ជាតិ
អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត ប្ដេជ្ញា​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប ដើម្បី​ឲ្យ​កម្ពុជា​សម្បូរធនធានមនុស្ស​មា​ន​គុណភាព​ពិត​
20, Aug 2017 , 10:59 pm        
រូបភាព
អ្នកស្ម័គ្រចិត្តសង្កេតការណ៍ប្រឡងបាក់ឌុប
អ្នកស្ម័គ្រចិត្តសង្កេតការណ៍ប្រឡងបាក់ឌុប
ដោយ:
​និស្សិត​ដែល​កំពុង​រៀន​នៅតាម​សាកលវិទ្យាល័យ​នានា នៅ​រាជធានី​ភ្នំពេញ​បានដាក់​ពាក្យ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ ដើម្បី​ធ្វើ​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត ក្នុងអំឡុងពេល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី​២១-២២ ខែសីហា ឆ្នាំ​២០១៧​។ និស្សិត​ដែល​ធ្វើ​អ្នកសង្កេតការណ៍​ស្ម័គ្រ​ទាំងអស់នេះ ​ចង់ឃើញ​គុណភាព​អប់រំ​នៅ​កម្ពុជា កាន់តែ​រីកចម្រើន និង​មានការ​ទទួលស្គាល់​ដោយ​អន្តរជាតិ​។



​កញ្ញា ឌី ស្រី​ដែន និស្សិត​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ គឺជា​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ម្នាក់ បាន​និយាយថា មូលហេតុ​ដែល​នាង​ធ្វើជា​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត ព្រោះ​ចង់​ចូលរួមចំណែក​ពង្រឹង​ការប្រឡង​បាក់​ឌុប ឲ្យ​មាន​ភាព​សុ​ក្រិត និង​យុត្តិធម៌​ត្រឹមត្រូវ ក្រោម​ពាក្យស្លោក​«​អ្នកចេះ​គឺជា​ប់​» របស់​ក្រសួង​អប់រំ​។ អ្នកសង្កេតការណ៍​រូបនេះ​បន្តទៀតថា នាង​ចង់ឃើញ​ការអប់រំ​នៅ​កម្ពុជា សម្បូរធនធានមនុស្ស​ មានចំណេះដឹង​ពិតប្រាកដ​។ កញ្ញា ស្រី​ដែន ដែល​ត្រូវ​សង្កេតការណ៍ នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុ​ត្ថិ រាជធានី​ភ្នំពេញ បានបញ្ជាក់​ជំហ​ដូច្នេះ​ថា​៖«​ខ្ញុំ​មិន​ចង់​ឲ្យ​មាន​អ្នក​មិនចេះ​ជាប់​នោះ ដោយ​មិនមាន​ចំណេះដឹង និង​មិនមាន​សមត្ថភាព​ឡើយ​។ ខ្ញុំ​នឹងមិន​ឲ្យ​សិស្ស​មាន​ការលួចចម្លង ឬ​ប្រើប្រាស់​អ្វីដែល​ជាការ​ហាមឃាត់​ក្នុងការ​ប្រឡង​ទេ​។ និស្សិត​រូបនេះ ស្នើ​ឲ្យ​សិស្ស​គ្រប់រូប ប្រឡង​ជាប់​ដោយ​សមត្ថភាព​របស់ខ្លួន​ពិតៗ​។



​រីឯ កញ្ញា យ៉​ន សុខ​ណេ​ត និស្សិត ឆ្នាំ​ទី​១ នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស ព្រះកុសុមៈ ជា​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ដែរនោះ បាន​ប្ដេជ្ញា​ចូលរួម​រឹតបន្តឹង​ការប្រឡង​នេះ ដោយ​មិន​ឲ្យ​មាន​ការលួចចម្លង​គ្នា ឬក៏​លួច​មើល​សំណៅ​ឯកសារ និង​ការប្រើប្រាស់​គ្រឿង​អេឡិចត្រូនិក​ឡើយ​។ អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​រូបនេះ​បញ្ជាក់ថា​៖« ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់​ជាស្រេច​សម្រាប់​សង្កេតការណ៍ ត្រៀម​ទាំង​កម្លាំងកាយ ចិត្ត និង​សកម្មភាព​គ្រប់យ៉ាង​ក្នុងការ​បំពេញភារកិច្ច​មួយ​នេះ ដោយ​ប្រកាន់​នូវ​ភាពម៉ឺងម៉ាត់ ហើយ​ទន់ភ្លន់ ដើម្បី​ឲ្យ​ការប្រឡង​នេះ​មាន​ភាពរលូន ដោយ​មិន​ឲ្យ​មាន​អំពើពុករលួយ​ក្នុងពេល​ប្រឡង »​។



