អន្តរជាតិ
ឥណ្ឌា​ថា​ខ្លួន​ត្រូវការ​សម្ព័ន្ធ​ភាពល្អ​ជាមួយ​ចិន មិនមែន​ត្រូវការ​ជម្លោះ​នោះទេ​
21, Sep 2017 , 11:39 pm        
រូបភាព
រូបភាព៖ NDTV
រូបភាព៖ NDTV
ដោយ:
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឥណ្ឌា​ប្រកាសថា ការប្រឈមមុខ​ដាក់គ្នា​រវាង​កងទ័ព​ឥណ្ឌា និង​កងទ័ព​ចិន​នឹង​បញ្ចប់​នៅពេល​ឆាប់ៗ​នេះ​។ លោក​បាន​បញ្ជាក់ថា ឥណ្ឌា​ត្រូវ​ការរក្សា​ចំណងមិត្តភាព​ល្អជា​មួយ​ចិន ព្រោះ​ឥណ្ឌា​ត្រូវការ​សន្តិភាព​មិនត្រូវ​ការ​ជម្លោះ​នោះទេ​។



​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឥណ្ឌា Rajnath Singh បាន​និយាយថា ការប្រឈមមុខ​ដាក់គ្នា​រវាង​កងទ័ព​ចិន និង​កងទ័ព​ឥណ្ឌា​នឹង​បញ្ចប់​នាពេល​ឆាប់ៗ​នេះ ព្រោះ​ឥណ្ឌា​ត្រូវការ​សន្តិភាព មិនមែន​ត្រូវការ​ជម្លោះ​នោះទេ​។​ម្យ៉ាងទៀត គេ​ឃើញថា​ចិន​ក៏បាន​ប្រើ​ចំណាត់ការ​ដោះស្រាយ​ជម្លោះ​នេះ​ដោយ​សន្តិវិធី​ដូចគ្នា​។​

 កាលពី​ថ្ងៃ​ទី​២១​ខែសីហា លោក​រដ្ឋមន្ត្រី Rajnath Singh បាន​អះអាង​ដូច្នេះ​ថា​៖«​ពួកយើង​នឹង​រកឃើញ​ដំណោះស្រាយ​ឆាប់ៗ​នេះ ទោះ​ការជាប់គាំង​រវាង​ចិន និង​ឥណ្ឌា​នៅ​តំបន់​ខ្ពង់រាប Doklam នៅតែ​បន្ត​។​មូលហេតុ​មកពី​ចិន​ក៏​នឹង​ប្រើ​ចំណាត់ការ​ដោះស្រាយ​ជម្លោះ​នេះ​ដោយ​សន្តិវិធី​។ ចំណែកឯ​ឥណ្ឌា​វិញ​ត្រូវការ​សន្តិភាព​និង​រក្សា​សម្ព័ន្ធ​ភាពល្អ​ជាមួយ​ចិន មិនមែន​ជម្លោះ​នោះទេ​»​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឥណ្ឌា​រូបនេះ​បាន​អះអាង​ដូចខាងលើ ក្រោយ​មានការ​បង្ហាញ​វីដេអូ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ឥណ្ឌា​និង​កងទ័ព​ចិន​នៅ Ladakh កាលពី​សប្ដាហ៍​មុន​។ កងទ័ព​ទាំងសងខាង​បាន​ប្រើ​អំពើហិង្សា​ដាក់គ្នា ព្រមទាំង​គប់​ដុំថ្ម​ដាក់គ្នា​ទៀតផង​។​យ៉ាងណាមិញ ឥណ្ឌា​ទទួលស្គាល់ថា​ពិត​ជាមាន​អំពើហិង្សា​កើតឡើង​មែន ប៉ុន្តែ​ពុំមាន​ការប្រើប្រាស់​អាវុធ​ឡើយ​។​

​ដោយឡែក នៅក្នុង​សន្និសីទកាសែត​មួយទាក់ទិន​នឹង​ការឆ្លើយតប​ការប៉ះទង្គិច​គ្នា​នៅ​តំបន់​ជម្លោះ​ចិន​-​ឥណ្ឌា អ្នកនាំពាក្យ​រដ្ឋមន្ត្រីការបរទេស​ចិន​អ្នកស្រី Hua Chunying បាន​និយាយថា កងទ័ព​ចិន​នៅ​តំបន់​ជម្លោះ​គ្រាន់តែ​ត្រួតពិនិត្យ និង​ការពារ​ទឹកដី​ខ្លួន​ធម្មតា​ប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្តទៀតថា អំឡុងពេល​ត្រួតពិនិត្យ​ព្រំដែន កងទ័ព​ឥណ្ឌា​បាន​បង្ក​អំពើហិង្សា​មួយចំនួន​មកលើ​កងទ័ព​ចិន​ធ្វើ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ទាំងសងខាង ព្រមទាំង​បណ្ដាល​ឲ្យ​កងទ័ព​ចិន​រងរបួស​ទៀតផង​។ សកម្មភាព​ឥណ្ឌា​បាន​បំពាន​លើ​ការ​ព្រមព្រៀងគ្នា​ពី​បញ្ហា​ព្រំដែន​ឥណ្ឌា​-​ចិន​។​ចិន​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​បែបនេះ​ឡើយ ហើយក៏​បាន​តវ៉ា​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា ការប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ទាំងសងខាង​កើតឡើង​នៅ​ថ្ងៃទី​១៥​ខែសីហា​ធ្វើ​ឲ្យ​ជម្លោះព្រំដែន​រវាង​ចិន​-​ឥណ្ឌា​កាន់តែ​មាន​ភាព​តានតឹង​។ ជម្លោះព្រំដែន​រវាង​ប្រទេស​ទាំងពីរ​នេះ​ឡើង​ក្ដៅ​ម្ដងទៀត​នៅពេលដែល​ចិន​បាន​សាងសង់​ផ្លូវ​នៅ​តំបន់​ខ្ពស់​រាប Doklam ដែល​ប៊ូ​តង់​បាន​អះអាងថា​ជា​ទឹកដី​របស់ខ្លួន​។ ឥណ្ឌា​ដែលជា​សម្ព័ន្ធមិត្ត​របស់​ប៊ូ​តង់​បា​នប​ញ្ចូ​ន​ទ័ព​មករា​រាំង​ការសាងសង់​បង្ក​ឲ្យ​មានការ​ចោទ​ពី​សំណាក់​ចិន​ថា ឥណ្ឌា​ឈ្លានពាន​ចូល​ទឹកដី​ចិន​៕


Tag:
 Rajnath Singh
 ​ ឥណ្ឌា​
 ​ ចិន​
  Hua Chunying
© រក្សាសិទ្ធិដោយ thmeythmey.com