ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយរដ្ឋាភិបាលបិទ NDI ទូតអាមេរិក​ចោទសួរពីប្រជាធិបតេយ្យនៅកម្ពុជា
23, Aug 2017 , 7:03 pm        
រូបភាព
រូបពីហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
រូបពីហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា
ដោយ:
នៅល្ងាចថ្ងៃទី ២៣ ខែសីហា ស្ថានទូតអាមេរិក​ប្រចាំនៅកម្ពុជា បានចោទជាសំណួរអំពីការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពីក្រសួងការបរទេសកម្ពុជា បានសម្រេចបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI។



«តើ​ប្រទេស​កម្ពុជា​មានការ​ប្តេជ្ញាចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ដែរឬទេ​? អ្នក គឺជា​អ្នកសម្រេច​ចិត្ត​»។ នេះជាសំណួរដែលស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាសរសេរជាចំណងជើងនៅលើទំព័រហ្វេសប៊ុកផ្លូវការបស់ខ្លួន នៅក្នុងបទអត្ថាធិប្បាយឆ្លើយតបនឹងរដ្ឋាភិបាលកម្ពុជា ដែលសសម្រេចបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI ។ 
នៅព្រឹកថ្ងៃទី ២៣ ខែសីហា ក្រសួងការបរទេស​ក​ម្ពុ​ជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបិទវិទ្យាស្ថាន NDI  ក្រោមមូលហេតុផលធំពីរយ៉ាង។ ហេតុផល ទី ១ ក្រសួង​រកឃើញថា វិទ្យាស្ថាន​នេះ មិនបាន​ទៅ​ចុះបញ្ជី​នៅ​ក្រសួងការបរទេស ដើម្បី​ឲ្យ​ស្របទៅតាម​ច្បាប់ថ្មី​ស្តីពី​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល និង​ទី​២ ស្ថាប័ន​នេះ មិនបាន​ទៅ​ចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច​។ នៅត្រង់ចំណុច​ទី ១ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​លើក​អំណះអំណាង​ដូច្នេះ​ថា​៖« ចាប់តាំងពី​ច្បាប់​សមាគម និង​អង្គការក្រៅរដ្ឋាភិបាល បាន​ចូល​ជា​ធរមាន នៅ​ខែសីហា ឆ្នាំ ២០១៥ អង្គការ NDI បានធ្វើ​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា ដោយ​មិនបាន​ចុះបញ្ជី​ជាមួយ​ក្រសួងការបរទេស រហូតដល់​អង្គការ​នេះ ទើបបាន​ដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជី​នៅ​ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០១៦​។ អំឡុងពេល​រង់ចាំ​ការសម្រេច​របស់​ក្រសួង​លើ​ពាក្យស្នើសុំ  អង្គការ​នេះ នៅតែ​បន្តសកម្មភាព​របស់ខ្លួន​ដោយ​គ្មាន​គិតគូរ​ពី​ការគោរព​ច្បាប់​សោះឡើយ​»​។ ទោ​សកំ​ហុស​នេះ អនុញ្ញាត​ឲ្យ​ក្រសួង បញ្ឈប់​សកម្មភាព NDI និង​បណ្តេញ​បុគ្គលិក​បរទេស​ដែល​បម្រើការ​នៅក្នុង​ស្ថាប័ន​នេះ​ចេញពី​កម្ពុជា ដោយ​មិនទាន់​រាប់បញ្ចូល​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​។ នេះ​ជាការ​បន្ថែម​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដោយ​ផ្អែកទៅលើ​មាត្រា ៣៤ នៃ​ច្បាប់​ស្តី សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​។ 

តបទៅនឹងហេតុផលរបស់ក្រសួងការបរទេសកម្ពុជា ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បកស្រាយយ៉ាងនេះវិញថា៖«ក្រសួងការបរទេសកម្ពុជា ​បានទទួល​ឯកសារ​ចុះបញ្ជី​របស់​អង្គការ NDI នៅ​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០១៦ បន្ទាប់ពី​អង្គការ NDI ស្វែងរក​ការចុះឈ្មោះ​ជាច្រើនលើក​។ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ មិនបាន​ចាត់ការ​លើ​ពាក្យស្នើសុំ​របស់​អង្គការ NDI អស់​រយៈពេល ៣៣៥ ថ្ងៃ ដែលជា​ការរំលោភ​ទៅលើ​មាត្រា​ទី ១៤ នៃ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល»​។​

ទូតប្រទេសមហាអំណាចមួយនេះ បន្តថា រដ្ឋាភិបាលកម្ពុជា បិទ​អង្គការ NDI ​នៅក្នុង​រយៈពេល​តែ ២ ខែ​ប៉ុណ្ណោះ បន្ទាប់ពី​ការបោះឆ្នោត​ឃុំ-សង្កាត់នៅកម្ពុជា ​ប្រកបដោយ​ជោគជ័យ​ ហើយបានធ្វើឲ្យ​មានការ​ចោទ​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល​កម្ពុ​ជាមាន​ការប្តេជ្ញាចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ដែរឬទេ​?

