ជាតិ
លោក ហង់ ជួនណា​រ៉ុ​ន ផ្តាំ​បេក្ខជន​បេ​ក្ខ​នារី ឲ្យ​ប្រើ​បញ្ញាញាណ ប្រឡង​ឲ្យ​បាន​ជោគជ័យ
20, Aug 2017 , 2:04 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ខណៈ​ការប្រឡង​បាក់​ឌុប​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ ខែសីហា​ខាងមុខនេះ  លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្តាំផ្ញើ​ទៅ​បេក្ខជន​បេ​ក្ខ​នារី​ប្រឡង​បាក់​ឌុប​ទាំងអស់ ឲ្យ​ខិតខំ​ប្រឹងប្រែង​ប្រើប្រាស់​នូវ​បញ្ញាញាណ​របស់ខ្លួន ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រឡង​។



​ខណៈ​បេក្ខជន​បេ​ក្ខ​នារី​ប្រឡង​បាក់​ឌុប កំពុង​សម្រុក​មក​មណ្ឌល​ប្រឡង​ដែល​នៅ​គ្រប់​ទី​រួម​ខេត្ត និង​រាជធានី ដើម្បី​ពិនិត្យ​ឈ្មោះ លេខ​បន្ទប់ លេខ​តុ និង​អាន​បទ​ប្បញ្ញត្តិ​ក្នុងការ​ប្រឡង រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន ឯនេះ​វិញ បាន​ផ្ញើ​សារ​ជា​វីដេអូ​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ ប្រាប់​ទៅ​បេក្ខជន​បេ​ក្ខ​នារី​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ទាំងអស់ ឲ្យ​ខិតខំ​ប្រឹងប្រែង ប្រើប្រាស់​នូវ​បញ្ញា​របស់ខ្លួន ដើម្បី​ដណ្តើម​ជោគជ័យ​ក្នុង​ការប្រឡង​។ 



​លោក​រដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​ឲ្យ​ប្អូនៗ​ទាំងអស់ ដែលជា​បេក្ខជន​បេ​ក្ខ​នារី​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កុំ​មានការ​ភ័យខ្លាច ត្រូវមាន​ជំនឿ​ជាក់​លើ​ខ្លួនឯង និង​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត ប្រើប្រាស់​នូវ​បញ្ញាញាណ និង​ចំណេះ​របស់ខ្លួន ដើម្បី​ប្រឡង​ឲ្យ​បាន​នូវ​ជោគជ័យ​។  ប៉ុន្តែ ប្អូនៗ​ត្រូវគោរព​បទ​ប្បញ្ញត្តិ និង​វិន័យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​»​។   

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​នៅ​ឆ្នាំ​២០១៧ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១ ខែសីហា​ខាង​មុននេះ ដោយមាន​បេក្ខជន​ប្រឡង​ចំនួន ១០៣,១១២ នាក់ មណ្ឌល​ប្រឡង​ចំនួន​១៧៨ ។ លទ្ធផល​ប្រឡង នឹង​ប្រកាស​នៅ​ថ្ងៃទី​១២ ខែកញ្ញា សម្រាប់​មណ្ឌល​នៅ​ភ្នំពេញ និង​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី​ទី​១៣ ខែកញ្ញា សម្រាប់​មណ្ឌល​នៅ​បណ្តាល​ខេត្ត​ផ្សេង​៕ 




Tag:
 ហង់ ជួនណា​រ៉ុ​ន​
  បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com