ជាតិ
ស្ត្រី​កម្ពុ​ជាជាង​៣០​ភាគរយ​កំពុង​ប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​បែប​ទំនើប​
20, Aug 2017 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ឆ្នាំ​២០១៦ មាន​ស្ត្រី​កម្ពុជា​ក្នុង​វ័យ​បន្ត​ពូជ​ដែល​បាន​រៀបការ​រួច ប្រមាណ​៧១​ម៉ឺន​នាក់ ស្មើនឹង​ជិត​៣៣​ភាគរយ កំពុង​ប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត​តាមបែប​ទំនើប នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​។ តែ​យ៉ាងណា​ចំនួន​នេះ​នៅ​តិចតួច​នៅឡើយ ខណៈ​ក្រសួងសុខាភិបាល តាមរយៈ​ប្រធាន មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​ជំរុញ​ឲ្យ​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ដែល​បាន​រៀបការ​ហើយ ប្រើ​មធ្យោបាយ​ពន្យារកំណើត ឲ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត​។​



​មធ្យោបាយ​ពន្យារកំណើត​បែប​ទំនើប រួមមាន​ការប្រើប្រាស់​ថ្នាំ​គ្រាប់ ថ្នាំ​ចាក់ កង​ដាក់​ក្នុង​ស្បូន កង​ដាក់​ក្រោម​ស្បែក និង​ការប្រើ​ស្រោមអនាម័យ​ជាដើម​។ តាម​របាយការណ៍​ក្រសួងសុខាភិបាល នៅ​ឆ្នាំ​២០១៦ មាន​ស្ត្រី​កម្ពុជា​ក្នុង​វ័យ​បន្ត​ពូជ​ដែល​បាន​រៀបការ​រួចហើយ កំពុង​ប្រើប្រាស់​មធ្យោបាយ​ពន្យា​កំណើត​តាមបែប​ទំនើប​នៅ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ មាន​ចំនួន​ជាង​៧១​ម៉ឺន​នាក់ ស្មើនឹង​ជិត​៣៣​ភាគរយ​។ 

​ក្រសួងសុខាភិបាល បាន​ជំរុញ​ឱ្យ​ស្ត្រី​នៅ​កម្ពុជា​បង្កើន​ការប្រើប្រាស់​មធ្យោបាយ​ពន្យា​កំណើត តាមបែប​ទំនើប​បន្ថែម​ទៀត​ដើម្បី​គាំពារ​សុខភាព​មាតា និង​ទារក​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ដែល​បាន​ស្រង់​ប្រសាសន៍ លោកស្រី ទុង   រដ្ឋា​វី ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក​។ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បញ្ជាក់ថា​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​គួរតែ​ប្រើប្រាស់​មធ្យោបាយ ពន្យា​កំណើត​បែប​ទំនើប​ឲ្យ​បាន​១០០​ភាគរយ ដើម្បី​ការពារ​សុខភាព​មាតា​និង​ទារក​។

​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បញ្ជាក់ទៀតថា ការពន្យា​កំណើត​តាម​វិធីសាស្ត្រ​ទំនើប​ជួយ​ឲ្យ​ស្ត្រី​ជា​ម្តាយ​មាន​សុខ​ភាពល្អ កូន​មាន​កាយសម្បទា​រឹងមាំ បញ្ញា​វាងវៃ ដោយសារតែ​ម្តាយ​មាន​ពេល​គ្រប់គ្រាន់ ចិញ្ចឹម​បីបាច់ និង​ផ្តល់​អាហារូបត្ថម្ភ​ដល់​កូន ដែល​ខុសពី​ការពន្យារ​កំណើត​តាមបែប​ធម្មជាតិ​។ ផ្ទុយទៅវិញ​ការមិន​ប្រើ​មធ្យោបាយ​ពន្យា​កំណើត អាចធ្វើ​ឲ្យ​ស្ត្រី​មានកូន​ច្រើន ប៉ះពាល់​ដល់​សុខភាព​ម្តាយ ទារក​លូតលាស់​មិនបាន​ល្អ ខ្សោយសតិ​បញ្ញា ពិសេស​គ្រួសារ​ជួប​ភាពក្រីក្រ​ដោយសារ​រវល់​តែ​មើលថែទាំ​កូន​មិនមាន​ពេលវេលា​ប្រកប​របរ​រកស៊ី​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​។ នេះ​បើតាម​លោកស្រី ទុង រដ្ឋា​វី ដែល​ឲ្យ​ដឹង​តាមរយៈ AKP​ទៀតថា តាម​ផែនការ​ក្រសួងសុខាភិបាល គ្រោង​សម្រេច​ឲ្យ​បាន ៤២​ភាគរយ នូវ​ការប្រើប្រាស់​មធ្យោបាយ​ពន្យា​កំណើត​ទំនើប​ក្នុងចំណោម​ស្ត្រី​ដែល​បាន​រៀបការ និង​បង្កើន​ដល់​៤៦​ភាគរយ​នៅ​ឆ្នាំ​២០២០ ៕


Tag:
 សុខភាព​
 ​ ពន្យារកំណើត​
  ​ស្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com