អន្តរជាតិ
ឌូ​ទើ​តេ សន្យា​ចាប់​ប៉ូលិស​បាញ់សម្លាប់​ក្មេងប្រុស Kian ញាត់​គុក​ឲ្យ​អស់ បើ​វា​ជា​អំពើ​ឃាតកម្ម​
23, Aug 2017 , 9:59 am        
រូបភាព
ដោយ:
​ប្រធានាធិបតី​ហ្វីលីពីន​បាន​សន្យាថា រដ្ឋបាល​លោក​នឹង​ស្រាវជ្រាវ​ឲ្យ​បានច្បាស់លាស់​ជុំវិញ​ការស្លាប់​របស់​ក្មេង​វ័យ ១៧ ឆ្នាំ​ម្នាក់​ឈ្មោះ​Kian Loyd delos Santos ដែល​ត្រូវ​ប៉ូលិស​បាញ់សម្លាប់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ក្នុង​ក្រុង​Caloocan ។ លោក ព្រមាន​ថា ប្រសិន​វា​ជា​ករណី​ឃាតកម្ម​នោះ មន្ត្រីប៉ូលិស​ពាក់ព័ន្ធ​នឹងត្រូវ​ជាប់ពន្ធនាគា​ររ​យៈ​ពេល​វែង​។



​ថ្ងៃទី​២១​ខែសីហា លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ សន្យា​ផ្ដន្ទាទោស​មន្ដ្រីប៉ូលិស​ដែល​បាន​បាញ់សម្លាប់​ក្មេងប្រុស Kian Loyd delos Santos វ័យ ១៧​ឆ្នាំ​ដាក់ពន្ធនាគារ​រយៈពេល​យូរ ប្រសិនជា​ការស្រាវជ្រាវ​បង្ហាញថា ការសម្លាប់​នេះ​ជាការ​ធ្វើឃាត​ដោយ​ចេតនា​។​

​លោក ឌូ​ទើ​តេ បាន​ឆ្លើយតប​ទៅនឹង​សំណួរ​អ្នកសារព័ត៌មាន​នៅ​វិមាន​ប្រធានាធិបតី Malacañang ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​មើល​វីដេអូ​នៅលើ​ទូរទស្សន៍​រួចហើយ​។ ខ្ញុំ​យល់ថា វា​ចាំបាច់​ត្រូវតែមាន​ការស្រាវជ្រាវ​ជុំវិញ​ការសម្លាប់ Kian Loyd delos Santos​។ តើ​ការស្រាវជ្រាវ​នេះ​គួរតែ​ទទួលខុសត្រូវ​ដោយ​ប៉ូលិស​ម្នាក់ ពីរ​នាក់​ឬ​ទាំងអស់​?​យ៉ាងណាមិញ ប្រសិនជា​ពួកគេ​ជា​អ្នកប្រព្រឹត្ត​ពិតមែន នោះ​វា​នឹងមាន​ការផ្ដន្ទាទោស​ដោយ​ការដាក់​ពន្ធនាគារ​រយៈ​ពេល​យូរ​»​។​

​យោងតាម​ខ្សែអាត់​វីដេអូ​កាមេរ៉ា​សុវត្ថិភាព Kian Loyd delos Santos ត្រូវបាន​ប៉ូលិស​បញ្ចុះបញ្ចូល​ឲ្យ​ទៅ​ច្រក​ផ្លូវ​តូច​មួយ បន្ទាប់មក Kian ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​តែម្តង​។ ប៉ុន្តែ​ប៉ូលិស​បាន​អះអាងថា ខ្លួន​បាញ់​ក្មេងប្រុស​នេះ ដោយសារតែ​គេ​ជា​ជនសង្ស័យ​ទាក់ទង​នឹង​គ្រឿងញៀន​ហើយ​បាន​បាញ់​តដៃ​វិញ​។ នេះ​ជា​អ្វីដែល​ធ្វើ​ឲ្យ​លោក ឌូ​ទើ​តេ យល់ថា​វា​មិនមែនជា​រឿងក្ដី​ធម្មតា​ដូច​ការគិត​ឡើយ​។​

