ជាតិ
បាក់​ឌុប៖ ព្រឹកថ្ងៃទី២មានបេក្ខជន​អវត្តមាន​ជាង១៥០០នាក់ ​និង​អ្នកមាន​បញ្ហា​សុខភាព​៤២ករណី​
22, Aug 2017 , 12:50 pm        
រូបភាព
ក្នុង​ដំណើរ​ការប្រឡង​បាក់​ឌុប នៅ​ព្រឹក​ថ្ងៃទី២នេះ មាន​បេក្ខជន​អវត្តមាន​ចំនួណ១,៥៤៩នាក់ កើនឡើង​ចំនួន៥៧នាក់ បើ​ធៀប​នឹង​ថ្ងៃ​ប្រឡង​ទី១ ។ បើតាម​ក្រសួង​អប់រំ បេក្ខជន​មាន​បញ្ហា​សុខភាព​ក្នុងពេល​ប្រឡង​ចំនួន៤០ករណី ខណៈ​អនុរក្ស​មាន២ករណី ខណៈ​បេក្ខជន​ប្រព្រឹត្ត​កំហុស និង​ត្រូវ​បានរៀបចំ​កំណត់ហេតុ​ពិសេស​ចំនួន៣ករណី ប្រឡង​ជំនួស១ករណី លួច​ចម្លង២ករណី និង​បុគ្គលិក​អប់រំ​ប្រព្រឹត្ត​កំហុស​ចំនួន៤ករណី។ ទោះយ៉ាងណា ក្រសួង​អប់រំ វាយតម្លៃថា ដំណើរការ​ប្រឡង​បាក់​ឌុប​នៅ​ព្រឹក​ថ្ងៃទី២ ប្រ​ព្រិ​ត្ត​ទៅដោយ​រលូន​ល្អ


 
ក្រោយ​បញ្ចប់​ដំណើរការ​ប្រឡង​បាក់​ឌុប​នៅ​ព្រឹក​ថ្ងៃទី២ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​វាយតម្លៃថា ការប្រឡង​ប្រ​ព្រិ​ត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ។ បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​អប់រំ ការ​សំណេរ​នា​ព្រឹក​ថ្ងៃទី២នេះ មាន​បេក្ខជន អវត្តមាន​ចំនួន១ ,៥៤៩នាក់ កើន​ចំនួន៥៧នាក់ ខណៈ​ថ្ងៃ​ប្រឡង​ទី១ មាន​សិស្ស​អវត្តមាន​ចំនួន ១,៤៤១នាក់។  
 
ក្រៅពីនេះ ក៏មាន​បេក្ខជន និង​អនុរក្ស មាន​បញ្ហា​សុខភាព​ក្នុងពេល​ប្រឡង​ដែរ។ បើតាម​ក្រសួង​អប់រំ បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន៤០ករណី ក្នុងនោះ​មាន៥ករណី ដែល​មិនអាច​ត្រឡប់​ពី​មន្ទីរពេទ្យ​មក​បន្ត​ការប្រឡង​បាន។ ចំណែក​អនុរក្ស មាន​បញ្ហា​សុខភាព​ចំនួន២ករណី។ 
 
ក្រសួង​អប់រំ បានបញ្ជាក់​ទៀតថា ក្នុង​ដំណើរ​ការប្រឡង​សំណេរ​នៅ​ព្រឹក​ថ្ងៃទី២នេះ ក៏មាន​ការប្រព្រឹត្ត​ខុស​បទបញ្ញត្តិ​ដែរ ក្នុងនោះ​បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង​ត្រូវ​បានរៀបចំ​កំណត់ហេតុ​ពិសេស៣ករណី បេក្ខជនស្វៃរិន​ប្រឡង​ជំនួស១ករណី បេក្ខជន​លួច​ចម្លង​សំណៅ​ឯកសារ២ករណី និង​មាន​បុគ្គលិក​អប់រំ​ប្រព្រឹត្ត​កំហុសឆ្គង៤ករណី។
 
ចំពោះ​ភ្លៀង​ធ្លាក់​ដែល​កើត​មាននៅ​ខេត្តក្រចេះ ខេត្ត​ព្រះសីហនុ និង​ខេត្តរតនគិរី នៅ​ព្រឹក​ថ្ងៃទី២ នេះ មិន​ប៉ះពាល់​ដល់​ដំណើរការ​ប្រឡង​ឡើយ៕
 

Tag:
 បាក់​ឌុប
 អប់រំ
 សុខភាព
 អវត្តមាន
© រក្សាសិទ្ធិដោយ thmeythmey.com