អន្តរជាតិ
ប៉ូលិស​ឥណ្ឌូណេស៊ី បណ្តុះបណ្តាល​ជំនាញ​បន្ថែម​ដល់​«​ក្រុម​ស្ម័គ្រចិត្ត​សម្រួលការ​កកស្ទះ​ចរាចរណ៍​»
22, Sep 2017 , 8:19 pm        
រូបភាព
រូបភាព៖ Rappler
រូបភាព៖ Rappler
ដោយ:
​ប៉ូលិស​រដ្ឋធានី​ហ្សា​ការ​តា កាលពីខែសីហាកន្លងមក​ បាន​បើក​វគ្គ​បណ្តុះបណ្តាល​ផ្នែក​ចរាចរណ៍​ទៅកាន់​ក្រុម​អ្នក​ស្ម​គ្រ័​ចិត្ត​សម្រួល​ចរាចរណ៍ ។ ការណ៍ ដែល​ប៉ូលិស ធ្វើបែបនេះ ដើម្បី​ផ្តល់​ចំណេះដឹង​ផ្នែក​ច្បាប់​ដល់​ពួកគេ​បន្ថែម និង​ជាពិសេស​នោះ ដើម្បី​ជា​ផ្លូវ​មួយ ផ្តល់​សិទ្ធិ​ឲ្យ​ពួកគេ​ដោយ​ស្របច្បាប់​ក្នុង​ការជួយ​សម្រួលការ​កកស្ទះ​ចរាចរណ៍ ។



​ប្រធាន​ផ្នែក​ចរាចរណ៍​នៃ​ប៉ូលិស​រដ្ឋធានី​ហ្សា​ការ​តា​នៃ​ប្រទេស​ឥណ្ឌូណេស៊ី លោក Halim Pagarra បាន​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​សម្រាប់​អ្នកស្ម័គ្រចិត្ត​សម្រួល​ចរាចរណ៍ ត្រូវបាន​អនុវត្ត​ទូទាំង​ក្រុង​នៅ​ថ្ងៃ​២១ សីហា ក៏ប៉ុន្តែ​លោក មិនទាន់​ទទួលបាន​តួលេខ​ពិត​ប្រាកដថា មាន​ចំនួន​អ្នកចូលរួម​ប៉ុន្មាន​នាក់​នោះទេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Post  ។

​តាម​ប្រភពព័ត៌មាន​ដដែល​នេះ កន្លងមក រដ្ឋបាល​រដ្ឋធានី​ហ្សា​ការ​តា បានចាត់ទុក​ក្រុម​អ្នក​សម្រួល​ចរាចរណ៍ ប្រៀប​ដូច​សត្រូវ​យ៉ាង​ដូច្នេះ​ឯង ហើយ អាជ្ញាធរ ក៏​ធ្លាប់​បើក​យុទ្ធនា​ការបណ្តេញ​ពួកគេ ដោយ​ចោទថា បាន​រំខាន​សណ្តាប់ធ្នាប់​សាធារណៈ និង​ថែមទាំង​ធ្វើ​ឲ្យ​ស្ថានភាព​ចរាចរណ៍​កាន់តែ​អាក្រក់​ទៀតផង ។

​យ៉ាងណាក៏ដោយ តាម​ការបញ្ជាក់​របស់​ប្រធាន​ផ្នែក​ចរាចរណ៍​រដ្ឋធានី​ហ្សា​ការ​តា បន្ទាប់ពី​ប៉ូលិស បាន​បណ្តុះបណ្តាល​ហើយ​នោះ ពួកគេ នឹងត្រូវ​ប្រកាស​ទទួល​ស្គាល់​ដោយ​ស្របច្បាប់​ថា ជា​អ្នក​ជួយ​សម្រួល​ការកកស្ទះ ។ ហើយ​ពួកគេ ក៏​មិនចាំបាច់​ខ្លាច​ត្រូវ​អាជ្ញាធរ​បណ្តេញ​ទៀត​ដែរ​។

​លោក​ប្រធាន​ផ្នែក ក៏បាន​បញ្ជាក់ដែរថា ក្រុមហ៊ុន​ឯកជន ដែល​ស្ថិត​នៅក្បែរ​តំបន់​កកស្ទះ​ចរាចរណ៍ ក៏​អាច​នឹងត្រូវ​បង់​ជា​វិភាគទាន​ដល់​ក្រុម​អ្នកស្ម័គ្រចិត្ត​សម្រួល​ចរាចរណ៍​ផងដែរ​៕


Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com