​បន្ទាប់​មើល​វីដេអូ​សកម្មភាព​មុនពេល Kian ត្រូវ​ប៉ូលិស​បាញ់សម្លាប់ លោក ឌូ​ទើ​តេ បាន​ប្រាប់​មេបញ្ជាការ​ប៉ូលិស​ជាតិ​ហ្វីលីពីន​លោក Ronald dela Rosa ឲ្យ​ចាប់​ប៉ូលិស​ទាំងអស់​ដែល​ត្រូវ​ទទួលខុសត្រូវ​លើ​ការស្លាប់​របស់ Kian Loyd delos​ដាក់​ពន្ធ​ធនាគារ​ឲ្យ​អស់​។​

​ឌូ​ទើ​តេ​ក៏បាន​អះអាងថា លោក​មិនអាច​ប្រកែក ឬ​ធានា​ប៉ូលិស​ពុករលួយ​ដែល​អនុវត្ត​ការបង្ក្រាប​គ្រឿងញៀន​រប​ស់លោក​បានទេ​។

​ទោះយ៉ាងណា​ក្ដី ឌូ​ទើ​តេ បាន​សន្យាថា លោក​នឹងមិន​ចូលរួម​ពិធី​បុណ្យសព​របស់​ក្មេងប្រុស​Kian ឡើយ​។ មូលហេតុ​នោះ មកពី​លោក​ព្រួយបារម្ភ​ថា បើសិនជា​លោក​ចូលរួម ការសន្និដ្ឋាន​នឹង​កើតមាន​កាន់តែច្រើន​។​ប្រជាជន​ហ្វីលីពីន​នឹង​គិតថា​ប៉ូលិស​ពិតជា​មានបំណង​សម្លាប់ Kian ដោយ​ចេតនា​និង​និយាយថា ប្រធានាធិបតី​របស់ខ្លួន​មក​ចូលរួម​ព្រោះតែ​ចង់​សូម​ខមាទោស​។​

​ម្យ៉ាងវិញទៀត ប្រសិនជា​លោក​ទៅ​ចូលរួម នោះ​បង្ហាញថា​ក្រុមប៉ូលិស​អនុវត្ត​ការបង្ក្រាប​គ្រឿងញៀន​រប​ស់លោក​បរាជ័យ​។​ក្រុមប៉ូលិស​ហ្វីលីពីន​ស្ថិតក្រោម​ការគ្រប់គ្រងរ​ប​ស់លោក ហើយ​ប្រសិនជា​លោក​ទៅ​ចូលរួម​នោះ​បានន័យថា​លោក​នឹង​ក្លាយជា​អ្នក​ចុងក្រោយ​គេ​បង្អស់​ដែល​ថ្កោលទោស​ក្រុមប៉ូលិស​ហ្វីលីពីន​ដោយ​គ្មាន​ការស្រាវជ្រាវ​ច្បាស់លាស់​។​

​យ៉ាងណាមិញ លោក​ឌូ​ទើ​តេ​បាន​សន្យាថា ជុំវិញ​ការស្រាវជ្រាវ​រឿងក្ដី​ឃាតកម្ម​របស់​Kian នឹង​ត្រឹមត្រូវ​និង​មាន​យុត្ត​ធម៌  ហើយ​ទោះ​លទ្ធផល​បែបណា​ក៏​លោក​មិន​លូកដៃ​ដែរ​។ ហើយ​ការស្រាវជ្រាវ​នេះ​នឹង​ធ្វើឡើង​ដោយ​បេសកកម្ម​សិទ្ធិមនុស្ស និង​ការិយាល័យ​ស្រាវជ្រាវ​ជាតិ​ហ្វីលីពីន​។​

​សូម​ជម្រាប​ដែរ​ថា Kian Loyd delos Santos ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​កាលពី​ថ្ងៃទី​១៦​ខែសីហា​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​នៅ​ក្រុង​Caloocan​។ ការស្លាប់​របស់​ក្មេងប្រុស​រូបនេះ​បង្ក​ឲ្យ​មានការ ខឹងសម្បារ​ក្នុងចំណោម​ប្រជាជន​ហ្វីលីពីន និង​ទាមទារ​យុត្តិធម៌ ក៏ដូចជា​បញ្ចប់​ការសម្លាប់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ដែរ​៕


Tag:
 Kian Loyd delos Santos
 ​ ​រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com