ជាតិ
គ.ជ.ប ត្រៀមថវិកាប្រមាណ ៥២លានដុល្លារ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត កាលពីកន្លងទៅ។
× ភ្នំពេញ៖ ថវិកាប្រមាណ ៥២លានដុល្លារ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មាននៅក្នុងដៃ ដើម្បីចំណាយទាំងស្រុង លើដំណើរការនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នាអាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២0១៨។ នេះបើតាមការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប។
លោក ហង្ស ពុទ្ធា ប្រាប់សារព័ត៌មានថ្មីៗថា ថវិកាប្រមាណ ៥២ដុល្លារនេះ គឺបានមកពីរដ្ឋាភិបាលកម្ពុជា និងពីបណ្តាប្រទេសជាម្ចាស់ជំនួយ ដូចជាសហភាពអឺរ៉ុប ជប៉ុន និងចិន រួមទាំងអង្គការអន្តរជាតិផ្សេងៗទៀត ដូចជាអង្គការរបស់សហរដ្ឋអាមេរិក ជាដើម។ លោក បញ្ជាក់ថា គ.ជ.ប មិនខ្វះខាតផ្នែកថវិកាឬក៏សម្ភារបច្ចេកទេស សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២0១៨ នោះទេ។
អ្នកនាំពាក្យគ.ជ.ប រូបនេះ សង្កត់ធ្ងន់ថា៖«ថវិកាប៉ុណ្ណឹង គឺគ្រប់គ្រាន់ហើយ។ ហើយសម្ភារបច្ចេកទេសខ្លះ យើងកំពុងជួសជុល។ យើងបានត្រៀមអស់ហើយ មិនមានបញ្ហាអ្វីទេ»។
សូមបញ្ជាក់ថា គ.ជ.ប បានត្រៀមថវិកាជាង២៥លានដុល្លារ សម្រាប់ការចាយវាយលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងទៅ។ ហើយថវិកាទាំងនេះ បានមកពីរដ្ឋាភិបាលកម្ពុជា និងប្រទេសជាម្ចាស់ជំនួយ ដូចគ្នា៕
Tag:
បោះឆ្នោតជាតិ
គជប
ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com