ជាតិ
សេដ្ឋកិច្ច
រថយន្តក្រុង៖សាលារាជធានីភ្នំពេញ កែតម្រាយខ្សែរត់ចាស់ និងបន្ថែមផ្លូវរត់ថ្មី សរុប១០ខ្សែ
× ភ្នំពេញ៖ ខណៈការប្រើប្រាស់រថយន្តក្រុងបានកើនឡើង បន្ទាប់ពីចិនផ្តល់រថយន្តក្រុង១០០គ្រឿងមកនោះ សាលារាជធានីភ្នំពេញ បានប្រកាសពង្រីកផ្លូវរត់នៃរថយន្តក្រុងឲ្យបានកាន់តែច្រើន ដើម្បីបំពេញតម្រូវការរបស់ពលរដ្ឋ។
សាលារាជធានីភ្នំពេញ នឹងកែសម្រួលតម្រាយផ្លូវនៃខ្សែរត់ចាស់ និងដាក់ឲ្យដំណើរការខ្សែរត់ថ្មីបន្ថែមទៀតរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង។ នេះបើតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហានេះ។
បើតាមរដ្ឋបាលរាជធានីភ្នំពេញ ការប្តូរតម្រាយខ្សែរត់ចាស់របស់រថយន្តក្រុង នឹងចាប់ផ្តើមពីខែកញ្ញា ដោយខ្សែទី២ នឹងផ្តើមចំណតរថយន្តផ្សារអ៊ីអន២ តាមផ្លូវឧកញ៉ាម៉ុង ឫទ្ធី រង្វង់មូលកាំកូស៊ីធី រង្វង់មូលអង់តែនទួលគោក ផ្លូវលេខ៧០ រង្វង់មូលគួចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ វិថីព្រះនរោត្តម ស្ពានអាកាសក្បាលថ្នល់ ផ្លូវជាតិលេខ២ ដល់ក្រុងតាខ្មៅខេត្តកណ្តាល។ ខ្សែទី៣ នឹងចាប់ផ្តើមពីចំណតសួនច្បារឫស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលកួចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ វិថីព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី មហាវិថីកម្ពុជាក្រោម ស្ពានអាកាស៧មករា មហាវិថីសហព័ន្ធរុស្សី រង្វង់មូលចោមចៅ ផ្លូវជាតិលេខ៣។ រីឯតម្រាយផ្លូវខ្សែទី១នៅរក្សាដដែល គឺពីគីឡូម៉ែត្រលេខ៩ ដល់ក្តីតាកុយ។
រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងក៏នឹងដាក់ដំណើរការខ្សែរត់ថ្មីបន្ថែមទៀតរួមមាន ខ្សែទី៤A ចាប់ផ្តើមចេញដំណើរពីចំណតសួនច្បារឫស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលកួចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ វិថីព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី វិថីហ្សាដឺហ្គោល រង្វង់មូលនាងគង្ហីង ស្តុងអាងទឹកអូឡាំពិក វិថីព្រះមុនីរ៉េត កាត់មុខផ្សារដើមគរ ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវវេងស្រេង ស្តុបអាងទឹកកាណាឌីយ៉ា ផ្សារទួលពង្រ ចំណតបុរីសន្តិភាព២។
ខ្សែរត់ទី៤B ចេញពីសួនច្បារឫស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលកួចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ វិថីព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី វិថីហ្សាដឺហ្គោល ស្តុបនាងគង្ហីង ស្តុបអាងទឹកអូឡាំពិក វិថីព្រះមុនីរ៉េត កាត់មុខផ្សារដើមគរ ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវវេងស្រេង រង្វង់មូលចោមចៅ ផ្លូវជាតិលេខ៤ ដល់តំបន់សេដ្ឋកិច្ចពិសេស។
ខ្សែទី៥ ចេញពីចំណតផ្សារអេអន២ តាមផ្លូវលេខ១០០៣ បត់ឆ្វេងតាមផ្លូវលេខ១៩៦៦ ឆ្ពោះទៅផ្លូវលេខ៥៩៨ ផ្លូវលេខ៣៣៧ បត់ស្តាំតាមផ្លូវលេខ៥៥៦ សាលាបឋមសិក្សាទួលគោក វិថីគីម អ៊ីលស៊ុង កាត់តាមស្ពានអាកាស៧មករា មហាវិថីម៉ៅសេទុង ស្តុបបូកគោ ស្តុបជលផល វិថីសុធារស និងចុងក្រោយដល់ចំណតអ៊ីអន១។
សេចក្តីជូនដំណឹងដដែលឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នឹងបន្ថែមខ្សែរត់ចំនួន៤បន្ថែទៀត គឺខ្សែរត់ទី៦ ចាប់ផ្តើមចំណតផ្សារបុរីរុងរឿង ផ្លូវជាតិលេខ៦ ស្ពានជ្រោយចង្វារ រង្វង់មូលកួចកាណុង ផ្លូវលេខ៧០ រង្វង់មូលអង់តែនទួលគោក រង្វង់មូលកាំកូស៊ីធី ផ្លូវឧកញ៉ាម៉ុង ឫទ្ធី ផ្លូវសម្តេច ជា ស៊ីម បត់ឆ្វេងតាមផ្លូវឧកញ៉ា ទ្រី ហេង ដល់មហាវិថីសហព័ន្ធរុស្ស៊ី បត់ឆ្វេងឆ្ពោះទៅចំណតផ្សារសេនជូរីផ្លាហ្សា។
ខ្សែរត់ទី៧A នឹងចាប់ផ្តើមចេញពីគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥៩៨ ស្ពានអាកាស៧មករា ផ្លូវលេខ២៧១ បត់តាមស្ពានអាកាសស្ទឹងមានជ័យ វិថីព្រះមុនីរ៉េត វិថីព្រះសីហនុ វិថីព្រះសុធារស ដល់ចំណតផ្សារអ៊ីអន១។
ខ្សែរត់ទី៧B ចេញពីគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥៩៨ ស្ពានអាកាស៧មករា ផ្លូវលេខ២៧១ បត់តាមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ ស្ពានអាកាសក្បាលថ្នល់ ឆ្លងកាត់ស្ពានព្រះមុនីវង្ស ដល់ចំណតផ្សារច្បារអំពៅ។
ចំណែក ខ្សែរត់ទី៨ ផ្តើមចេញពីចំណតគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ កាត់ស្ពានព្រែកព្នៅ ផ្លូវឧកញ៉ា លី យ៉ុងផាត់ ផ្លូវជាតិលេខ៦អា ដល់ចំណតផ្សាររុងរឿង។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែសីហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីជួបសំណះសំណាលជាមួយកម្មករ-កម្មការិនី បានប្រកាសឲ្យកម្មករ-កម្មការិនី ជិះរថយន្តក្រុងដោយមិនគិតថ្លៃរយៈពេល២ឆ្នាំ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដោយគ្រាន់តែបង្ហាញកាតធ្វើការប៉ុណ្ណោះ៕
Tag:
រថយន្តក្រុង
ប្តូរខ្សែរត់
© រក្សាសិទ្ធិដោយ thmeythmey.com