រថយន្ត
Elvis Presley ប្រើរថយន្តរាប់ភ្លេច និងគ្រប់ម៉ូត Cadillacs, BMW, Rollys Royce, Mercedes-Benz…
× លោក Elvis Presley ត្រូវបានចាត់ទុកថា ជាអ្នកដែលស្រឡាញ់ និងផ្លាស់ប្តូររថយន្តច្រើនបំផុត។ ស្តេចចម្រៀង Rock and Roll អាមេរិក រូបនេះ បានទទួលមរណភាពក្នុងអាយុ៤២ឆ្នាំ កាលពីឆ្នាំ១៩៧៧ ដោយជំងឺគាំងបេះដូង។ គេហទំព័រ elvis.com.au បានដកស្រង់សម្តី លោក Joe Esposito មិត្តភក្តិដ៏ជិតស្និតម្នាក់របស់លោក Elvis Presley ដែលបញ្ជាក់ថា ស្តេចចម្រៀងរូបនេះ មានរថយន្តជាច្រើន គាត់ទិញរថយន្តទាំងនោះទៅប្រើប្រាស់ទៅតាមចិត្តស្រឡាញ់ ដោយមិនគិតតម្លៃថោក-ថ្លៃ ឬម៉ាកខ្ពស់ទាបនោះឡើយ។
ចាប់ផ្តើមនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ លោក Elvis Presley ប្រើរថយន្តម៉ាក Pink Cadillacs ក្រោយ មកគាត់បានប្រគល់វាជូនទៅម្តាយ គឺអ្នកស្រី Gladys Presley ដែលសម័យកាលនោះ ជាម៉ូដែលដ៏ល្បីជាងគេលើពិភពលោក។ នៅឆ្នាំដដែល លោកបានប្តូរទៅប្រើប្រាស់រថយន្តមួយទឹក Volkswagen និង BMW 507 ពីរគ្រឿងនៅអាល្លឺម៉ង់។
គេហទំព័រ elvis.com.au ដែលប្រមូលទុកឯកសារនានាទាក់ទងនឹងលោក Elvis បានកត់ត្រាឲ្យឃើញថា ឈានដល់ទសវត្សរ៍ឆ្នាំ១៩៦០ តារាចម្រៀងរូបនេះ បន្តប្រើប្រាស់រថយន្ត Cadillacs បន្ថែមជាមួយម៉ាកល្បីៗផ្សេងទៀតដូចជា Ford Lincoln និង Rolls Royce។
ឈានដល់ទសវត្សរ៍ឆ្នាំ១៩៧០ លោក Elvis នៅតែពេញចិត្តម៉ាក Cadillacs បន្ថែមលើរថយន្តថ្មីៗផ្សេងទៀត រួមមាន Mercedes-Benz 600, Ford T-Bird ប៉ុន្តែរថយន្តដែលមានតម្លៃខ្ពស់បំផុត ហើយដែលលោក Elvis ក្លាយជាមនុស្សដំបូងដែលបានប្រើប្រាស់នោះ គឺម៉ាក Stutz Blackhawk III ផលិតនៅឆ្នាំ១៩៧៣ ។
លោក Billy Smith បានអះអាងថា លោក Elvis ដែលជាបងជីដូនមួយខ្លួន បានទទួលរង្វាន់ Safe Driving Award នៅសាលារៀន។ ពេលទិញរថយន្ត គាត់តែងបើកបរសាកល្បងជានិច្ច។ លោក Billy ធ្លាប់ជិះរថយន្ត 51 Chevrolet ជាមួយ Elvis ដោយគាត់បានស្តីឲ្យអ្នកដែលចូលចិត្តនិយាយពេលបើកបរ។
លោក Joe Esposito ដែលជាមិត្តជិតស្និទ្ធ និងជាអ្នកដឹកនាំកម្មវិធីសម្រាប់ Elvis បានលើកឡើងថា លោក Elvis ទិញរថយន្តតាមការមើលឃើញ និងពេញចិត្តរបស់ខ្លួន ដោយគាត់មិនផ្តោតលើតម្លៃថា ៥០០០ដុល្លារ ឬ៥០០០០ដុល្លារអាមេរិកនោះឡើយ ហើយម៉ាករថយន្តក៏គាត់មិនសូវរើសនោះដែរ។
ទោះបីជាយ៉ាងណាក៏ដោយគេសង្កេតឃើញថា រថយន្តសំណព្វរបស់លោក Elvis ភាគច្រើន ផលិតនៅអាមេរិក ក្នុងមានដូចជា Cadillac, Lincoln និង Chryslers ជាដើម។ រថយន្តបរទេស មានដូចជា Rolls Royce, Mercedes និង Ferrari។
