ជាតិ
ក្រោយមានវត្តមាននៅកម្ពុជា ២៥ ឆ្នាំ NDI ត្រូវរដ្ឋាភិបាលបិទចោល
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា សម្រេចបញ្ឈប់សកម្មភាពរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI ) នៅក្នុងទឹកដីកម្ពុជា ហើយបុគ្គលិកបរទេស ដែលបម្រើការងារក្នុងវិទ្យាស្ថាននេះ ក៏ត្រូវបណ្តេញចេញពីកម្ពុជាដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។
ក្រសួងការបរទេសកម្ពុជា បានសង្កត់ធ្ងន់ថា ការបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ(NDI) និងការបណ្តេញបុគ្គលិកបរទេសចេញពីកម្ពុជា នឹងត្រូវអនុវត្តក្នុងរយៈពេល ៧ ថ្ងៃប៉ុណ្ណោះ ក្រោយសេចក្តីប្រកាសព័ត៌មាននេះ បានចេញ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី ២៣ ខែសីហា បានបញ្ជាក់ទៀតថា ការសម្រេចបែបនេះ គឺដើម្បីធានាការអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ហើយក៏ដើម្បីពង្រឹងនីតិរដ្ឋនិងគោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជា ផងដែរ។
ក្រសួងការបរទេសកម្ពុជា បានពន្យល់ពីមូលហេតុសំខាន់ពីរយ៉ាងដែលរដ្ឋាភិបាលសម្រេចបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យនេះ។ ហេតុផល ទី ១ ក្រសួងរកឃើញថា វិទ្យាស្ថាននេះ មិនបានទៅចុះបញ្ជីនៅក្រសួងការបរទេស ដើម្បីឲ្យស្របទៅតាមច្បាប់ថ្មីស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល និងទី២ ស្ថាប័ននេះ មិនបានទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច។
នៅត្រង់ចំណុចទី ១ ក្រសួងការបរទេសកម្ពុជា បានលើកអំណះអំណាងដូច្នេះថា៖« ចាប់តាំងពីច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល បានចូលជាធរមាន នៅខែសីហា ឆ្នាំ ២០១៥ អង្គការ NDI បានធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដោយមិនបានចុះបញ្ជីជាមួយក្រសួងការបរទេស រហូតដល់អង្គការនេះ ទើបបានដាក់ពាក្យស្នើសុំចុះបញ្ជីនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៦។ អំឡុងពេលរង់ចាំការសម្រេចរបស់ក្រសួងលើពាក្យស្នើសុំ អង្គការនេះ នៅតែបន្តសកម្មភាពរបស់ខ្លួនដោយគ្មានគិតគូរពីការគោរពច្បាប់សោះឡើយ»។ ទោសកំហុងនេះ អនុញ្ញាតឲ្យក្រសួង បញ្ឈប់សកម្មភាព NDI និងបណ្តេញបុគ្គលិកបរទេសដែលបម្រើការនៅក្នុងស្ថាប័ននេះចេញពីកម្ពុជា ដោយមិនទាន់រាប់បញ្ចូលពីបទល្មើសព្រហ្មទណ្ឌ។ នេះជាការបន្ថែមរបស់ក្រសួងការបរទេសកម្ពុជា ដោយផ្អែកទៅលើមាត្រា ៣៤ នៃច្បាប់ស្តី សមាគម និងអង្គការក្រៅរដ្ឋាភិបាល។
កំហុស ទី២ ក្រសួងរកឃើញ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ មិនបានទៅចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច។ ចំណុចនេះ ក្រសួងការបរទេសកម្ពុជា លើកយកមាត្រា ១២៨ និង ១២៩ នៃច្បាប់ស្តីពីសារពើពន្ធ ដើម្បីកំណត់ទោសទណ្ឌ ដែលបានចែងយ៉ាងនេះថា៖« ក្នុងករណីដែលបុគ្គល មិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ត្រូវចាត់ទុកជាអំពើរាំងស្ទះការអនុវត្តបទប្បញ្ញត្តិស្តីពីពន្ធដារ។ ហើយបុគ្គលដែលធ្វើខុស ត្រូវចាត់ទុកថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្តីពីពន្ធដារ»។
ជាមួយគ្នានេះ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស រដ្ឋាភិបាលកម្ពុជា ក៏បានព្រមានបិទអង្គការមិនមែនរដ្ឋាភិបាលផ្សេងទៀតដែរ ប្រសិនបើធ្វើខុសច្បាប់។ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់យ៉ាងដូច្នេះថា៖«ពេលសេចក្តីសម្រេចនេះ កំពុងអនុវត្តលើអង្គការ NDI អាជ្ញាធរ ក៏បានត្រៀមលក្ខណៈរួចជាស្រេចដែរ ដើម្បីចាត់វិធានការបែបនេះ ចំពោះសមាគមឬអង្គការមិនមែនរដ្ឋាភិបាលណា ដែលមិនគោរពច្បាប់នៅកម្ពុជា»។
សូមបញ្ជាក់ថា វិទ្យាស្ថានជាតិប្រជាធិបតេយ្យ បានដាក់ការិយាល័យរបស់ខ្លួននៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២មក។ វិទ្យាស្ថាននេះ បានធ្វើកិច្ចជាមួយភាគីពាក់ព័ន្ធជាច្រើន ជាពិសេសក្រុមអង្គការក្រៅរដ្ឋាភិបាល និងគណបក្សនយោបាយ ដើម្បីពង្រឹងប្រជាធិបតេយ្យនៅម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com