ជាតិ
លោក យ៉ង សាំង​កុមារ ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន​បក្ស​មូលដ្ឋាន​
23, Aug 2017 , 4:50 pm        
រូបភាព
លោក យ៉េង វីរៈ នៅខាងឆ្វេង លោក យ៉ង សាំងកុមារ នៅខាងស្តាំ។ រូបពីហ្វេសប៊ុកបក្សមូលដ្ឋាន
លោក យ៉េង វីរៈ នៅខាងឆ្វេង លោក យ៉ង សាំងកុមារ នៅខាងស្តាំ។ រូបពីហ្វេសប៊ុកបក្សមូលដ្ឋាន
ដោយ:
​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹងធ្វើ​សមាជជាតិ​លើក​ទី ១ នៅ​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៧ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​កំពូលៗ​គណបក្ស​នេះ​។ លោក យ៉ង សាំង​កុមារ បណ្ឌិត​ផ្នែក​កសិកម្ម ក៏​ឈរឈ្មោះ​ជា​ប្រធាន​គណបក្ស​ឲ្យ​អង្គសមាជ​បោះឆ្នោត​ដែរ​។



​គោល​បំណង​នៃ​ការធ្វើ​សមាជ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដើម្បី​បោះឆ្នោត​ជ្រើស​ប្រធាន​គណបក្ស ប្រធាន​គណៈកម្មាធិការ​នាយក​ទី ១ និង​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ និង​វិន័យ របស់​គណបក្ស​។ ទន្ទឹមនឹងនេះ សមាជ​នេះ ក៏​ដើម្បី​បោះឆ្នោត​គាំទ្រ​លក្ខន្តិកៈ​ថ្មី​គណបក្ស និង​សមាភាព​គណៈកម្មការ​នា​យក​ទី ១ ផងដែរ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​ថ្ងៃទី ២៣ ខែសីហា​។

​លោក សាម អុីន អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បេក្ខជន​ដែល​ឈរឈ្មោះ​ឲ្យ​អង្គសមាជ​បោះឆ្នោត​រើស​ធ្វើជា​ប្រធាន​បក្ស​នោះ មាន ៤ រូប​។ លោក​ថា ទី ១ គឺ​លោក យ៉ង សាំង​កុមារ ដែល​បច្ចុប្បន្ន ជា​មន្ត្រី​ពង្រឹងសមត្ថភាព​យុវជន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទី ២ លោក យ៉េ​ង វីរៈ បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស និង​ជា​អតីត​នាយក​មជ្ឈមណ្ឌល​អប់រំ​ច្បាប់ សម្រាប់​សហគមន៍ និង​ទី ៣ គឺ​លោកស្រី ឡឹ​ក រដ្ឋា អតីតជាអ្នក​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន ព្រមទាំង​ទី ៤ គឺ​លោកស្រី ប្រុក វ​ណ្ណី ជា​អតីតមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​។

​អ្នកនាំពាក្យ​គណបក្ស​ខាងលើ ពន្យល់ថា មូល​ហេតុដែល​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ធ្វើ​សមាជ​រើស​ថ្នាក់ដឹកនាំ​កំពូលៗ​បក្ស​នៅពេលនេះ ដោយសារ​ការតែងតាំង​សមាសភាព​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​បក្ស​មូលដ្ឋាន​កន្លងមក ធ្វើឡើង​ជាប​ណ្ណោះ​អាសន្ន​ប៉ុណ្ណោះ​។​« ពេលនេះ​យើង​ទើប​ធ្វើ​សមាជ​ត្រឹមត្រូវ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ជា​ផ្លូវការ​តែម្តង​»​។ នេះ​ជាការ​បន្ថែម​របស់លោក សាម អុី​ន ដែលជា​បេក្ខជន​គណៈកម្មាធិការ​នាយក​ទី ១​។

​បើតាម​សេចក្តីប្រកាស​ដដែល សមាជ​នេះ នឹងធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០១៧ នៅ​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម​ដែលជា​តំណាង​សមាជិក​គណបក្ស​ប្រមាណ ១៥០ នាក់​។


Tag:
 យ៉ង សាំង​កុមារ​
  សាម អ៊ី​ន​
  បក្ស​មូលដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com