រថយន្តល្បីៗមួយចំនួនដែលស្តេចចម្រៀង Elvis Presley ធ្លាប់ប្រើប្រាស់ ដោយក្នុងនោះរថតយន្តដែលផលិតនៅស៊េរីឆ្នាំ១៤០-៥០ ដូចជា 1941 Lincoln, Cadillac ពណ៌ផ្កាឈូក និងពណ៌លឿង, 1955 Cadillac Fleetwood 60, 1955 Cadillac Fleetwood 75 Limousine, 1956 Messerschmitt, 1956 Cadillac Eldorado, 1956 Cadillac Eldorado, 1956 Lincoln Continental, 1958 Volkswagen Beetle និង BMW 507 ជាដើម។
រថយន្តស៊េរីឆ្នាំ១៩៦០ រួមមាន 1960 LINCOLN CONTINENTAL MARK V, 1961 ROLLS-ROYCE SILVER CLOUD, 1960 Cadillac Coupe De Ville, 1962 Ford Thunderbird, 1963 Rolls-Royce Phantom V Touring Limousine, 1963 Rolls-Royce Phantom V Touring Limousine, 1964 Cadillac Fleetwood 75 Limousine, 1965 Cadillac Eldorado Convertible, Cadillac Eldorado Coupe, 1967 Cadillac Coupe De Ville, 1967 Lincoln Continental ។
ចំណែករថយន្តស៊េរីឆ្នាំ១៩៧០ ដែលលោក Elvis ធ្លាប់ប្រើរួមមាន 1970 Mercedes-Benz 600, Mercedes-Benz 280 SL Roadster, 1971 DeTomaso Pantera, 1972 Stutz Blackhawk, 1972 Cadillac Custom Estate Wagon, 1972 Lincoln Continental Mark IV, 1975 Ferrari Dino 308 GT4, 1975 Pontiac, 1976 Cadillac Seville, 1976 Cadillac Seville, 1977 Cadillac Seville, 1977 Triumph TR6 ។
យោងតាមការស្រាវជ្រាវរបស់ Motoring Research រថយន្ត Triumph TR6 ផលិតឆ្នាំ១៩៧៧ ត្រូវបានចាត់ទុកថា ជារថយន្តចុងក្រោយបំផុតដែលលោក Elvis បានទិញ និងជាកាដូរបស់គាត់សម្រាប់ Ginger Alden ដែលជាមិត្តស្រី។ រីឯរថយន្តដែលគាត់បានបើកបរចុងក្រោយគេមុនទទួលមរណភាពក្នុងឆ្នាំ១៩៧៧ គឺរថយន្ត Stutz Blackhawk III ផលិតឆ្នាំ១៩៧៣ ។
កាលពីឆ្នាំ១៩៨៩ ទីតាំងនៃភូមិគ្រឹះ Graceland របស់លោក Elvis Presley ដែលស្ថិតនៅក្រុង Memphis រដ្ឋ Tennessee ត្រូវបានប្រែក្លាយជាទៅជាសារមន្ទីរ Elvis Presley Automobile Museum ដោយដាក់តាំងរថយន្តជាង២០គ្រឿង និងរូបថតអនុស្សាវរីយ៍ផ្សេងៗរបស់ស្តេចចម្រៀងរូបនេះ។
រថយន្តសំណព្វរបស់លោក Elvis ដែលមានក្នុងសារមន្ទីរនោះ មានដូចជា Pink Cadillac, Stutz Blackhawk, 1975 Dino Ferrari, 1956 Cadillac Eldorado ជាដើម។ រថយន្តមួយចំនួនរបស់គាត់ក៏ត្រូវបានដាក់លុយដេញថ្លែផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com