ជាតិ
សំណើ​បក្សប្រឆាំង ដែល​សុំ​កែ​ច្បាប់ ដើម្បី​ឲ្យ​មានការ​បោះឆ្នោត​នៅក្រៅ​ប្រទេស ត្រូវបាន​សភា​យកទៅ​ពិនិត្យ​
21, Aug 2017 , 10:59 pm        
រូបភាព
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំពីសេចក្តីស្នើសុំកែប្រែច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២0១៧។ រូបភាពពីរដ្ឋសភា
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រជុំពីសេចក្តីស្នើសុំកែប្រែច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២0១៧។ រូបភាពពីរដ្ឋសភា
​ភ្នំពេញ​៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២0១៧​នេះ ដើម្បី​ពិភាក្សា លើ​សេចក្តីស្នើសុំ​កែប្រែ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ស្នើ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា សម្រេច​បញ្ជូន​សេចក្តីស្នើសុំ​កែប្រែ​ច្បាប់​នេះ ទៅ​ឲ្យ​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌ ដើម្បី​សិក្សា​លម្អិត​។

 


​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា ដែល​ចេញផ្សាយ​ក្រោយ​កិច្ចប្រជុំ បាន​ឲ្យ​ដឹងថា សេចក្តីស្នើសុំ​កែប្រែ​ច្បាប់​ខាងលើ នឹងត្រូវ​បញ្ជូន​ទៅកាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​វិញ នៅពេល​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌ ពិនិត្យ​ចប់សព្វគ្រប់​។ ជា​នីតិវិធី គណៈកម្មាធិការ​អចិន្ត្រៃយ៍ នឹង​បើក​កិច្ចប្រជុំ​លើក​ទី​ពីរ ដើម្បី​បន្ត​ពិភាក្សា​និង​សម្រេច​ថា ត្រូវបញ្ជូន​សេចក្តីស្នើសុំ​កែប្រែ​ច្បាប់​នេះ ទៅកាន់​កិច្ចប្រជុំពេញអង្គ​នៃ​ដ្ឋ​សភា ឬ​យ៉ាងណា​។​

​ខ្លឹមសារ​សំខាន់ ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើឡើង​នៅក្នុង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​និង​ធ្វើការ​នៅឯ​ប្រទេសក្រៅ អាច​ចុះឈ្មោះ​បោះឆ្នោត និង​អាច​បោះឆ្នោត​បាន ដោយ​មិនចាំបាច់​វិល​មកកាន់​ប្រទេស​កម្ពុជា​។

​កន្លងមក គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត (​គ​.​ជ​.​ប​) ធ្លាប់​អះអាងថា ខ្លួន​ពុំ​អាច​រៀបចំ​ឲ្យ​មានការ​ចុះឈ្មោះ​និង​ការបោះឆ្នោត​នៅក្រៅ​ប្រទេស​បានទេ ដោយសារតែ​ច្បាប់ មិនបាន​ចែង​។ គ​.​ជ​.​ប ធ្លាប់​អះអាង​ទៀតថា ការរៀប​ឲ្យ​មានការ​ចុះឈ្មោះ​និង​ការបោះឆ្នោត​នៅក្រៅ​ប្រទេស នឹង​អាចធ្វើ​ទៅបាន លុះត្រាតែ​កែប្រែ​ច្បាប់បោះឆ្នោត ជាមុនសិន​៕  


Tag:
 ច្បាប់បោះឆ្នោត​
  កែប្រែ
© រក្សាសិទ្ធិដោយ thmeythmey.com