ជាតិ
សេដ្ឋកិច្ច
RDB ដាក់ឲ្យដេញថ្លៃគម្រោងឃ្លាំងស្តុកស្រូវ និងឡសម្ងួតនៅខេត្តចំនួនបីបន្ថែមទៀត
× ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានលើកគម្រោងអភិវឌ្ឍ និងធ្វើប្រតិបត្តិការឃ្លាំងស្តុកស្រូវ និងឡសម្ងួត នៅខេត្តចំនួនបីបន្ថែមទៀត បន្ទាប់ពីមានគម្រោងដូចគ្នានេះ នៅខេត្តបាត់ដំបង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ RDB នៅថ្ងៃទី១៨ខែសីហា។
RDB បានប្រកាសឲ្យក្រុមហ៊ុនមានបទពិសោធន៍ពាក់ព័ន្ធវិស័យស្រូវអង្ករ ដែលមានចំណាប់អារម្មណ៍ ចូលរួមដេញថ្លៃគម្រោងអភិវឌ្ឍ និងធ្វើប្រតិបត្តិការលើឃ្លាំងស្តុកស្រូវ ចាប់ពី ៥០០០០តោនឡើងទៅ និងឡសម្ងួតស្រូវដែលមានសមត្ថភាពសម្ងួតបានចាប់ពី ១៥០០តោនឡើងទៅក្នុងមួយថ្ងៃ នៅទីតាំងខេត្តកំពង់ធំ ព្រៃវែង និងខេត្តតាកែវ។
ចំពោះបរិមាណ និងទំហំឃ្លាំងស្តុកស្រូវ និងឡសម្ងួត អាចមានការប្រែប្រួលពីខេត្តមួយទៅខេត្តមួយទៅតាមតម្រូវការជាក់ស្ដែង។ នេះជាការបញ្ជាក់របស់សេចក្ដីជូនដំណឹងខាងលើ។
សេចក្ដីជូនដំណឹងរបស់ RDB មិនបានបញ្ជាក់ពីទំហំទឹកប្រាក់សម្រាប់គម្រោងទាំងនេះទេ ប៉ុន្តែកន្លងមករដ្ឋាភិបាលបានអះអាងថាខ្លួននឹងបញ្ចេញថវិកាចំនួន ៣០លានដុល្លារសម្រាប់គម្រោងឃ្លាំងស្តុកស្រូវ និងឡសម្ងួត នៅខេត្តចំនួនបួន។
កាលពីដើមឆ្នាំនេះ ធនាគារស្រូវរបស់ លោក ភូ ពុយ ត្រូវបានជ្រើសរើសសម្រាប់គម្រោងឃ្លាំងស្តុក និងឡសម្ងួត នៅខេត្តបាត់ដំបង ដែលនេះជាគម្រោងក្រោមកិច្ចសហការជាមួយរដ្ឋាភិបាល តាមរយៈការផ្ដល់ឥណទានដោយ RDB ក្នុងទឹកប្រាក់ ១០លានដុល្លារ។ ហើយឃ្លាំងស្តុក និងឡសម្ងួត មួយនេះ គ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំនេះ។
សេចក្ដីជូនដំណឹងបញ្ជាក់ថា ក្រុមហ៊ុនចូលរួមដេញថ្លៃ ត្រូវដាក់សំណើមក RDB ត្រឹមថ្ងៃទី៨ ខែកញ្ញាឆ្នាំនេះ។ ហើយសំណើទាំងនោះនឹងត្រូវវាយតម្លៃដោយក្រុមហ៊ុន Mekong Strategic Partners ៕
Tag:
ឃ្លាំងស្តុកស្រូវ
អង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com