ជាតិ
រដ្ឋាភិបាល ត្រៀមខ្លួន​រួចហើយ ដើម្បី​បង្ក្រាប​អ្នក​ដែល​បង្កចលាចល​ពេល​បោះឆ្នោត​ឆ្នាំ​២0១៨
23, Aug 2017 , 8:27 am        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ ស្ថិតក្នុងវេទិកាជាតិ ស្តីពី «ការការពារនិងការអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព នាថ្ងៃទី២២ ខែសីហា ឆ្នាំ២0១៧។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា​ ស្ថិតក្នុងវេទិកាជាតិ ស្តីពី «ការការពារនិងការអភិរក្សធនធានធម្មជាតិ» នៅវិមានសន្តិភាព នាថ្ងៃទី២២ ខែសីហា ឆ្នាំ២0១៧។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សកម្មភាព​នៃ​ការជេរប្រមាថ ឬ​ការធ្វើ​បាតុកម្ម ដែល​ធ្លាប់​កើតឡើង កាលពី​បោះឆ្នោត ក្នុង​ឆ្នាំ​២0១៣ មិនអាច​វិល​ត្រឡប់មក​ម្តងទៀត នៅពេល​បោះឆ្នោត ក្នុង​ឆ្នាំ​២0១៨ នោះទេ​។ នេះ​ជាការ​ព្រមាន​របស់​សម្តេច ហ៊ុន សែន​។   



​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំណាយពេល​ជិត​៤​ម៉ោង ដើម្បី​ថ្លែង​សារ​និង​ជជែក​ដេញដោល​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា ក្នុង​វេទិកា​ថ្នាក់ជាតិ​ស្តីពី «​ការការពារ​និង​ការអភិរក្ស​ធនធានធម្មជាតិ​» នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២0១៧​នេះ​។ ក្នុង​វេទិកា​នេះ សម្តេច ហ៊ុន សែន ក៏​ចំណាយពេល​មិនតិច​ដែរ ដើម្បី​ព្រមាន​បង្ក្រាប​ក្រុម​ណា ដែល​ជេរប្រទេច ឬ​ធ្វើ​សកម្មភាព​អ្វីមួយ បង្ក​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ក្នុងអំឡុង​នៃ​ការបោះឆ្នោត នៅ​ឆ្នាំ​២0១៨ ខាងមុខ​។

​ប្រមុខ​រដ្ឋាភិបាល​រូបនេះ បាន​សង្កត់ធ្ងន់ៗ​យ៉ាង​ដូច្នេះ​៖«​ជិត​ដល់ពេល​បោះឆ្នោត​ហើយ​។ រឿង​ជេរប្រមាថ ប្រទេចផ្តាសា អត់ [​ឲ្យ​មាន​] ទេ ។ ប្រទេស​នេះ ត្រូវការ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ដើម្បី​ការអភិវឌ្ឍ រាប់ទាំង​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ មិនមែនជា​ល្បែង​កូនក្មេង ឲ្យ​អ្នកឯង​ជេរប្រទេច​ទេ​។ […..] សូម​ព្រមាន​ទុក​ឲ្យ​ហើយ​ទៅ ត្រៀម​រៀបចំ​ទុក​អស់ហើយ​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​រួចហើយ ថា​ខ្លួន​មិនបាន​គិតទុក​ឬ​ត្រៀមលក្ខណៈ ដើម្បី​ធ្វើបាតុកម្ម នោះទេ​។ ឯកឧត្តម កឹម សុខា ក្នុងនាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញមុខ​ប្រកាស​បែបនេះ នៅក្នុង​វេទិកា​ជួបជុំ​មន្ត្រី​មូលដ្ឋាន​របស់ខ្លួន ក្នុង​ខេត្ត​ប៉ៃលិន កាលពី​ប៉ុន្មាន​ថ្ងៃមុន​។

​ផ្ទុយទៅវិញ ឯកឧត្តម កឹម សុខា សង្កត់ធ្ងន់ថា គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ត្រៀមខ្លួន ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត នៅ​ឆ្នាំ​២0១៨​។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​លើកឡើងថា​៖«​សូម​គ្រប់​គូប្រកួត ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ គួរ​រួមគ្នា​រៀបចំ​ការបោះឆ្នោត​ខាងមុខនេះ ឲ្យ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​អ្នកឈ្នះ ឈ្នះ​ដោយ​កិត្តិយស ហើយ​អ្នកចាញ់ ចាញ់​ដោយ​អស់ចិត្ត​»៕


Tag:
 ហុន សែន​
  បង្ក្រាប​បាតុកម្ម​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com