ជាតិ
ប្រធាន NDI ស្នើ​ឲ្យ​កម្ពុជា​គិត​ឡើងវិញ តែ​អ្នកនាំពាក្យ​ថា រដ្ឋាភិបាល​សម្រេច​ហើយ ត្រូវតែ​ចេញ​
25, Aug 2017 , 2:48 pm        
រូបភាព
លោក Kenneth Wollack ប្រធាន NDI នៅខាងឆ្វេង ឯលោក ផៃ ស៊ីផាន នៅខាងស្តាំ
លោក Kenneth Wollack ប្រធាន NDI នៅខាងឆ្វេង ឯលោក ផៃ ស៊ីផាន នៅខាងស្តាំ
​ភ្នំពេញ​៖ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ព្យាយាម​បកស្រាយ​ពី​ភាពស្របច្បាប់​របស់ខ្លួន ដោយ​អម​ជាមួយ​ការលើកឡើង​ពី​គុណសម្បត្តិ​ផ្សេងៗ ដែល​បាន​កសាង​នៅលើ​ទឹកដី​កម្ពុជា អស់​រយៈពេល ២៥​ឆ្នាំ កន្លងមក​។ ផ្អែកលើ​ចំណុច​ទាំងពីរ​ខាងលើ ស្ថាប័ន​បរទេសមួយ​នេះ ស​ង្ឃឹ​ម​ថា រដ្ឋាភិបាល នឹង​ពិចារណា​សាជាថ្មី ចំពោះ​ការបណ្តេញ​ខ្លួន ចេញពី​ប្រទេស​កម្ពុជា​។ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ឆ្លើយតប​ថា ការស​ម្រេច​របស់​រដ្ឋាភិបាល វិទ្យាស្ថាន​នេះ ត្រូវតែ​អនុវត្តតាម​។



​ក្រោយពី​រដ្ឋាភិបាល​បណ្តេញ​ចេញ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​ជ្រោមជ្រែង​ដោយ​អាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើងវិញ​។  ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ លោក កេ​នេ​ត វ៉ូ​លេក (Kenneth Wollack) ជា​អ្នក​ស្នើឡើង នៅក្នុង​សេចក្តីថ្លែងការណ៍​។

​ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​រូបនេះ បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ពួកយើង ពិតជា​ភ្ញាក់ផ្អើល និង​សោកស្តាយ​មែនទែន ដែល​មានរឿង​កើតឡើង​បែបនេះ​។ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ បាន​ដំណើរការ​នៅ​កម្ពុជា អស់​រយៈពេល​២៥​ឆ្នាំ​មកហើយ ដោយបាន​ធ្វើ​ការងារ​ជាមួយ​គណបក្សនយោបាយ​ជាច្រើន រួមទាំង​គណបក្សកាន់អំណាច ផងដែរ​។ ពួកយើង មាន​តម្លាភាព​ក្នុងការ​បំពេញការងារ ហើយ​តែងតែមាន​ឆន្ទៈ ក្នុង​ការគោរព​ច្បាប់​។ ដូច្នេះ ពួកយើង​សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា នឹង​ពិចារណា​ឡើងវិញ ចំពោះ​ការសម្រេចចិត្ត​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​»​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍នះ ក្រៅពី​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិចារណា​ឡើងវិញ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ក៏បាន​បកស្រាយ​ពី​ភាពស្របច្បាប់​របស់ខ្លួនផងដែរ​។ សេចក្តីថ្លែងការណ៍ បាន​បញ្ជាក់ថា វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ បាន​បំពេញ​កាតព្វកិច្ច​ផ្នែក​ច្បាប់​រួចហើយ សម្រាប់​ការសុំ​ចុះបញ្ជី​នៅ​ក្រសួងការបរទេស​កម្ពុ​ជា​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា បាន​ទទួលយក​សំណើសុំ​ចុះបញ្ជី​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២0១៦​។ ប៉ុន្តែ ក្រសួងការបរទេស​ក​ម្ពុ​ជា នៅ​មិនទាន់​ឆ្លើយតប​នោះទេ ចំពោះ​សំណើសុំ​ចុះបញ្ជី​នេះ​។ មាត្រា ១៤ នៃ​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល របស់​ប្រទេស​កម្ពុជា តម្រូវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស សម្រេចចិត្ត​លើ​សំណើសុំ​ចុះបញ្ជី ក្នុង​រយៈពេល ៤៥ ថ្ងៃ (​ថ្ងៃ​ធ្វើការ​) ។ ទាំងអស់នេះ គឺជា​ការលើកឡើង​រប​ស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ នៅក្នុង​សេចក្តីថ្លែងការណ៍ ដើម្បី​បង្ហាញថា ខ្លួនមិន​បានធ្វើ​សកម្មភាព ​និង​ដំណើរ​ដោយ​ខុសច្បាប់ ដូច​ការអះអាង​របស់​ក្រសួងការបរទេស​កម្ពុ​ជានោះទេ​។

