ជាតិ
ក្រសួង​អប់រំ ថា​ការប្រឡង​មាន​ភាពល្អប្រសើរ​ជាង​មុន​
22, Aug 2017 , 5:28 pm        
រូបភាព
ក្រសួង​អប់រំ យុវជន និង​កីឡា បាន​វាយតម្លៃថា ដំណើរការ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ។ បេក្ខជន គោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​យ៉ាង​ល្អ ស្ទើរតែ​គ្មាន​យក​សំណៅ​ឯកសារ និង​ឧបករណ៍​ហា​មឃាត់​មកជា​ប់​ខ្លួន ខណៈ​មេ​ប្រយោគ​បំពេញភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អ និង​មានការ​សហការ​យ៉ាង​ជិតស្និទ្ធ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ



ក្រោយ​បញ្ចប់​ការប្រឡង​បាក់​ឌុប  ក្រសួង​អប់រំ យុវជន និង​កីឡា បាន​វាយតម្លៃថា ដំណើរការ​ប្រឡង​ទាំង២ថ្ងៃនេះ មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំ​កន្លងទៅ ពុំមាន​ឧបទ្ទវ​ហេតុអ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ។
 
បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​ក្រោយ​ការប្រឡង​បញ្ចប់ គណៈមេប្រយោគ​គ្រប់​ថ្នាក់ មានការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​បំពេញភារកិច្ច ទោះ​បីនៅតាម​រាជធានី ខេត្ត​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ក៏ដោយ។ ទន្ទឹមនឹងនេះ គ្រប់ភាគី​ពាក់ព័ន្ធ បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អ រួមមាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ អាជ្ញាធរ​ដែនដី កងកម្លាំង​មាន​សមត្ថកិច្ច សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​យុវជន​ស្ម័គ្រចិត្ត​ដទៃទៀត។  ដោយឡែក​បេក្ខជន បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​យ៉ាង​ល្អ ស្ទើរតែ​គ្មាន​នាំមក​ជាប់​ខ្លួន​សំណៅ​ឯកសារ និង​ឧបករណ៍​ហា​មឃាត់។ 
 
ទោះជា​យ៉ាងនេះ​ក្តី ក៏មានដែរ​បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង​ក្នុងពេល​ប្រឡង។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង​ត្រូវបាន​រៀបចំ​កំណត់ហេតុ​ពិសេស​ចំនួន១៣ករណី ក្នុងនោះ​ដកហូត​ទូរ​សព្ទ​ដៃ៦ករណី ប្តូរ​លេខ​តុ​អង្គុយ១ករណី លួច​ចម្លង​សំណៅ​ឯកសារ១ករណី លួច​ប្រើ​ម៉ា​ស៊ី​គិត​លេខ១ករណី ប្រឡង​ជំនួស១ករណី លួច​ប្តូរ​លេខ​តុ១ករណី។  ដោយឡែក​បុគ្គលិក​អប់រំ​មាន​កំហុសឆ្គង៥ករណី។  
 
បេក្ខជន​មាន​បញ្ហា​សុខភាព៧០ករណី ក្នុងនោះ​មាន៩ករណី​មិនអាច​បន្ត​ការប្រឡង​បាន។ ចំណែកឯ​បុគ្គលិក​អប់រំ ក៏មាន​បញ្ហា​សុខភាព​ចំនួន២ករណី​ដែរ។
 
សូមបញ្ជាក់ថា ក្នុង​ដំណើរ​ការប្រឡង២ថ្ងៃនេះ​មាន​បេក្ខជន​អវត្តមាន​សរុប​ចំនួន ១,៦៤៧នាក់ ស្រី​ចំនួន៥៨៤នាក់ ត្រូវជា១,៦២ភាគរយ នៃ​ចំនួន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប។ ក្រសួង​នឹង​ប្រកាស​លទ្ធផល​នៃ​ការប្រឡង នៅ​ថ្ងៃទី១២ ខែកញ្ញា នៅ​មណ្ឌល​ក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត និង​នៅ​ថ្ងៃទី១៣ ខែកញ្ញា សម្រាប់​មណ្ឌល​នៅ​បណ្តា​ខេត្ត​ផ្សេងទៀត៕ 
 



 


 


© រក្សាសិទ្ធិដោយ thmeythmey.com