ជាតិ
នយោបាយជាតិ
រចនាសម្ព័ន្ធដឹកនាំថ្មីរបស់បក្សមូលដ្ឋាន ដែលកើតចេញពីសមាជលើកទី១ (ពីឆ្វេងដៃទៅស្តាំដៃ) លោក យ៉េង វីរៈ ប្រធានគណបក្សនិងជាប្រធានគណៈកម្មាធិការប្រតិបត្តិ លោកស្រី ប្រុក វ៉ាន្នី ប្រធានគណៈកម្មាធិការវិន័យ និងលោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក។ អ្នកទាំងបី បានឡើងបង្ហាញខ្លួន ក្នុងអង្គសមាជលើកទី១របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលរៀបចំនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២0១៧។ រូបភាពពីគណនីហ្វេសប៊ុកឈ្មោះ Por Setha
× ភ្នំពេញ៖ របៀបវារៈសំខាន់ៗចំនួនបី ត្រូវបានអនុម័តនៅក្នុងសមាជលើកទី១ របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលរៀបចំឡើង នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២0១៧នេះ។ របៀប វារៈទាំងបីនោះ គឺការជ្រើសតាំងប្រធានគណបក្ស ការអនុម័តលើលក្ខន្តិកៈ រួមទាំងការរៀបចំរចនាសម្ព័ន្ធដឹកនាំផ្សេងទៀត ដូចជាគណៈកម្មាធិការនាយក គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មាធិការវិន័យ។
លោក យ៉េង វីរៈ ដែលកំពុងកាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានបន្តឈរឈ្មោះធ្វើជាបេក្ខជនប្រធានម្តងទៀត។ ហើយ មានតែលោក យ៉េង វីរៈម្នាក់ប៉ុណ្ណោះ ដែលឈរឈ្មោះធ្វើជាបេក្ខជនប្រធានគណបក្សនេះ។ ជាលទ្ធផល លោក បានជាប់ឆ្នោតធ្វើជាប្រធានគណបក្សសាជាថ្មី ដោយទទួលបានសន្លឹកឆ្នោតគាំទ្រចំនួន១១៧ ក្នុងចំណោមសន្លឹកឆ្នោតសរុបចំនួន១២៥។
លោក យ៉េង វីរៈ ដែលជាអ្នកជំនាញផ្នែកច្បាប់ មិនត្រឹមតែជាប់ឆ្នោតធ្វើជាប្រធានគណបក្សនោះទេ តែលោក ក៏បានជាប់ឆ្នោតធ្វើជាប្រធានគណៈកម្មាធិការប្រតិបត្តិផងដែរ។
ចំណែក លោក យ៉ង សាំងកុមារ បណ្ឌិតផ្នែកកសិកម្ម ហើយពីមុនជាមន្ត្រីពង្រឹងសមត្ថភាពយុវជននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានជាប់ឆ្នោតជាប្រធានគណៈកម្មាធិការនាយក។ រីឯ លោកស្រី ប្រុក វ៉ាន្នី ជាអតីតមន្ត្រីអង្គការសង្គមស៊ីវិល បានជាប់ឆ្នោតជាប្រធានគណៈកម្មាធិការដោះស្រាយវិវាទនិងវិន័យ។
តំណាងជាង១00នាក់ ដែលមកពីបណ្តារាជធានី-ខេត្តនានា បានចូលរួមនៅក្នុងសមាជរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ត្រូវបានបង្កើតឡើងតាំងពី ឆ្នាំ២0១៥មក៕
© រក្សាសិទ្ធិដោយ thmeythmey.com