អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អស់ពី​លោកស្រី យី​ង​ឡាក់ វត្តមាន​ត្រកូល​ស៊ីណា​វ៉ា​ត់​ក្នុង​ឆាកនយោបាយ​ថៃ អាច​នឹង​លែងមាន​?
18, Sep 2017 , 7:39 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: ថ្មីៗ
​អវត្តមាន​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ នៅក្នុង​ថ្ងៃ​ប្រកាស​សាលដីកា​សំណុំរឿង​ការធ្វេសប្រហែស​ក្នុងការ​ដឹកនាំ​ប្រទេស កំពុងតែ​ចោទ​ជា​សំណួរ ថា​តើ​លោកស្រី កំពុងតែ​ដើរ​តាម​គន្លង របស់​បងប្រុស​លោកស្រី​ឬ​យ៉ាងណា​? ក្រោយ​មិនបាន​បំពេញ​កាតព្វកិច្ច​បង្ហាញ​មុខ​នៅ​សវនាការ លោកស្រី យី​ង​ឡាក់ ត្រូវបាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន ខណៈ​ប្រភពព័ត៌មាន​ខ្លះ ផ្សាយ​ថា លោកស្រី បានគេច​ទៅ​បរទេស​។ បើ​ដូច្នេះ​មែន​ត្រកូល​ស៊ីណា​វ៉ា​ត់ ប្រហែលជា​លែងមាន​ក្នុង​ឆាកនយោបាយ​ថៃ​ទៀតហើយ​។​



តុលាការ​កំពូល​ថៃ នៅ​ថ្ងៃទី​២៥ សីហា បានចេញ​វិធានការ​ផ្នែក​ច្បាប់​មួយ ដោយ​ចេញ​ដីកាចាប់ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោកស្រី យី​ង​ឡាក់ ក្រោយ​អវត្តមាន​លោកស្រី នៅ​សវនាការ ដែល​មេធាវី លោកស្រី អះអាង​ទាំង​គ្មាន​លិខិតបញ្ជាក់​សុខភាព​ថា លោកស្រី មាន​ជម្ងឺ មិនអាច​ចូលរួមបាន​។ ក្រោយ​នៃ​ការចេញ​ដីកា​នេះ រដ្ឋាភិបាល​របប​សឹក ក៏​មិនបាន​ទុក​ឲ្យ​នៅ​យូរ​ដែរ ពោលគឺ លោកនាយក​រដ្ឋមន្ត្រី​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏បាន​ចេញ​បញ្ជា​ម៉ឺងម៉ាត់ ឲ្យ​មន្ត្រីក្រោមឱវាទ​តាមរក​លោកស្រី​យី​ង​ឡាក់​ដើម្បី​ទទួលខុសត្រូវ​ផ្នែក​ច្បាប់ ។​

​អ្វី​គួរកត់សម្គាល់​នោះ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​អាមេរិក CNN ប្រភព​ស្និទ្ធ​នឹង​លោកស្រី យី​ង​ឡាក់ បាន​ឲ្យ​ដឹងថា អតីត​នាយករដ្ឋមន្ត្រី​ស្ត្រី​ថៃ​ដំបូង​រូបនេះ បានគេច​ខ្លួន​ទៅ​ក្រៅប្រទេស​ដោយ​សុវត្ថិភាព​ហើយ ។ ហើយ​ទីកន្លែង​ដែល​លោកស្រី ទៅនោះ គឺ ឌុយ​ប៉ៃ ដែលជា​កន្លែង​បងប្រុស​បង្កើត​លោកស្រី រស់នៅ ។

​យ៉ាងណាក៏ដោយ បើ​យើង​ក្រឡេក​ទៅ​មើល​បទបញ្ជា​របស់រប​ប​សឹក​ថៃ លោកស្រី យី​ង​ឡាក់ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស​បានឡើយ ខណៈពេលដែល​លោកស្រី កំពុង​រង​ការចោទប្រកាន់ និង​ស្ថិតនៅក្នុង​នីតិវិធី​ដែល​ត្រូវ​ដោះស្រាយ​ជាមួយនឹង​តុលាការ​។ បើ​លោកស្រី ពិតជា​ទៅដល់ ឌុយ​ប៉ៃ​មែន នោះ​មានតែ​របប​សឹក​បើកដៃ​ឲ្យ​ចេញ ហើយ​លោកស្រី​ដំណើរ​តាមរយៈ​មធ្យោបាយ​ប្រទេសជិតខាង​វិញ​។

​សូម​ជម្រាប​ផងដែរ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​ត្រា ត្រូវបាន​ទម្លាក់​ពី​តំណែង​ដោយ​ចលនា​រដ្ឋប្រហារ​យោធា​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៤ ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទ អូ​ចា ដែលជា​នាយករដ្ឋមន្ត្រី​ថៃ​បច្ចុប្បន្ន​។ ក្រោយ​អស់អំណាច លោកស្រី ត្រូវបាន​សភា​ថៃ ផ្អាក​ពី​កិច្ចការ​នយោបាយ និង​កំំ​ពុង​រង​ការចោទប្រកាន់​ទាំង​បទ​ព្រហ្មទណ្ឌ និង​រដ្ឋប្បវេណី​ពាក់ព័ន្ធ​ការធ្វើ​ឲ្យ​បាត់បង់​ថវិកាជាតិ​រាប់លាន​ដុល្លារ​ក្នុងពេល​លោកស្រី​ដឹកនាំ​ប្រទេស​ផងដែរ​។​

​មិន​ខុសពី​លោកស្រី អតីត​នាយក​ដ្ឋ​មន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ដែលជា​បងប្រុស​របស់​លោកស្រី ក៏​ត្រូវបាន​អស់តំណែង​ដោយសារតែ​រដ្ឋប្រហារ​យោធា​ផងដែរ​។ លោក​ថាក់ស៊ីន ត្រូវបាន​ទម្លាក់​ពី​អំណាច ក្រោម​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍  Sonthi Boonyaratglin នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០០៦ ខណៈពេលដែល​លោក កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ក្រៅប្រទេស​។

​មកទល់ពេលនេះ មេដឹកនាំ​ត្រកូល​ស៊ីណា​វ៉ា​ត់​រូបនេះ កំពុងតែ​រស់នៅ​និរទេស​ក្រៅប្រទេស​នៅឡើយ​នោះទេ ដ្បិត លោក ក៏ត្រូវ​តុលាការ​កាត់ទោស​ពន្ធនាគា​រ ក្រោម​បទ​ពុករលួយ​ផងដែរ​។ បើ​លោកស្រី យី​ង​ឡាក់ ពិតជា​បានគេច​ខ្លួន​ហើយ​មែន នោះ​វាសនា​អ្នកនយោបាយ​ត្រកូល​ស៊ីណា​វ៉ា​ត់ ក្នុង​នយោបាយ​ថៃ​អាច​នឹងត្រូវ​បញ្ចប់​ត្រឹមនេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com