ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ជាប់​ចំណាត់ថ្នាក់ ១៨០ ដែលជា​ប្រទេស​លំបាក​បំផុត​ក្នុងការ​ចុះបញ្ជី​ប្រកប​អាជីវកម្ម​
22, Aug 2017 , 2:36 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  កម្ពុជា​ក្លាយជា​ប្រទេសមួយ ដែល​ពិបាក​បំផុត​ក្នុងការ​ចុះបញ្ជី​ប្រកប​អាជីវកម្ម ដោយ​ជាប់​ចំណាត់ថ្នាក់​លេខ ១៨០ ក្នុងចំណោម ១៨៩ ប្រទេស​។  នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក (World Bank) ដែល​បានប្រកាស​នៅ​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៧ នេះ​។​



​កម្ពុជា​ប្រើ​រយៈពេល ៨៧​ថ្ងៃ ដើម្បី​ចុះបញ្ជី​ប្រកប​របរ​អាជីវកម្ម ខណៈ​ប្រទេស​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ប្រើតែ​រយៈពេល​២៥​ថ្ងៃ​ប៉ុណ្ណោះ​។ ការយឺតយ៉ាវ​នេះ បានធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ពិបាក​បំផុត​ក្នុងការ​ចុះបញ្ជី​ប្រកប​រប​អាជីវកម្ម ដោយ​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១៨០ ក្នុងចំណោម​ប្រទេស ១៨៩​ប្រទេស​។

​ដោយឡែក ការចុះបញ្ជី​ពាណិជ្ជកម្ម តាមច្បាប់​ស្តីពី​វិធាន​ពាណិជ្ជកម្ម និង​បញ្ជីពាណិជ្ជកម្ម ជា​ភារកិច្ច​របស់​ក្រសួង ពាណិជ្ជកម្ម ដែល​បាន​ដំណើរការ​ការចុះបញ្ជី​ពាណិជ្ជកម្ម​តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម ដែល​អាច​ចុះបញ្ជី​ពាណិជ្ជ​កម្មបាន ពី​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ត្រូវ​ចំណាយពេល​ពី ៣ ទៅ​៥ ថ្ងៃ​។​

​លោក Miguel Eduardo Sanchez  អ្នកជំនាញ​សេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក បាន​ថ្លែងថា មុននឹង​ចាប់ផ្តើម​ដំណើរ​អាជីវកម្ម វិនិយោគិន​ត្រូវសុំ​ច្បាប់​ពី​អាជ្ញាធរ និង​ក្រសួង​ច្រើន​កន្លែង ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវ​ប្រើ​រយៈពេល​យូរ​ទម្រាំ​ទទួលបាន​អាជ្ញាប័ណ្ណ​។ 

​លោក​ថា បញ្ហា​នេះ​អាជ្ញាធរ និង​ក្រសួង គួរតែ​រក​វិធី​សម្រួល​ក្នុងការ​ចុះបញ្ជី​ប្រកប​អាជីវកម្ម ឲ្យ​ងាយស្រួល​ជាង​នេះ និង​ប្រើ​ពេលវេលា​ខ្លី​ជាង​នេះ​៕      


Tag:
 ធនាគារពិភពលោក​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com