ជាតិ
រដ្ឋមន្ត្រី​ព័ត៌មាន​៖ ការបិទ​វិទ្យុ​មួយចំនួន គឺ​ដើម្បី​រឹតបន្តឹង​ការអនុវត្ត​ច្បាប់
24, Aug 2017 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅតែ​អះអាងថា ការធ្វើ​ខុសច្បាប់ គឺជា​មូលហេតុ ដែល​នាំ​ឲ្យ​វិទ្យុ​មួយចំនួន ត្រូវ​បិទ​ចោល​។ លោក បញ្ជាក់ថា ការធ្វើ​បែបនេះ គឺ​ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា​។



​ក្រោយ​ប្រកា​សបិទ​ការផ្សាយ​របស់​វិទ្យុ​មហានគរ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានធ្វើ​សន្និសីទ​មួយ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២0១៧​នេះ ដើម្បី​ពន្យល់​ហេតុផល​បន្ថែម​។ លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា វិទ្យុ​មហានគរ បាន​រំលោភ​កិច្ចសន្យា ទើប​ក្រសួង​សម្រេច​បិទ​ចោល​យ៉ាង​ដូច្នេះ​។​

​ការរំលោភ​កិច្ចសន្យា ដែល​លោក ខៀវ កាញារីទ្ធ បានលើកឡើង​នោះ គឺ​នៅត្រង់ថា វិទ្យុ​មហានគរ ពុំបាន​សុំ​ការអនុញ្ញាត​ពី​ក្រសួង​ព័ត៌មាន​ឡើយ នៅពេល​ជួល​ម៉ោង​ផ្សាយ ឲ្យ​ស្ថាប័ន​ដទៃ​។ បើតាម​លោក ខៀវ កាញារីទ្ធ កិច្ចសន្យា តម្រូវ​ឲ្យ​វិទ្យុ​មហានគរ ត្រូវ​ឆ្លងកាត់​ការអនុញ្ញាត​ពី​ក្រសួង មុននឹង​ជួល​ម៉ោង​ផ្សាយ​ឲ្យ​ស្ថាប័ន​ដទៃ​។

​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រូបនេះ និយាយ​យ៉ាង​ដូច្នេះ​៖«​វិទ្យុ​មួយចំនួន អត់​បាន​ឆ្លង (​កាត់​ការអនុញ្ញាត​ពី​ក្រសួង​ទេ​) អ៊ីចឹង​ក្រសួង ត្រូវតែ​បិទ​ហើយ ព្រោះ​ពេល​បច្ចុប្បន្ននេះ ត្រូវការ​ការ​រឹតបន្តឹង​ផ្លូវច្បាប់​។ ការបិទ​ទាំងអស់នេះ គឺជា​ការអនុវត្ត​ផ្លូវច្បាប់​ទេ​។ ហើយ​ស្ថានីយ៍​វិទ្យុ​នីមួយៗ សុទ្ធតែ​ដឹងថា ខ្លួនឯង បាន​ខុស​មែន​។ យើង​ឃើញ​ហើយ ថា​គ្មាន​អ្នកណា​មក​តវ៉ា​កើត​ទេ​»​។​

​ក្រៅពី​លើក​ហេតុផល​ខាងលើ លោក ខៀវ កាញារីទ្ធ ក៏បាន​ច្រានចោល​ផងដែរ ចំពោះ​ការចោទប្រកាន់ថា ក្រសួង​ព័ត៌មាន បិទ​វិទ្យុ​មហានគរ ព្រោះតែ​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​ផ្សេងទៀត ដូចជា វី​អូ​អេ និង​អាស៊ីសេរី ជាដើម​។ លោក សង្កត់ធ្ងន់ថា ការជួល​ម៉ោង​ឲ្យ​វិទ្យុ​វី​អូ​អេ និង​វិទ្យុ​អាស៊ីសេរី ដើម្បី​ផ្សាយ​បន្ត មិនមែនជា​មូលហេតុ ដែល​ក្រសួង​ព័ត៌មាន បិទ​វិទ្យុ​មហានគរ នោះទេ​។​

​លោក ខៀវ កាញារីទ្ធ បាន​លើក​ទឡ្ហីករណ៍​ថា ប្រសិនបើ​វិទ្យុ​មហានគរ ត្រូវបាន​បិទ ព្រោះតែ​មូលហេតុ​បែបនេះ​មែន ដូច្នេះ​វិទ្យុ​ផ្សេងទៀត ដែល​ជួល​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​វី​អូ​អេ និង​អាស៊ីសេរី ក៏ត្រូវ​បាន​បិទ​ដែរ​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​យើង ឃើញថា វិទ្យុ​មួយចំនួន គឺ​នៅតែ​ផ្សាយ​ទេ ដោយសារ​មានការ​សុំច្បាប់​។ គេ បាន​សុំ​ក្រសួង​ព័ត៌មាន  [​មុន​ជួល​ម៉ោង​] ផ្សាយ​ឲ្យ​វិទ្យុ​វី​អូ​អេ វិទ្យុ​អាស៊ីសេរី ឬក៏​នាទី​អ្វី​ផ្សេងៗ​ទៀត​»​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២0១៧ ក្រសួង​ព័ត៌មាន បានចេញ​ប្រកាស ដើម្បី​បញ្ឈប់​ការផ្សាយ​របស់​វិទ្យុ​មហានគរ​។ ការបិទ​វិទ្យុ​មហានគរ បណ្តាល​ឲ្យ​វិទ្យុ​មួយចំនួនទៀត ដូចជា វី​អូ​អេ អាស៊ីសេរី និង​វី​អូ​ឌី ជាដើម ដែល​ជួល​ម៉ោង​ផ្សាយ​បន្ត ក៏​លែងមាន​ដែរ​។ គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ជួល​ម៉ោង​ផ្សាយ​ពី​កម្មវិធី​នយោបាយ នៅ​វិទ្យុ​មហានគរ​នោះដែរ​៕


Tag:
 ខៀវ កាញារីទ្ធ​
  បិទ​វិទ្យុ​
© រក្សាសិទ្ធិដោយ thmeythmey.com