​ឈរលើ​គោលការណ៍ Fair Play ហើយ​ជៀសវាង​ការប្រើប្រាស់​សារធាតុ​លើក​កម្លាំង ដែល​នាំ​ឱ​ប៉ះពាល់​ដល់​កិត្តិយស​ខ្លួនឯង និង​ប្រទេសជាតិ​នៅពេល​គេ​រកឃើញ​សារធាតុ Dopa Doping​។​


កីឡាករ យ៉ាវ វណ្ណៈ​​​ និងម្តាយពេលឡើង​​​​មក​ទទួលថវិកាឧបត្ថម្ភពីសម្តេច​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន នៅវិមានសន្តិភាព​​​​​។​​​​ រូបភាពពីហ្វេសប៊ុកសម្តេច ​​​ហ៊ុន សែន

​នៅក្នុង​ឱកាស​នោះដែរ សម្តេច ហ៊ុន សែន ក៏បានផ្តល់​ថវិការ​លើក​ទឹកចិត្ត​ដល់​ម្ចាស់​មេដាយមាស និង​សំរឹទ្ធ​ប៉ា​រ៉ា​ឡាំ​ពិ​ក​ដែល​ដណ្តើមបាន​ពី​ការប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវក្តៅ​យុវជន​ពិការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ផងដែរ​។ ក្នុងនោះ​ម្ចាស់​មេដាយមាស​វិញ្ញាសា​ហែល​ទឹក​ចម្ងាយ​៥០​ម៉ែត្រ​សេរី យ៉ាវ វណ្ណៈ ទទួលបាន​ថវិការដ្ឋ​ចំនួន​៨០​លាន​រៀល និង​ថវិកា​លើកទឹកចិត្ត​បន្ថែម​ពីស​ម្តេច ហ៊ុន សែន ចំនួន​១​ម៉ឺន​ដុល្លារ​។ ឯ​គ្រូបង្វឹក និង​គ្រូ​ជំនួយ​ទទួលបាន​ថវិកា​គោលការណ៍​រដ្ឋ ៨០​លាន​រៀល និង​៥៦​លាន​រៀល រួម​នឹង​ថវិកា​សម្តេច​១​ពាន់​ដុល្លារ​។​

​ជាមួយគ្នានេះ មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​វាយ​កូនឃ្លី​លើ​តុ​របស់​កីឡាករ យ៉យ កុសល ទទួលបាន​២៤​លាន​រៀល​ពី​គោលការណ៍​រដ្ឋ និង​៣​ពាន់​ដុល្លារ​ពីស​ម្តេច ហ៊ុន សែន ខណៈ​គ្រូបង្វឹក​បាន​២៤​លាន​រៀល​ពី​គោលការណ៍​រដ្ឋ និង​១​ពាន់​ដុល្លារ​ពីស​ម្តេច​។ ក្រៅពី​ប្រាក់រង្វាន់​លើកទឹកចិត្ត​សម្រាប់​មេដាយ សម្តេច ហ៊ុន សែន បាន​ឧបត្ថម្ភ​៣​ម៉ឺន​ដុល្លារ​ដល់​កីឡាករ យ៉ាវ វណ្ណៈ ដើម្បី​យកទៅ​សងបំណុល​ធនាគារ​ដែល​រូបគេ​បាន​ជំពាក់​ដើម្បី​សាងសង់​ផ្ទះ​ឱ​ម្តាយ​ថែម​ទៀតផង​៕     




Tag:
 ASEAN Para Games 2017
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com