​លោក វ​ឌ្ឍ​នា ជា​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​នៅ​រាជធានី​ភ្នំពេញ មណ្ឌល​បឋមសិក្សា​នរោត្តម បាន​និយាយថា លោក​មិន​ចង់ឃើញ​មាន​អំពើ​ស៊ីសំណូកសូកប៉ាន់​ក្នុងពេល​ប្រឡង​ទេ ឬក៏​មាន​ការបើក​ចំលង​ជាដើម​។ និស្សិត​រូបនេះ​បន្ថែមទៀតថា លោក​ចង់ឃើញ​ការអប់រំ​នៅ​កម្ពុជា ​មានការ​រីកចម្រើន ដូច​ទៅនឹង​ប្រទេស​ដែល​អភិវឌ្ឍ​ន៍ និង​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​។ 



​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ត្រៀម​ដាក់ អ្នកស្ម័គ្រចិត្ត​សង្កេតការណ៍ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​ប្រមាណ​៤៥០០​នាក់ នៅ​ទូទាំង​មណ្ឌល​ប្រឡង​រាជធានី​-​ខេត្ត​២៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២១-២២ ខែសីហា ឆ្នាំ​២០១៧​។ បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​​ចំនួន ១០៣,១១២ នាក់ ដែលមាន​មណ្ឌល​ប្រឡង​ចំនួន​១៧៨ កន្លែង​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ឃើញថា ក្រោយពី​ក្រសួង​អប់រំ បាន​រឹតបន្តឹង​គុណភាព​អប់រំ តាមរយៈ​ពាក្យស្លោក​ថា »​អ្នកចេះ​គឺជា​ប់​»​នោះ ចំនួន​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប ក៏មាន​បរិមាណ​ថមថយ​ផងដែរ​។ ក្រោម​ការ​កំណែទម្រង់​គុណភាព​អប់រំ​នេះ អ្នកនយោបាយ និង​ក្រុម​សង្គម​ស៊ីវិល ក៏មាន​ការ​សាទរ​ចំពោះ​វិធានការ​រឹតបន្តឹង​របស់​ក្រសួង​អប់រំ ដែល​ពួកគេ​រំពឹងថា សិស្ស​ដែល​ប្រឡង​ជាប់​សុទ្ធតែ​មានការ​ខិតខំ​សិក្សា ប្រកបដោយ​គុណភាព​អប់រំ​ខ្ពស់ សម្រាប់​លទ្ធផល​ផ្លែផ្កា​នៃ​ការ​ចំណាយពេល​សិក្សា​រយៈពេល​១២​ឆ្នាំនេះ​។​

​គួរបញ្ជាក់​ផងដែរ កាលពី​ដំណើរការ​រឹតបន្តឹង​ការប្រឡង​លើក​ទី​១ ក្នុង​ឆ្នាំ​២០១៤ បេក្ខជន​ជាប់​បាក់​ឌុប​ទូទាំងប្រទេស​ក្នុងការ​ប្រឡង​ទាំងពីរ​លើក ​មាន​ចំនួន​ជាង ៣​ម៉ឺន​នាក់​ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប​ជាង ៧​ម៉ឺន​នាក់ ក្នុងនោះ​បេក្ខជន​ជាប់​និទ្ទេស​មាន A ចំនួន ១១ នាក់​។ រីឯ លទ្ធផល​បាក់​ឌុប​ឆ្នាំ ២០១៥​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៤៦ ៥៦០ នាក់​ស្មើនឹង ៥៥,៨៨ ភាគរយ ក្នុងចំណោម​បេក្ខជន​មាន​វត្តមាន​ក្នុងការ​ប្រឡង​សរុប ៨៣ ៣២៥ នាក់ ក្នុងនោះ បេក្ខជន​ជាប់​និទ្ទេស A មាន​ដល់​ទៅ ១០៨ នាក់ ។ ចំណែក​ឆ្នាំ​២០១៦ មាន​ចំនួន​បេក្ខជន​ប្រឡង​ជាប់​ចំនួន ៥៥ ៧៥៣​នាក់ ត្រូវជា ៦២,១៨ភាគរយ នៃ​បេក្ខជន​វត្តមាន​ចំនួន ៨៩ ៦៦១​នាក់ ក្នុងនោះ​សិស្ស​ជាប់​និទ្ទេស A មាន​ចំនួន ៤០៥៕


Tag:
 អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​
  ​បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com