សារព័ត៌មានថ្មីៗ មិនអាចទាក់​ទងលោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួងការ​ប្រទេសកម្ពុជា​ ឲ្យបក​ស្រាយ​ជុំវិញ​ការលើកឡើង​​របស់​ទូត​អាមេរិក​បាន​ទេ​​ នៅល្ងាច​ថ្ងៃ​ទី ២៣ ខែ​សីហា ដោយ​លោក​មិនលើក​ទូរសព្ទ​។
 
​ទាក់ទងនឹងការចោទប្រកាន់ថា វិទ្យាស្ថានជាតិប្រជាធិបតេយ្យ លម្អៀងទៅរកគណបក្សប្រឆាំងវិញ ស្ថានទូតអាមេរិក បានលើកឡើងថា អង្គការ NDI មិនលម្អៀង​ឡើយ ដោយ​ NDI ធ្វើការ​ជាមួយ​គណបក្ស​ធំៗ​ទាំ​អស់ រួមទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។ នៅ​ឆ្នាំ ២០១៧ អង្គការ NDI បានបណ្តុះបណ្តាលមន្រ្តី​​គណបក្ស​ប្រជាជន​កម្ពុជា​ លើ​ការទាក់ទង​គ្នា​ជាមួយ​ផ្នែក​ខាងក្រៅ ការធ្វើផែនការ​លើ​យុទ្ធនាការ ការសង្កេត​ការណ៍​បោះឆ្នោត និងការ​កំណត់​សារ​ទៅកាន់​អ្នកបោះឆ្នោត​។ វគ្គ​បណ្តុះបណ្តាល​ដូចគ្នានេះ ​ក៏ត្រូវបាន​រៀបចំ​សម្រាប់គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ផងដែរ។​ នេះជាបកស្រាយការពារ NDI ដោយស្ថានទូតអាមេរិក ទន្ទឹមនឹងច្រានចោលការចុះផ្សាយរបស់សារព័ត៌មាន Fresh News ដែលចោទថា «NDI ​មានភាពមិន​ត្រឹមត្រូវ ហើយ​មាន​ភាពលម្អៀង​»​។
                                       

                                         រូបពីហ្វេសប៊ុក​ស្ថានទូត​អាមេរិក​ប្រចាំនៅកម្ពុជា​

បន្ថែមពីលើនេះ ទូតអាមេរិក ក៏ឲ្យដឹងដែរថា អង្គការ NDI មាន​អនុស្សារណៈ​នៃ​ការយោគយល់​ ដែល​នៅមាន​សុពលភាព​មួយ​ ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយស្ថាប័ននេះ ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ.ជ.ប ​និង​ក្រសួងមហាផ្ទៃ​។ «កម្មវិធី​បច្ចុប្បន្ន​រប​ស់​អង្គការ​នេះ​ បាន​ជួយ​លើក​កម្ពស់​គណនេយ្យភាព​រប​ស់​រដ្ឋាភិបាល​ ចំពោះ​លោកអ្នក ដែលជា​ប្រជាពលរដ្ឋ​នៃ​ប្រទេស​កម្ពុជា ហើយ​បានរួម​ចំណែក​ធ្វើឲ្យ​ដំណើរការ​បោះឆ្នោត​មាន​ភាព​បើកចំហ​ច្រើន និង​មានការ​ចូលរួម​នៃ​ក្រុមមនុស្ស​ទាំងអស់»​។​ នេះជាបញ្ជាក់​របស់ស្ថាន​ទូតអាមេរិក​។

សម្រាប់ទូត​អាមេរិក វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ក្នុងចំណោម​អង្គការ​មិនមែន​រដ្ឋាភិបាល​នានា​ ផ្នែក​លទ្ធិប្រជាធិបតេយ្យ ដែល​ទទួលបាន​ការគោរព​បំផុត នៅក្នុង​ពិភពលោក ហើយ​ដែល​បានធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ ១៩៩២ មក​។


           មន្រ្តីគណបក្សប្រជាជនកម្ពុជាមួយចំនួ​ន​ ដែលទទួលបានការ​បណ្តុះបណ្តាលពី NDI នាពេលកន្លងមក។ រូបពីហ្វេសប៊ុកស្ថានទូតអាមេរិក

Tag:
 NDI
  ទូតអាមេរិក
  ក្រសួងការបរទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com