អន្តរជាតិ
អាមេរិក​រឹតបន្តឹង​ទិដ្ឋាការ​សម្រាប់​កម្ពុជា​និង​ប្រទេស​បី​ទៀត
24, Aug 2017 , 11:41 am        
រូបភាព
​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សម្រេច​រឹតបន្តឹង​ការផ្ដល់​ទិដ្ឋាការ​សម្រាប់​ប្រទេស​ចំនួន​បួន​ដែល​មិន​ព្រម​ទទួលយក​ជនជាតិ​រប​ស់​ខ្លួន​វិញ​។ អ្នកនាំពាក្យ​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​និយាយថា កម្ពុជា អេ​រី​ត្រេ ហ្គី​ណេ និង​សៀ​រ៉ា​លេ​អូន ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រទេស​ដែល​ត្រូវដាក់​ក្រោម​ការ​រឹតបន្តឹង​នេះ បាន​បដិសេធ​ទទួលយក​ជនជាតិ​រប​ស់​ខ្លួន​ដែល​រស់នៅ​អាមេរិក​ខុសច្បាប់​។ ដូចនេះ​ប្រជាជន​ប្រទេស​ទាំង​បួន​នឹង​ប្រឈមមុខ​បញ្ហាលំបាក​ក្នុង​ការសុំ​ទិដ្ឋាការ​ចូល​ទឹកដី​អាមេរិក​មិន​ខាន​។​



​កម្ពុជា អេ​រី​ត្រេ ហ្គី​ណេ និង​សៀ​រ៉ា​លេ​អូន ជា​ប្រទេស​បួន​ក្នុង​បញ្ជី «​ប្រទេស​រឹងរូស​» ដែល​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រើ​ដើម្បី​សម្គាល់​ប្រទេស​ដែល «​មិន​ទទួល ឬ​ពន្យារពេល​» ក្នុង​ដំណើរ​ការធ្វើ​មាតុភូមិនិវត្តន៍​ប្រជាជន​របស់ខ្លួន ទោះជា​អាមេរិក​ព្យាយាម​បណ្ដេញចេញ​ក៏ដោយ​។ ដោយសារ​មូលហេតុ​នេះ អាមេរិក​ក៏បាន​ចេញ​វិធានការ​រឹតបន្តឹង​ការផ្តល់​ទិដ្ឋាការ​ដល់​ប្រជាជន​ប្រទេស​ទាំង​បួន​នេះ​ជាការ​ឆ្លើយតប​តែម្ដង​។​

​ការ​រឹតបន្តឹង​ទិដ្ឋាការ​នេះ គឺជា​ទណ្ឌកម្ម​មួយ​របស់​រដ្ឋបាល​លោក ត្រាំ ដែល​កំពុង​អនុវត្ត​នយោបាយ​អន្តោប្រវេសន៍​តឹងរ៉ឹង​។ គេ​អាច​ចាំបាន​ថា កាលពីពេល​ឃោសនា​រក​សំឡេងឆ្នោត​ក្នុង​ឆ្នាំ​២០១៦ លោក ត្រាំ ធ្លាប់​រិះគន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​បន្ត​រក្សាទុក​ជន​បរទេស​ប្រព្រឹត្ត​ខុស​លើ​ទឹកដី​អាមេរិក​។ លោក​និយាយថា មាន​ប្រទេស​ចំនួន​២៣ ដែល​មិន​ព្រម​ទទួលយក​ជនជាតិ​រប​ស់​ខ្លួន​វិញ ទោះជា​អាមេរិក​បណ្ដេញចេញ​ក្ដី ប៉ុន្តែ​លោក​មិន​អនុញ្ញាត​ឲ្យ​រឿង​កើត​ក្នុង​អាណត្តិ​របស់លោក​ទេ​។​

​បើតាម​សារព័ត៌មាន CNN ប្រជាជន​នៃ​ប្រទេស​ទាំង​បួន​នឹង​ប្រឈម​មុខការ​រឹតបន្តឹង​នេះ ដែល​អាច​ឈានដល់​ការហាមឃាត់​ចូល​ទឹកដី​អាមេរិក​ទៀតផង​។ ព័ត៌មាន​នៃ​ការ​រឹតបន្តឹង​នេះ​លេចឡើង​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​បាន​ផ្ញើលិខិត​ជូនដំណឹង​ទៅ​ឲ្យ​ក្រសួងការបរទេស​។ ក្រសួងការបរទេស​អា​មេ​រិ​ក​នឹង​ចាត់វិធានការ​ទៅតាម​ដំណាក់កាល ក៏ដូចជា​ទំហំ​នៃ​ការ​រឹតបន្តឹង​ផងដែរ​។​

​យ៉ាងណាមិញ អាមេរិក​ក៏​នឹង​ពិភាក្សា​ផ្ទៃក្នុង​ជាមួយ​ប្រទេស​ពាក់ព័ន្ធ និង​ជូនដំណឹង​ផ្លូវការ​ទៅកាន់​ប្រទេស​ទាំងនោះ​ជុំវិញ​បញ្ហា​នេះ​ផងដែរ​។ មកទល់ពេលនេះ មានតែ​ប្រទេស​ពីរ​ប៉ុណ្ណោះ​ដែល​រង​ការ​រឹតបន្តឹង​ទិដ្ឋាការ​បែបនេះ គឺ​ហ្គី​យ៉ាន​ក្នុង​ឆ្នាំ​២០០១ និង​ហ្គំ​ប៊ី​ក្នុង​ឆ្នាំ​២០១៦ ។ គេ​ក៏​មិនទាន់​ដឹងថា​ហេតុអ្វី​បានជា​រដ្ឋបាល​លោក ត្រាំ ជ្រើសរើស​ប្រទេស​ទាំង​បួន​ខាងលើ​ដើម្បី​ដាក់ទណ្ឌកម្ម​នេះ​ទេ ខណៈ​លោក Dave Lapan ដែលជា​អ្នកនាំពាក្យ​ក៏​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ដែរ​។

គិត​ត្រឹម​ខែកក្កដា មាន​ប្រទេស​ចំនួន​១២ ដែល​ស្ថិតក្នុង​បញ្ជី​ប្រទេស​រឹងរូស ក្នុងនោះ​មាន​កម្ពុជា ចិន និង​គុយបា​ផង​។ នេះ​បើតាម​អ្នកនាំពាក្យ​ខាងលើ​។ ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ហ៊ុន សែន ធ្លាប់​លើកឡើងថា​កម្ពុជា​ចង់​កែប្រែ​កិច្ចព្រមព្រៀង​ធ្វើ​មាតុភូមិនិវត្តន៍​រវាង​ប្រទេស​ទាំងពីរ ដោយ​កម្ពុជា​ចង់់​ឲ្យ​ជនជាតិ​ខ្លួន​មានទោស​នៅ​អាមេរិក អាចអនុវត្ត​ទោស​នៅ​ទីនោះ​ដោយ​មិនចាំបាច់​បញ្ជូនមក​កម្ពុ​ជា​វិញ​ទេ​៕​


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com