ជាតិ
ក្រសួងអប់រំ ស្នើឲ្យបញ្ឈប់ការចែករំលែកវិញ្ញាសា អត្រាកំណែ ឬសន្លឹកកិច្ចការបេក្ខជន នៅតាមបណ្តាញសង្គម
× ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់អ្នកប្រើបណ្តាញសង្គមមួយចំនួន បញ្ឈប់ជាបន្ទាន់ សកម្មភាពចែករំលែកវិញ្ញាសា អត្រាកំណែ ឬសន្លឹកកិច្ចការបេក្ខជន ក្នុងអំឡុងពេលប្រឡង និងមុនការប្រកាសលទ្ធផលផ្លូវការ។ ក្រសួងអប់រំ នឹងស្វែងរកម្ចាស់ទំព័រ ឬគណនីហ្វេសប៊ុកទាំងនោះ មកទទួលខុសត្រូវតាមផ្លូវច្បាប់ ក្នុងករណីមិនបញ្ឈប់សកម្មភាពដែលក្រសួងចាត់ទុកថា បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ដំណើរការប្រឡងនេះ។
ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឲ្យអ្នកប្រើបណ្តាញសង្គមបញ្ឈប់ជាបន្ទាន់ ការចែករំលែកវិញ្ញាសា អត្រាកំណែ ឬសន្លឹកកិច្ចការបេក្ខជន ក្នុងអំឡុងពេលប្រឡង និងមុនការប្រកាសលទ្ធផលផ្លូវការ។ ការអំពាវនាវនេះ កើតឡើងបន្ទាប់ពីមានបណ្តាញសង្គមហ្វេសប៊ុក និងអ្នកប្រើប្រាស់គណនីឯកជនមួយចំនួនបង្ហោះ ចែករំលែកវិញ្ញាសា និងអត្រាកំណែមុខវិជ្ជា ជីវវិទ្យា និងគីមីវិទ្យា នៅយប់ថ្ងៃទី២១ ខែសីហា។
ក្រសួងអប់រំ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បានចាត់ទុកទង្វើនេះ ថាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ដំណើរការប្រឡង ដែលក្រសួងអះអាងថា កំពុងប្រព្រឹត្តទៅយ៉ាងរលូន តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវដល់ម្ចាស់ទំព័រហ្វេសប៊ុក និងអ្នកប្រើប្រាស់បណ្តាញសង្គមពាក់ព័ន្ធ បញ្ឈប់ជាបន្ទាន់នូវទង្វើនេះ។ បើនៅមានសកម្មភាពចែករំលែកវិញ្ញាសា អត្រាកំណែ ឬសន្លឹកកិច្ចការបេក្ខជន ក្នុងពេលដំណើរការប្រឡង និងការប្រកាសលទ្ធផលផ្លូវការមិនទាន់ត្រូវបានបញ្ចប់ ក្រសួងសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ នឹងស្វែងរកម្ចាស់ទំព័រ ឬគណនីហ្វេសប៊ុកទាំងនោះ មកទទួលខុសត្រូវតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត៕
© រក្សាសិទ្ធិដោយ thmeythmey.com