អន្តរជាតិ
វិបត្តិឧបទ្វីបកូរ៉េ៖ ត្រាំ ថាកាំភ្លើងដាក់គ្រាប់រួចហើយ តែមន្ត្រីក្រោមឱវាទថា ការចរចានៅតែជាអាទិភាព ប្រធានាធិបតី ដូណាល់ ត្រាំ អង្គុយអមដោយរដ្ឋមន្រ្តីការពារជាតិ ជេម ម៉ាធីស (ស្ដាំ) និងរដ្ឋមន្រ្តីការបរទេស រិច ធីល័រសិន (ឆ្វេង) (រូបភាព៖ CNN)
× នៅពេលដែលជម្លោះនៅឧបទ្វីបកូរ៉េឡើងកម្ដៅសឹងតែផ្ទុះជាសង្គ្រាមទៅហើយ គេបែរជាឃើញការខ្វែងគំនិតនៅអាមេរិកទៅវិញ។ ប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីក្រោមឱវាទរបស់លោកដែលទទួលកិច្ចការយោធា និងការទូត ហាក់ដូចជាមិនមានជំហររួមគ្នាលើបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងទេ។ ជាញឹកញយ គេឃើញលោក ត្រាំ បង្ហោះសារតាម Twitter គំរាមកូរ៉េខាងជើង ខណៈដែលមន្ត្រីរបស់លោកនាំគ្នាលើកឡើងថា អាមេរិកនៅតែប្រកាន់ជំហរចរចាដដែល។
គេអាចចាំបានថា នៅថ្ងៃទី១១ ខែសីហា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសរសេរលើ Twitter របស់លោកថា យោធាអាមេរិកបានដាក់គ្រាប់ត្រៀមប្រយុទ្ធជាមួយកូរ៉េខាងជើងរួចហើយ។ ការបង្ហោះសារគំរាមពេលនោះ ធ្វើឡើងបន្ទាប់រដ្ឋមន្ត្រីការពារជាតិ ជេម ម៉ាធីស (James Mattis) ព្យាយាម បន្ថយកម្ដៅតានតឹងរវាងអាមេរិក និងកូរ៉េខាងជើង ដោយបានប្រាប់សម្ព័ន្ធមិត្តអាមេរិកថា ដំណោះស្រាយការទូតកំពុងមានផ្លែផ្កាហើយ។
ក្រុងវ៉ាស៊ីនតោនមិនស្រណុកចិត្តឡើយ ពេលក្រុងព្យុងយ៉ាងបាញ់មីស៊ីលរំលងទ្វីបផ្ទួនៗក្នុងខែកក្កដា បន្ទាប់ក៏គំរាមបាញ់មីស៊ីលបាលីស្ទិក Hwasong-12 ដាក់តំបន់ជុំវិញកោះហ្គាមទៀតនោះ។ ទោះជាលោក ត្រាំ ពេញចិត្តទណ្ឌកម្មថ្មីក៏ដោយ ក៏លោកនៅតែបើកចំហការប្រើប្រាស់យោធាបញ្ចប់បញ្ហាដដែល។ ប្រធានាធិបតីអាមេរិកគំរាមកូរ៉េខាងជើងថានឹងប្រឈមមុខភ្លើងកំហឹងដ៏ខ្លាំង បើនៅតែគំរាមបាញ់មីស៊ីលដាក់អាមេរិកទៀត។
ខណៈដែលលោក ត្រាំ ដែលជាអគ្គមេបញ្ជាការកំពូលកងទ័ពអាមេរិកគំរាមប្រើកម្លាំងទ័ព មន្ត្រីក្រោមឱវាទរបស់លោកបែរជានិយាយថាសង្គ្រាមពិបាកកើតឡើងណាស់។ បន្ទាប់មក ក្រោយលោក ត្រាំ ប្រាប់ឲ្យកូរ៉េខាងជើងត្រូវភ័យខ្លាចចំពោះអានុភាពយោធាអាមេរិក ស្រាប់តែលោក ម៉ាធីស និយាយថាសង្គ្រាមនៅឧបទ្វីបកូរ៉េនឹងបង្កមហន្តរាយធ្ងន់ធ្ងរស្មានមិនដល់ ហើយថាវិធានការការទូតកំពុងផ្ដល់ផលមកវិញ។