​លើសពីនេះ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ក៏បាន​រៀបរាប់​ជាច្រើន​ពី​គុណសម្បត្តិ​របស់ខ្លួន ថែមទៀត​។ សេចក្តីថ្លែងការណ៍ បាន​ឲ្យ​ដឹងថា ដោយមាន​ការធានា​ពីរ​ដ្ឋ​ធម្មនុញ្ញ​កម្ពុជា វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ បានធ្វើការ​ជាមួយ​គណបក្ស ក្រុម​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ដើម្បី​គាំទ្រ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ និង​ការចូលរួម​ក្នុង​វិស័យ​នយោបាយ​។ សេចក្តីថ្លែងការណ៍ បន្តថា វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ថែមទាំង​បានធ្វើ​កិច្ចការ​ជាច្រើន​ ជាមួយ​គណៈ​ក​ម្មា​ធិ​ជាតិ​រៀបចំ​ការបោះឆ្នោត​។  «​ការ​ប្រឹង​ប្រឹង​របស់​វិទ្យា​ស្ថា​ជាតិ​ប្រជា​ធិ​តេ​យ្យ គឺ​ដើម្បី​ពង្រឹង​ដំណើរការ​ប្រជាធិបតេយ្យ និង​ស្ថាប័ន​នានា​»​។ នេះ​ជា​គុណសម្បត្តិ​ចម្បង​មួយ ដែល​ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​។​

​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ដើម្បី​ឆ្លើយតប​នឹង​សេចក្តីថ្លែងការណ៍​របស់ NDI បានទេ ព្រោះ​លោក​មិន​លើក​ទូរ​សព្ទ​។ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា អ្វីដែល​កម្ពុជា បានសម្រេច​រួចហើយ ត្រូវតែ​អនុវត្ត ពោលគឺ NDI ត្រូវ​ចេញពី​កម្ពុជា​។​«​វា​មិនមែនជា​ការពិចារណា​ទេ តែ​វា​ជាការ​អនុវត្ត​ច្បាប់​។ រដ្ឋាភិបាល បានសម្រេច​រួចហើយ (​សម្រេច​បណ្តេញចេញ​)​។ ដូច្នេះ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ត្រូវតែ​អនុវត្ត​។ គាត់ត្រូវតែ​ចេញ (​ពី​កម្ពុជា​)»​។ លោក ស៊ី​ផាន បញ្ជាក់​ដូច្នេះ ក៏​បន្ត​យ៉ាងនេះ​ទៀតថា​៖«​តែ NDI នៅតែ​អាច​ស្នើសុំ​ដំណើរ​នៅ​កម្ពុជា​លើ​កក្រោយ​ម្តងទៀត​(​ក្រោយ​ចាកចេញ​) បើ​គាត់​(NDI) ចង់។ ប៉ុន្តែ​ត្រង់​ថា យល់ព្រម ​ឬ​មិន​យល់ព្រម គឺ​​​លើ​រដ្ឋាភិបាល​កម្ពុជា ជា​អ្នកសម្រេច​»​។​

​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ បានដាក់​ការិយាល័យ​របស់ខ្លួន​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២​មក​។ បច្ចុប្បន្ន វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ មាន​ការិយាល័យ​នៅតាម​បណ្តា​ប្រទេស​ជាង​៦០លើ​ពិភពលោក​។

​កាលពី​នៅ​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១៧ ក្រសួងការបរទេស​ក​ម្ពុ​ជា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការបញ្ឈប់​សកម្មភាពរ​បស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​។ ការធ្វើ​ខុស​នឹង​ច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​ស្តី​ពីសារពើពន្ធ គឺជា​ហេតុផល ដែល​រដ្ឋាភិបាល​កម្ពុជា សម្រេច​បិទ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ

​ជាមួយគ្នានេះ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស រដ្ឋាភិបាល​កម្ពុជា ក៏បាន​ព្រមាន​បិទ​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្សេងទៀត​ដែរ ប្រសិនបើ​ធ្វើ​ខុសច្បាប់​។ សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ពេល​សេចក្តីសម្រេច​នេះ កំពុង​អនុវត្ត​លើ​អង្គការ NDI អាជ្ញាធរ ក៏បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ដែរ ដើម្បី​ចាត់វិធានការ​បែបនេះ ចំពោះ​សមាគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ណា ដែល​មិន​គោរព​ច្បាប់​នៅ​កម្ពុជា​»៕


Tag:
 NDI
  ផៃ ស៊ី​ផាន​
  Kenneth Wollack
© រក្សាសិទ្ធិដោយ thmeythmey.com