ជាតិ
ប្តីប្រពន្ធរវល់ធ្វើជាអនុរក្សប្រឡងបាក់ឌុប ឯផ្ទះត្រូវភ្លើងឆេះ រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ
× ផ្ទះរបស់លោកគ្រូអ្នកគ្រូប្ដីប្រពន្ធ ជាអនុរក្សដែលស្ថិតនៅទីរួមខេត្តបាត់ដំបងត្រូវភ្លើងឆេះគ្មានសល់ កាលពីម៉ោង៤ ទៀបភ្លឺនៅថ្ងៃទី២២ សីហា ឆ្នាំ២០១៧។
ផ្ទះរបស់លោកគ្រូ អ្នកគ្រូ ដែលជាប្ដីប្រពន្ធ ហើយធ្វើជាអនុរក្សប្រឡងសញ្ញាបត្រទុតិយភូមិ នៅមណ្ឌលក្នុងទីរួមខេត្តបាត់ដំបង ត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង កាលពីយប់ម៉ោង៤ទៀបភ្លឺ នៅថ្ងៃទី ២២ សីហា។ នេះបើយោងតាមការផ្សាយរបស់គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែសីហានេះ។
គេហទំព័ររបស់អគ្គស្នងការបន្តទៀតថា ដោយសារប្តីប្រពន្ធទាំងពីរនាក់នោះ ជាប់រវល់ចុះបំពេញបេសកកម្ម ធ្វើជាអនុរក្សនៅឯទីរួមខេត្តបាត់ដំបង ក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃ ទើបផ្ទះរបស់ពួកគេ មិនមានអ្នកមើលថែនោះទេ។ ផ្ទះរបស់លោកគ្រូអ្នកគ្រូ ដែលត្រូវភ្លើងឆេះ ស្ថិតនៅភូមិទួលបាល្ល័ង្គ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
អធិការនគរបាល ស្រុកគាស់ក្រឡ លោក ឆាង វ៉ាន់ឆៃ បានលើកឡើងថា ផ្ទះមួយខ្នងដែលត្រូវភ្លើងឆេះគ្មានសល់នេះ គឺសង់ពីឈើ ដំបូលស័ង្កសី និងមានទំហំ ៦ម៉ែត្រ គុណនឹង ៩ ម៉ែត្រ។ លោកបានបន្ថែមទៀតថា បើទោះបីជាមានអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋានក៏ដោយ ក៏មិនអាចទប់ស្កាត់បានដែរ។ បើតាមការសន្និដ្ឋានជំហានដំបូង ភ្លើងឆេះផ្ទះនេះ អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
បើតាមការលើកឡើងរបស់ម្ចាស់ផ្ទះ ដែលជាអនុរក្សប្រឡង ការខូចខាតទាំងផ្ទះ និងរបស់របរគ្រឿងសង្ហារឹមផ្សេងៗនៅក្នុងផ្ទះ គិតជាទឹកប្រាក់អស់ប្រមាណ១ម៉ឺនដុល្លារ។
អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តបាត់ដំបង និងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បាននាំយកនូវថវិកាមួយចំនួនរបស់ក្រសួងអប់រំ និងថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ។ នេះបើតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ៕
Tag:
អនុរក្ស
បាត់ដំបង
បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com