ចំណែកឯរដ្ឋមន្ត្រីការពារជាតិ រិច ធីល័រសិន ក៏ធ្លាប់និយាយដែរថា លោក ត្រាំ ផ្ទាល់ក៏ចង់បានដំណោះស្រាយយោធាដែរ។ ប្រមុខការទូតអាមេរិករូបនេះបន្តថា ការគំរាមរបស់លោក ត្រាំ គឺគ្រាន់តែចង់ឲ្យកូរ៉េខាងជើងវិលចូលតុចរចាវិញប៉ុណ្ណោះ។ ដោយឡែកនៅថ្ងៃទី២២ ខែសីហា ប្រមុខកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ឧត្តមសេនីយ៍ Harry Binkley Harris ក៏អះអាងដែរថា ដំណោះស្រាយការទូតគួរតែជាជម្រើសទីមួយ ឯយោធាគួរទុកជាផ្លូវជំនួយក៏បាន។
លើសពីនោះ នៅពេលកូរ៉េខាងជើងគំរាមបាញ់មីស៊ីលដាក់កោះហ្គាមទៀតសោត ប្រធានាធិបតីអាមេរិកក៏ប្រកាសម្ដងទៀតពីលទ្ធភាពប្រើកម្លាំងទ័ពតបតវិញ ហើយនិយាយថា លោក គីម ជុងអ៊ុន នឹងស្ដាយក្រោយបើហ៊ានបាញ់មីស៊ីលដាក់ទឹកដីអាមេរិក។ ប៉ុន្តែប្រមុខការទូតអាមេរិកបែរជាប្រាប់បណ្ដាសម្ព័ន្ធមិត្តរបស់អាមេរិក មិនចាំបាច់ភ័យព្រួយអ្វីទេ ហើយថែមទាំងប្រាប់ឲ្យប្រជាជនអាមេរិកដេកឲ្យស្រួលទៀតផង។
យ៉ាងណាក្ដី ទីប្រឹក្សាជំនិតរបស់លោក ត្រាំ បាននិយាយក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន BBC ថា សម្ដីលោក ធីល័រសិន មិនបានតំណាងឲ្យសេតវិមានទេ ហើយគ្រប់គ្នាស្ដាប់តែប្រធានាធិបតី ត្រាំ ទៅបានហើយ។ លោក Sebastian Gorka អះអាងថា ការណ៍ដែលលោក ធីល័រសិន និយាយពីបញ្ហាយោធា គឺជារឿងគ្មានន័យអ្វីទាំងអស់ ហើយគេគួរទុកឲ្យរដ្ឋមន្ត្រីការពារជាតិនិយាយរឿងកងទ័ពវិញ ព្រោះជាការងាររបស់គាត់។
តាមពិតទៅ ការប្រកាន់ជំហរខុសគ្នាមិនមែនកើតឡើងរវាងលោក ត្រាំ និងមន្ត្រីរបស់លោកទេ សូម្បីតែមន្ត្រីថ្នាក់ក្រោមក៏មិនត្រូវគ្នាដែរ។ ជុំវិញវិបត្តិនៅឧបទ្វីបកូរ៉េនេះដដែល លោក ធីល័រសិន បានលើកឡើងថាអាមេរិកមិនយកកូរ៉េខាងជើងជាសត្រូវទេ ហើយក៏គ្មានបំណងផ្លាស់ប្ដូររបបដឹកនាំកូរ៉េខាងជើងដែរ។ ឯលោក ម៉ាធីស វិញនិយាយបញ្ច្រាសថា ទង្វើរបស់ព្យុងយ៉ាងអាចនាំឲ្យប្រព័ន្ធដឹកនាំកូរ៉េខាងជើងរលាយ ព្រោះកូរ៉េខាងជើងគ្មានសមត្ថភាពទប់ទល់កម្លាំងទ័ពអាមេរិកបានទេ៕
Tag:
អាមេរិក
ឧបទ្វីបកូរ៉េ
ដូណាល់ ត្រាំ
រិច ធីល័រសិន
ជេមស៍ ម៉ាធីស
© រក្សាសិទ្ធិដោយ thmeythmey.com